សុខភាព
អន្តរជាតិ
រដ្ឋមន្ត្រី​៖ ស្រោមអនាម័យ​ពី​ចិន មាន​ទំហំ​តូច​ណាស់​សម្រាប់​បុរស​ស៊ីម​បា​វ៉េ​
28, Feb 2018 , 10:47 am        
រូបភាព
ដោយ: ធីតា
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ស៊ីម​បា​វ៉េ បាន​លើកទឹកចិត្ត​ក្រុមហ៊ុន​ក្នុងស្រុក​បង្កើត​រោងចក្រ​ផលិត​ស្រោមអនាម័យ​ដោយ​ខ្លួនឯង​។ បើ​យោងតាម​ការផ្សាយ​របស់ New Zimbabwe លោក David Parirenyatwa បាន​កត់សម្គាល់ថា ស្រោមអនាម័យ​ដែល​នាំចូល​ពី​ចិន មាន​ទំហំ​តូច​ខ្លាំងណាស់​សម្រាប់​បុរសៗ ស៊ីម​បា​វ៉េ​។​



​ថ្លែង​នាឱកាស​បើក​ដំណើរការ​កម្មវិធី​សម្របសម្រួល​វិស័យ​ឯកជន​ស្តីពី​មេរោគ និង​ជំងឺអេដស៍ នៅក្នុង​ទីក្រុង Harare លោក David Parirenyatwa រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ស៊ីម​បា​វ៉េ បាន​បញ្ជាក់ថា ការប្រើប្រាស់​ស្រោមអនាម័យ គឺជា​មធ្យោបាយ​ពន្យា​កំណើត និង​ទប់ស្កាត់​ការឆ្លង​មេរោគ​អេដស៍​ដ៏​ពេញនិយម​នៅ​ប្រទេស​អាហ្វ្រិក​មួយ​នេះ​។​

​លោក​បាន​គូសបញ្ជាក់ថា ស្រោមអនាម័យ​ភាគច្រើនបំផុត​នៅ​ស៊ីម​បា​វ៉េ ត្រូវបាន​នាំចូល​ពី​ប្រទេស​ចិន ប៉ុន្តែ​បុរស​ដែល​ប្រើប្រាស់ សុទ្ធតែ​បាន​ត្អូញត្អែ​ពី​ទំហំ​ដ៏​តូច​របស់​វា​។ «​អ្នកដឹង​ហើយពី​តំបន់​នេះ គឺ​តំបន់​អាហ្វ្រិក​ភាគខាងត្បូង ដែល​មានការ​ប្រឈម​ខ្ពស់​នឹង​ការឆ្លង​មេរោគ​អេដស៍​។ យើង​បាន​លើកទឹកចិត្ត​ពលរដ្ឋ​ទាំងប្រុស ទាំងស្រី ប្រើប្រាស់​ស្រោមអនាម័យ​»​។​

​លោក​បាន​បន្ថែមថា យុវជន ចង់​ប្រើប្រាស់​ស្រោមអនាម័យ​ដែលមាន​លក្ខណៈពិសេស​ស​ម្រា​ប់​ខ្លួន ប៉ុន្តែ​ដោយសារ​ស៊ីម​បា​វ៉េ គ្មាន​រោងចក្រ​ផ្ទាល់ខ្លួន ពួកគេ​ត្រូវ​ប្រើប្រាស់​ស្រោម​ដែល​នាំចូល​ពី​ចិន និង​មាន​ទំហំ​តូច​។ «​យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ យើង​ចង់​មាន​រោងចក្រ​ផលិត​ស្រោមអនាម័យ​ដោយ​ខ្លួនឯង​។ លោក​រដ្ឋមន្ត្រី​ក្រើនរំលឹក​ដល់​អ្នកវិនិយោគ​ស៊ីម​បា​វ៉េ​។​

​តាម​ការផ្សាយ​របស់ New Zimbabwe ស្រោមអនាម័យ​បុរស​ជាង​១០៩.៤​លាន​ប្រអប់​ត្រូវ​ចែកចាយ​ទូទាំងប្រទេស​កាលពី​ឆ្នាំ​២០១៦ ដោយ​ស៊ីម​បា​វ៉េ ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន​៥ ដែល​បុរស​ម្នាក់​ប្រើប្រាស់​ស្រោមអនាម័យ​យ៉ាងហោចណាស់​៣០​ប្រអប់​ក្នុង​១​ឆ្នាំ​៕

Tag:
 ស្រោមអនាម័យ​
  ស៊ីម​បា​វ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com