អន្តរជាតិ
របាយការណ៍​៖ ប្រជាជន​អូស្ត្រាលី​ភាគច្រើន​ចង់​ប្តូរ​ពី​របបរាជានិយម​ទៅ​សាធារណរដ្ឋ​
24, Feb 2018 , 7:59 pm        
រូបភាព
​របាយការណ៍​ស្ទង់​មតិ​ថ្មី​មួយ​បាន​បង្ហាញថា ប្រជាជន​អូស្ត្រាលី​ភាគច្រើន​ចង់ឃើញ​ការផ្លាស់ប្តូ​រប្រព័ន្ធគ្រប់គ្រង​រដ្ឋ​ពី​រាជានិយម​ទៅជា​របប​សាធារណរដ្ឋ​វិញ​។ ដើម្បី​ប្តូរ​របប​គ្រប់គ្រង អូស្ត្រាលី​ត្រូវ​រៀបចំ​ប្រជាមតិ​មួយ​ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ប្រជាមតិ​នេះ​ទំនងជា​មិន​កើតឡើង​ក្នុងពេល​ម្ចាស់​ក្ស​ត្រី​យ៍​អេ​លីហ្សា​បែ​តទី ២ នៅ​កាន់អំណាច​ឡើយ​។​



​ក្រុមហ៊ុន​ស្រាវជ្រាវ​និង​ប្រមូល​ទិន្នន័យ Research Now បានរៀបចំ​ការស្ទង់មតិ​ក្នុងចំណោម​ប្រជាជន អូស្ត្រាលី ១០០០​នាក់​ដើម្បី​ស្វែងយល់​ពី​ការយល់ឃើញ​របស់​ពួកគេ​ចំពោះ​របបរាជានិយម​។​

 យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​គេ​រកឃើញថា ប្រជាជន​អូស្ត្រាលី ៥២ ភាគរយ​គាំទ្រ​ការផ្លាស់ប្តូរ​របប​ពី​រាជានិយម​ទៅជា​សាធារណរដ្ឋ​វិញ ខណៈ ២២ ភាគរយ​ផ្សេងទៀត​ចង់​រក្សា​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ឲ្យ​នៅ​ដដែល​។ ចំណែក ២៥​ភាគរយ​ផ្សេងទៀត​នៅ​ស្ទាក់ស្ទើរ​មិនដឹង​គួរ​ជ្រើស​រើសយក​របបរាជានិយម​ឬ ក៏​របប​ដឹកនាំ​តាមបែប​សាធារណរដ្ឋ​ឡើយ​។​

​ក្នុងចំណោម​អ្នកចូលរួម​ដែលមាន​អាយុ​ចន្លោះ​ពី ១៨ ដល់ ២៤​ឆ្នាំ ប្រជាជន​មួយ​ភាគបី អះអាងថា ការប្រកាស​ភ្ជាប់ពាក្យ​របស់​ព្រះអង្គម្ចាស់ Harry និង ការប្រកាស​ពី​ការ​មាន​ផ្ទៃពោះ​លើក​ទី​បី​របស់​ម្ចាស់​ក្ស​ត្រី​យ៍ Catherine កន្លងមក​នោះ​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​គាំទ្រ​ការប្តូរ​របប​ទៅ​សាធារណរដ្ឋ​វិញ​។​

 ប៉ុន្តែ ៦២ ភាគរយ​ផ្សេងទៀត​បានផ្តល់​យោបល់​ថា ព្រឹត្តិការណ៍​ទាំងនោះ​គ្មាន​ឥទ្ធិពល​លើ​ការយល់ឃើញ និង​ការសម្រេចចិត្ត​របស់​ពួកគេ​ឡើយ​។​
​យ៉ាងណាក៏ដោយ ក្នុងចំណោម​ប្រជាជន​ដែលមាន​វ័យ​ចាប់ពី ៦៥ ឆ្នាំ​ឡើយ​ទៅ ប្រជាជន ៣៦ ភាគរយ​ឯណោះ​ដែល​បង្ហាញ​ការគាំទ្រ​ចំពោះ​របបរាជានិយម និង​ជំទាស់​ការបង្កើត​របប​សាធារណរដ្ឋ​នោះ​។

​ការស្ទង់មតិ​ថ្មី​នេះ​បង្ហាញ​ឲ្យ​ឃើញថា ការគាំទ្រ​របបរាជានិយម​នៅ​អូស្ត្រាលី​ធ្លាក់ចុះ​ជាង​ការស្ទង់មតិ​កាលពី​ខែកក្កដា ដែល​កាលនោះ​ប្រជាជន ៤៤​ភាគរយ​គាំទ្រ​ការបង្កើត​របប​សាធារណៈរដ្ឋ និង ២៩ ភាគរយ​ផ្សេងទៀត​គាំទ្រ​របបរាជានិយម​។

​តាមពិតទៅ ដើម្បី​បង្កើត​របប​សាធារណរដ្ឋ និង​បញ្ចប់​របបរាជា​និយម​នៅ​អូស្ត្រាលី វា​ទាមទារ​ឲ្យ​មាន​ការធ្វើប្រជាមតិ​មួយ​ទូទាំងប្រទេស​ដើម្បី​ឈានទៅ​កែប្រែ​រដ្ឋធម្មនុញ្ញ​ផង​។ កាលពី​ឆ្នាំ ១៩៩៩ គេ​ឃើញ​មានការ​រៀបចំ​ប្រជាមតិ​ម្តង​ដែរ ប៉ុន្តែ​កាលនោះ​ប្រជាជន​ភាគច្រើន​រហូតដល់ ៥៤,៨៧ ឯណោះ​ជ្រើស​រើសយក​របបរាជានិយម​ដែលមាន​ម្ចាស់​ក្ស​ត្រី​យ៍ អេ​លីហ្សា​បែ​តទី ២​ជា​ប្រមុខរដ្ឋ​នោះ​។

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull ដែល​ធ្លាប់​ដឹកនាំ​ប្រជាមតិ​ឆ្នាំ ១៩៩៩ នោះបាន​បញ្ជាក់​ហើយ​ថា វា​នឹង​មិនមាន​ប្រជាមតិ​ថ្មី​មួយ​ទៀតឡើយ​ក្នុងពេលដែល​ម្ចាស់​ក្ស​ត្រី​យ៍ អេ​លីហ្សា​បែ​តទី ២ នៅ​ជា​ប្រមុខរដ្ឋ​នោះ​។  យ៉ាងណាមិញ មេដឹកនាំ​បក្ស​ការងារ​ជា​បក្សប្រឆាំង​លោក Bill Shorten បាន​សន្យាថា បើសិនជា​លោក​ជាប់ឆ្នោត​នៅ​ឆ្នាំក្រោយ​ជា​នាយករដ្ឋមន្ត្រី លោក​នឹង​ចាប់ផ្តើម​ប្រជាមតិ​ថ្មី​មួយទៀត​ភ្លាម​តែម្តង​៕


Tag:
 អេ​លីហ្សា​បែ​តទី​២
  អូស្ត្រាលី​
  Malcolm Turnbull
© រក្សាសិទ្ធិដោយ thmeythmey.com