អន្តរជាតិ
ប្រមុខ​ការទូត​ហ្វីលីពីន​ប្រាប់ UN ៖ កុំ​យក​សិទ្ធិមនុស្ស​ធ្វើជា​អាវុធ​វាយប្រហារ​ប្រទេស​ផ្សេង​
28, Feb 2018 , 11:31 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសហ្វីលីពីន Alan Peter Cayetano (រូបភាព៖ AFP)
រដ្ឋមន្រ្តីការបរទេសហ្វីលីពីន Alan Peter Cayetano (រូបភាព៖ AFP)
​ប្រមុខ​ការទូត​ហ្វីលីពីន Alan Peter Cayetano នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ បាន​ព្រមាន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ កុំ​យក​សិទ្ធិមនុស្ស​ធ្វើជា​អាវុធ​វាយប្រហារ​ប្រទេស​ផ្សេង​។ ហ្វីលីពីន​រង​ការរិះគន់​ខ្លាំង​ជុំវិញ​ការរំលោភបំពាន​សិទ្ធិមនុស្ស​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ។ ប្រមុខ​ការទូត​ហ្វីលីពីន​បានស្នើ​ឲ្យ​អង្គការសហប្រជាជាតិ​បញ្ជូន​មន្ត្រី​យុត្តិធម៌​ទៅ​ហ្វីលីពីន​ដើម្បី​ស៊ើបអង្កេត​ករណីនេះ​។



​ដោយសារ​បញ្ហា​សិទ្ធិមនុស្ស ហ្វី​លី​ពី​នបាន​រង​ការរិះគន់​កប់ៗ​មាត់​ពី​សំណាក់​ប្រទេស​លោកខាងលិច​ជាច្រើន​។ ការសម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​សង្គ្រាម​បោសសម្អាត​គ្រឿងញៀន ធ្វើ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន និង​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ក្លាយជា​ផ្ទាំង​ស៊ី​ប​នៃ​ការវាយប្រហារ​រហូតដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចាប់ផ្ដើម​ស៊ើបអង្កេត​បឋម​ផង​។ យ៉ាងណា ក្រុង​ម៉ានីល បាន​និយាយ​ការពារ​ខ្លួន​ម្ដង​ជា​ម្ដង និង​បាន​វាយបក​ធ្ងន់ៗ​ដែរ​។​

​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន បាន​ក្លាយជា​ប្រធាន​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្សឺ​ណែវ ដែល​ចាប់ផ្ដើម​ប្រជុំ​នៅ​សប្ដាហ៍​នេះ​។ រដ្ឋមន្ត្រីការបរទេស​អ៊ី​ស្លង់ Gudlaugur Thor Thordarson បាន​ទទូច​ឲ្យ​ក្រុង​ម៉ានីល​ទទួលយក​ទស្សន​កិច្ច​របស់​លោកស្រី Agnes Callamard អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ដើម្បី​ស៊ើបអង្កេត​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​របស់​រដ្ឋបាល​លោក ឌូ​ទើ​តេ ។

​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន Alan Peter Cayetano បាន​ថ្លែង​ការពារ​ចំណាត់ការ​លោក ឌូ​ទើ​តេ និង​បានស្នើ​ឲ្យ​អង្គការសហប្រជាជាតិ​ជ្រើសរើស​អ្នកស៊ើប​អង្កេត​ថ្មី​ក្រៅពី​លោកស្រី Callamard ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Cayetano និយាយថា អ្នករាយការណ៍​សញ្ជាតិ​បារាំង​រូបនេះ​មិន​យុត្តិធម៌ និង​លម្អៀង ដែល​មិនអាច​ធ្វើជា​អ្នកស៊ើប​អង្កេត​ឯករាជ្យ និង​ច្បាស់លាស់​បានឡើយ​។

​ដោយ​រំឭក​សម្ដី​របស់​អគ្គលេខា​ធិ​ការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ដែល​ស្នើ​កុំ​ឲ្យ​យក​បញ្ហា​សិទ្ធិមនុស្ស​ទៅ​ពាក់ព័ន្ធ​នយោបាយ ប្រមុខ​ការទូត​ហ្វីលីពីន​ក៏បាន​លើកឡើងថា កុំ​យក​សិទ្ធិមនុស្ស​ធ្វើជា​អាវុធ​។ លោក Cayetano ទំនងជា​ចង់​សំដៅ​ដល់​ការចោទប្រកាន់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើ​ហ្វីលីពីន​ជុំវិញ​រឿង​សិទ្ធិមនុស្ស​នេះ​។ លោក​បន្តថា សិទ្ធិមនុស្ស ក្លាយជា​កំហុស​មនុស្ស ពេលដែល​មានការ​អះអាង​ថា គ្រឿងញៀន​គ្មាន​គ្រោះថ្នាក់​ទេ​។​

​ក្នុង​របាយការណ៍​រប​ស់​ប៉ូលិស​ហ្វីលីពីន ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿង​ញឿ​ន​ប្រមាណ​បួន​ពាន់​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិការ ព្រោះតែ​ការបាញ់​តដៃ​ជាមួយ​ប៉ូលិស​។ ប៉ុន្តែ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លើកឡើងថា ចំនួន​មនុស្ស​ស្លាប់មាន​ច្រើនជាង​មួយ​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជាប់ទាក់ទង​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​៕


Tag:
 ​ហ្វីលីពីន​
  UN
  Alan Peter Cayetano
© រក្សាសិទ្ធិដោយ thmeythmey.com