ជាតិ
លោក ដួង ឈី​វ អ្នកជំនួញ​ដ៏​ល្បីឈ្មោះ ទទួលមរណភាព​ក្នុង​អាយុ​៧៧​ឆ្នាំ​
22, Feb 2018 , 11:28 am        
រូបភាព
លោក ដួង ឈីវ
លោក ដួង ឈីវ
ដោយ: ថ្មីៗ
​លោក ដួង ឈី​វ អតីត​ប្រធាន​សមាគម​ខ្មែរ​-​ចិន និង​ជា​អ្នកជំនួញ​ដ៏​ល្បីល្បាញ​ម្នា​ក់នៅ​កម្ពុជា បានទទួល​មរណភាព​ក្នុង​អាយុ​៧៧​ឆ្នាំ កាលពី​វេលា​ម៉ោង​១ និង​២៥​នាទី​យប់​ឈានចូល​ថ្ងៃ​ពុធ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​រោគាពាធ​។



​លោក ដួង ឈី​វ ស្ថាបនិក​ក្រុមហ៊ុន ឈី​វ​ទិ​ម៉ិច គ្រុប (Chhivtimex Group) ដែល​វិនិយោគ​លើ​វិស័យ​ជាច្រើន ដូចជា ការនាំចេញ​-​នាំចូល ការអភិវឌ្ឍន៍​វិនិយោគ​អចលនទ្រព្យ កសិកម្ម សំណង់ ទេសចរណ៍ ធានារ៉ាប់រង និង​ដឹកជញ្ជូន​ជាដើម​។

​កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០០៦ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដួង ឈី​វ​ភ្នំ​ដិ​ន (Duong Chhiv Phnom Den SEZ) ដែល​ស្ថិតនៅ​ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ​។  សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ក្រុមហ៊ុន ដួង ឈី​វ សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​ភ្នំ​ដិ​ន ខូ​អិ​ល​ធី​ឌី ទទួលបាន​សិទ្ធិ​យ៉ាង​ពេញ​ក្នុង​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី លើ​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ ។​

​កើត​នៅ​ខេត្តកំពង់ចាម លោក ដួង ឈី​វ ជា​កូន​ទី​ពីរ​ក្នុងចំណោម​បងប្អូន​៣​នាក់​។ លោក​បាន​ឆ្លងកាត់​ការសិក្សា​នៅ​ប្រទេស​ចិន​ដែល​ស្រុកកំណើត​របស់​ឪពុក រួមទាំង​បាន​បន្ត​ការសិក្សា​នៅ​ហុងកុង​២​ឆ្នាំ មុន​ត្រឡប់​មកកាន់​កម្ពុជា​។​

​ក្នុងនាម​ជា​កូនចៅ​ចិន លោក ដួង ឈី​វ រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ពង្រឹង​សហគមន៍​ចិន​នៅ​កម្ពុជា​។ យោងតាម​ប្រវត្តិរូប​របស់លោក ដែល​ផ្សាយ​នៅលើ​គេហទំព័រ​ក្រុមហ៊ុន ឈី​វ​ទិ​ម៉ិច គ្រុប លោក ដួង ឈី​វ ត្រូវបានតែងតាំង​ជា​ប្រធាន​សមាគម​ខ្មែរ​-​ចិន (​ទាជីវ​) ហើយ​នៅ​ឆ្នាំ​១៩៩៤​ដដែល លោក​ត្រូវបាន​សម្តេចព្រះ​វររាជ​បិតា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ផ្តល់​គោរមងារ​ជា​ឧក​ញ្ញ៉ា ។​

​លោក​ធ្លាប់​ធ្វើជា​នាយក​កាសែត​ចិន ជាន​ហ្វា និង​ជា​អតីត​ទីប្រឹក្សា​សម្តេច ជា ស៊ីម ឋានៈ​ស្មើ​រដ្ឋលេខាធិការ ផងដែរ​។ នៅក្នុង​សហគមន៍​ខ្មែរ​-​ចិន តួនាទី​សំខាន់ៗ​ដែល​លោក ដួង ឈី​វ ធ្លាប់​កាន់​កន្លងមក​រួមមាន សមាជិក​អចិន្ត្រៃយ៍​នៃ​សមាគម​ទំនាក់ទំនង​បរទេស​នៅ​ចិន សមាជិក​អចិន្ត្រៃយ៍​នៃ​សមាគម​ចិន​នៅ​ប្រទេស​ចិន ប្រធាន​មូលនិធិ​សម្រាប់​ការអភិវឌ្ឍន៍​វប្បធម៌​ចិន​នៅ​កម្ពុជា អគ្គលេខាធិការរង​នៃ​សមាគម​បងប្អូន​ចិន​នៅ​វៀតណាម កម្ពុជា ឡាវ និង​នៅលើ​ពិភពលោក​។​

​លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកស្រី សាត ណាវី កាលពី​អាយុ​ជាង​២០​ឆ្នាំ មុននឹង​ចាប់ដៃគ្នា​រកស៊ី​បើក​ក្រុមហ៊ុន​វាយ​ណ​ភណ្ឌ នៅពេលដែល​លោក​មាន​អាយុ​២៦​ឆ្នាំ​។ ពួកគាត់​មានកូន​ប្រុស​៤​នាក់ រួមមាន​លោក ដួង ហេង លោក ដួង តិច លោក ដួង ស្រ៊ុន និង​លោក ដួង វិបុល​។​

​ពិធី​បុណ្យសព​របស់​ឧកញ៉ា ដួង ឈី​វ ប្រព្រឹត្ត​នៅ​គេហដ្ឋាន​របស់លោក​ក្រោយ​ព្រះបរមរាជវាំង​រហូត​ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ មុននឹង​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ជិត​ទីលាន​ថ្មដារ​ត្រកូល​យ៉ាង​នៅ​ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ​៕


Tag:
 ដួង ឈី​វ​
  មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com