ជាតិ
ពងអណ្តើក​ហ្លួង​ដែល​ជិត​ផុត​ពូជ ត្រូវបាន​រកឃើញ​នៅ​ខេត្តកោះកុង​
19, Feb 2018 , 9:39 pm        
រូបភាព
ដោយ:
​ក្រុម​អភិរក្ស​សត្វព្រៃ បាន​រកឃើញ​ពងអណ្តើក​ហ្លួង​ចំនួន​១៦​គ្រាប់ នៅ​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ខេត្តកោះកុង​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS)​។



​លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេស​គម្រោង​អភិរក្ស​ប្រចាំ​ខេត្តកោះកុង​នៃ​អង្គការ​WCS បាន​និយាយថា ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក និង​ការនេសាទ​ខុសច្បាប់ កំពុងតែ​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ការរស់នៅ​របស់​សត្វ​អណ្តើក​ហ្លួង​។

​លោក ស៊ីថា បាន​បន្ថែមថា​៖ «​ទោះបី​ទទួលបាន​ជោគជ័យ​ក្រោយពេល​រកឃើញ​ពួកវា​ម្តងទៀត​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អណ្តើក​ហ្លួង​ក៏​នៅតែ​ប្រឈម​នឹង​ការ​ផុត​ពូជ  សំបុក​ពង​កូន​របស់​វា​រកឃើញ​ជា​រៀងរាល់ឆ្នាំ មាន​ចំនួន​តិចតួច​ណាស់ ដោយ​សំបុក​ពងអណ្តើក​ហ្លួង​តែ​០៣​ប៉ុណ្ណោះ​»​។

​លោក ស៊ីថា អំពាវនាវ​ឲ្យ​ប្រជាជន ចូលរួម​អភិរក្ស​អណ្តើក​ហ្លួង​នេះ ដែលជា​សត្វ​ល្មូ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា តាមរយៈ​ការបញ្ឈប់​ការទិញ ឬ​បរិភោគ​សាច់ និង​ពង​សត្វ​អណ្តើក​ហ្លួង​ជាដើម​។​



​ពងអណ្ដើក​ហ្លួង​ចំនួន​១៦​គ្រាប់​នេះ ត្រូវបាន​រកឃើញ​ជា​លើកទីមួយ​ហើយ នៅក្នុង​ឆ្នាំ​២០១៨​។ លោក អ៊ិន ហ៊ុល មន្ត្រីរដ្ឋបាល​ជលផល បាន​និយាយថា​៖«​ចាប់ពីពេលនេះ រហូតដល់​ខែមីនា គឺជា​រដូវ​ការពង​កូន​របស់​សត្វ​អណ្តើក​ហ្លួង​»​។​

​អណ្ដើក​ហ្លួង ត្រូវបាន​ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ដែលជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត ក្នុងចំណោម​អណ្តើក​ទាំង​២៥​ប្រភេទ ដែល​កំពុង​រងគ្រោះថ្នាក់​ខ្លាំងជាងគេ​បំផុត​នៅលើ​ពិភពលោក​៕



Tag:
 អណ្តើក​ហ្លួង​
  កោះកុង​
  WCS
  សោម ស៊ីថា​
  អ៊ិន ហ៊ុល
© រក្សាសិទ្ធិដោយ thmeythmey.com