ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​អ្នក​កំពុងតែ​ក្អក​ខ្លាំង​មែន​ទេ​? តើ​ចង់​ឲ្យ​វា​បាត់​លឿន​ដែរ​ទេ​?
11, Feb 2018 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រដូវ​ជំងឺ​ផ្តាសាយ​អាចធ្វើ​ឲ្យ​មនុស្ស​ស្ទើរតែ​គ្រប់គ្នា​មាន​អាកា​រៈ​ក្អក​ដែល​អាចធ្វើ​ឲ្យ​ឈឺចាប់​ដល់​ក្នុង​សាច់ដុំ​នៅ​ទ្រូង​ថែមទៀត​។ ប៉ុន្តែ​ជំងឺ​ផ្តាសាយ​មិន​បង្កបញ្ហា​តែ​ក្អក​មួយ​មុខ​ឡើយ​។ សម្រាប់​ជំងឺ​អា​ឡែ​ហ្ស៊ី ជំងឺហឺត ការ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ ខ្យល់អាកាស​ស្ងួត​ពេក និង​ការជក់បារី​គឺជា​មូល​ហេតុដែល​កើតមាន​ជា​ញឹកញាប់​នៃ​ការ​ក្អក​ដែរ​។ ទោះបីជា​ថ្នាំ​មួយចំនួន​ដូចជា ថ្នាំ​បញ្ចុះ​សម្ពាថ​ឈាម និង​អា​ឡែ​ហ្ស៊ី​ក៏​អាច​បង្ក​ជាការ​ក្អក​រ៉ាំរ៉ៃ​បានដែរ​។ ភាគច្រើន យើង​អាច​គ្រប់គ្រង​ការ​ក្អក​បាន​តាមរយៈ​ការប្រើ​ថ្នាំ​ដោយ​មិនបាច់​មាន​វេជ្ជបញ្ជា​នៅផ្ទះ លុបបំបាត់​សារធាតុ​បង្ក​អា​ឡែ​ហ្ស៊ី ឬ​ងូតទឹក​ក្តៅ​ជាដើម​។

 
​ខាងក្រោម​នេះ​គឺជា​វិធី​មួយចំនួន​ដែល​អ្នក​អាច​គ្រប់គ្រង​ការ​ក្អក​នៅផ្ទះ​ដោយ​ខ្លួនឯងបាន​៖
 
​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាងលើ​ដូចជា ជំងឺ​ផ្តាសាយ ឬ​ផ្តាសាយធំ​អាចធ្វើ​ឲ្យ​មាន​ការហូរ​ទឹកសម្បោរ​នៅ​បំពង់ករ​បាន​។ រឿងនេះ​នឹងធ្វើ​ឲ្យ​មានការ​រលាក​ដល់​បំពង់ករ និង​បង្ក​ជាការ​ក្អក​ដែរ​។ ដូច្នេះ​ការ​ញ៉ាំ​ទឹក​ច្រើន​នឹង​ជួយ​ពង្រា​វ​ស្លេស្ម​ដែល​ហូរ​នោះបាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹង​ជួយផ្តល់​សំណើម​ដល់​ស្បែក​ដែលមាន​ភាព​រំអិល​ថែមទៀត​។ រឿងនេះ​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​រដូវរងា ជាពិសេស​ពេល​ក្នុងផ្ទះ​មាន​ភាព​ស្ងួត​តែម្តង​។ 
 
​សាកល្បង​ប្រើ​ថ្នាំ​បំបាត់​ក្អក និង​ភេសជ្ជៈ​ក្តៅៗ​
​ចូរ​សាកល្បង​ប្រើ​ទឹក​បន្តក់​ក្អក​ជាតិ​ម៉​ង់​តុល ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​ស្ពឹក​ដល់​បំពង់ករ និង​បន្ថយ​ការ​ក្អក​បាន​។ ការ​ញ៉ាំ​ទឹកតែ​ក្តៅ​ឧណ្ហៗ​លាយ​ជាមួយ​ទឹកឃ្មុំ​ក៏​អាច​សម្រួល​ដល់​ការឈឺ​បំពង់ករ​បានដែ​រ​។ 
 
​ងូតទឹក​ក្តៅ និង​ប្រើ​ឧបករណ៍​ផ្តល់​សំណើម​
​ការ​ងូតទឹក​ក្តៅ​អាចជួយ​បំបាត់​ការ​ក្អក​តាមរយៈ​ការ​ពង្រា​វ​ការបញ្ចេញ​សម្បោរ​នៅក្នុង​ច្រមុះ​បាន​។ ការ​ឆ្ពង់​អាចជួយ​បំបាត់​ការ​ក្អក​ទាំង​ដោយសារ​ជំងឺ​ផ្តាសាយ​ផង និង​អា​ឡែ​ហ្ស៊ី​ផង​។ ឧបករណ៍​ផ្តល់​សំណើម​ក៏​ប្រហែល​ជាមាន​ប្រយោជន៍​ដែរ ព្រោះ​កាលណា​ក្នុងផ្ទះ​មាន​ភាព​ស្ងួត​ពេក ការបញ្ចេញ​ទឹករំអិល​ពី​ក្នុង​ច្រមុះ​អាច​នឹងត្រូវ​ស្ងួត និង​បង្ក​ភាពមិន​មាន​ផាសុកភាព​ដល់​រាងកាយ​ឡើយ​។ ការប្រើ​ឧបករណ៍​ផ្តល់​សំណើម​ក្នុងផ្ទះ​នឹង​ជួយ​បំបាត់​ការ​ក្អក តែ​កុំ​ប្រើ​ច្រើនពេក​អី​។ 
 
​លុបបំបាត់​សារធាតុ​បង្ក​រលាក​ពី​ក្នុង​បរិយាកាស​
​ទឹកអប់ និង​ស្ព្រា​យ​បាញ់​បន្ទប់ទឹក​ប្រហែលជា​ហាក់បីដូចជា​របស់​ផ្តើម​ការ​ក្អក​នេះហើយ​ប៉ុន្តែ អ្នកខ្លះ​វិញ​អាច​នឹង​មានការ​រលាក​ក្នុង​ប្រហោង​ឆ្អឹង​នៅមុខ​រ៉ាំរ៉ៃ បង្ក​ជាការ​ហូរ​ទឹករំអិល​ចេញ​ក្រៅ​បន្ថែម និង​ទៅជា​ក្អក​រ៉ាំរ៉ៃ​ថែមទៀត​។ ដូច្នេះ យក​ល្អ​គួរតែ​គ្រប់គ្រង​ផលិតផល​ទាំងអស់នេះ​ឲ្យ​បានល្អ​ផង​ទៅ​។ 
 
​សារធាតុ​បង្ក​ការ​រលាក​ខ្លាំង​បំផុត​ក្នុង​បរិយាកាស​គឺ​ផ្សែង​តែម្តង​។ មនុស្ស​គ្រប់គ្នា​ដែល​នៅ​ជុំវិញ​អ្នក​ជក់បារី​ប្រហែលជា​មានការ​រលាក​ក្នុង​ផ្លូវដង្ហើម​មួយចំនួន​ហើយ​។ ដូច្នេះ​សម្រាប់​មធ្យោបាយ​គឺ​ឈប់​ជក់បារី​។ 
 
​លេបថ្នាំ​ព្យាបាល​ការ​ក្អក​
​នៅពេលដែល​ការ​ងូតទឹក​ក្តៅ ញ៉ាំ​តែ​ក្តៅ និង​ដំណក់ទឹក​បំបាត់​ក្អក​មិនមាន​ប្រសិទ្ធភាព អ្នក​អាច​ជ្រើសរើស​ថ្នាំ​បំបាត់​ការ​ក្អក​ដោយ​មិនបាច់​មាន​វេជ្ជបញ្ជា​បាន​។ 
 
​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​អាច​បន្ធូរ​ដល់​ការ​តឹង​ច្រមុះ​បាន​តាមរយៈ​ធ្វើ​ឲ្យ​ជាលិកា​ច្រមុះ​ដែល​កំពុងតែ​ហើម​ស្វិត​ទៅវិញ និង​បន្ថយ​ការផលិត​សំបោរ​។ វា​អាចធ្វើ​ឲ្យ​សំបោរ​ក្នុង​សួត​ស្ងួត និង​បើកផ្លូវ​ដង្ហើម​កាន់តែ​ស្រួល​។ ថ្នាំ​នេះ​មាន​ជា​គ្រាប់ ទឹក និង​ស្ព្រា​យ​បាញ់​ច្រមុះ ដែលមាន​ឈ្មោះ​ផ្សេងៗ​ពីគ្នា​។ យ៉ាងណាមិញ ចូរ​ពិនិត្យមើល​ឈ្មោះ Phenylephrine ឬ Pseudoephedrine ដែលជា​សារធាតុ​ផ្សំ​សកម្ម​ក្នុង​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​ដែល​លេប​តាម​មាត់ និង​ប្រុងប្រយ័ត្ន​ផងដែរ​។ ថ្នាំ​ទាំងនេះ​អាចធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម ដូច្នេះ​អ្នកជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង ឬ​បញ្ហា​ជំងឺ​ផ្សេងៗ​ទៀត​ត្រូវតែ​ប្រើប្រាស់​ដោយ​ប្រុងប្រយ័ត្ន​។ ជាមួយគ្នានេះដែរ ការដែល​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​ច្រើនពេក​អាច​នាំ​ឲ្យ​មាន​ភាព​ស្ងួត​ខ្លាំង និង​បង្ក​ជាការ​ក្អក​ស្ងួត​ថែម​ទៀតផង​។ សម្រាប់​ស្ព្រា​យ​បាញ់​ច្រមុះ​វិញ បើសិនជា​ប្រើប្រាស់​ច្រើនជាង ៣ ទៅ​៤​ដង​ក្នុង​មួយថ្ងៃ វា​អាចធ្វើ​ឲ្យ​មានការ​តឹង​ច្រមុះ​វិញ​បាន​។ យក​ល្អ​គួរតែ​ប្រើ​រយៈពេល ២ ទៅ​៣​ដង​ក្នុង​មួយថ្ងៃ​ហើយ​ឈប់​ប្រើ​តែម្តងទៅ​។ 
 
​ថ្នាំ​បំបាត់​ការ​ក្អក​គួរតែ​អាច​ប្រើ​បាន បើសិន​ជាការ​ក្អក​របស់​អ្នកមាន​លក្ខណៈ​ខ្លាំងក្លា​រហូតដល់​ឈឺទ្រូង និង​មិនអាច​គេង​នៅពេល​យប់​បាន​។ នៅពេល​មនុស្សម្នា​ក់មាន​ការ​ក្អក​ខ្លាំង​ដែលមាន​ស្លេស្មខាប់​នោះ ការប្រើ​ថ្នាំ​បំបាត់​ស្លេស្ម​គឺជា​រឿង​ល្អ​មួយ​៕
 
ផ្ដល់សិទ្ធដោយ៖www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com