កីឡាអន្តរជាតិ
អន្តរជាតិ
Federer ឈ្នះ​ពាន​អត្ត​ព​លិ​ក​ឆ្នើម​ប្រចាំឆ្នាំ ២០១៧ ខណៈ Chapecoense ឈ្នះ​ពាន​កីឡា​ល្អ​បំផុត​
28, Feb 2018 , 1:28 pm        
រូបភាព
​កំពូល​អ្នក​វាយ​កូន​បាល់ Roger Federer បានឈ្នះ​ពានរង្វាន់​អត្ត​ព​លិ​ក​ឆ្នើម Laureus World Sportsman of the Year ប្រចាំឆ្នាំ​២០១៧​។ នេះ​ជាការ​ឈ្នះ​លើក​ទី​៥​ហើយ របស់ Federer ក្រោយ​ផ្តួល​បេក្ខភាព​ល្បីៗ​ផ្សេងទៀត​ដូចជា Cristiano Ronaldo, Lewis Hamilton និង Rafael Nadal ជាដើម​។​


​ម្ចាស់​ជើងឯក Grand Slam ២០​សម័យ​រូបនេះ​បានឈ្នះ​ពាន Australian Open និង Wimbledon ក្នុង​ឆ្នាំ ២០១៧ បន្ទាប់ពី​អាក់ខាន​លើក​ពាន​សំខាន់​រយៈពេល​៧​ឆ្នាំ​មក​។​
​អ្នក​វាយ​កូន​បាល់​សញ្ជាតិ​ស្វី​ស វ័យ​៣៦​ឆ្នាំ​លើកឡើង​ក្នុង​ពិធី​ប្រគល់​រង្វាន់​នៅឯ​ប្រទេស Monaco ថា​៖«​ខ្ញុំ​មិន​ជឿថា​ខ្ញុំ​អាច​ត្រលប់​មកកាន់​កម្រិត​នេះ​វិញ​សោះ​។ នេះ​ជា​ឆ្នាំ​ដែល​ទទួលបាន​លើសពី​ការរំពឹងទុក​»​។​
  
 
Federer បន្ថែមថា​៖«​នេះ​មានន័យថា​ពិភពលោក​គឺជា​របស់ខ្ញុំ​។ ការវិល​ត្រលប់​មករក​ភាពខ្លាំង​វិញ​គឺ​តែងតែ​ជា​អារម្មណ៍​ដ៏​រំជើបរំជួល​បំផុត​មួយ ហើយ​នេះ​ជា​ក្តី​សុបិន​ក្លាយជា​ការពិត​»​។​
 
​ក្រៅពី Federer កីឡាការិនី​វាយ​កូន​បាល់​លេខ​១​ពិភពលោក​នាង Serena Williams ក៏បាន​ឈ្នះ​ពាន​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ World Sportswoman of the Year ក្រោយ​លើក​ពាន Grand Slam ជា​លើក​ទី ២៣ របស់ខ្លួន​នៅ​ឆ្នាំ​២០១៧​។​
  
 
​អតីត​កីឡាករ​បាល់ទាត់ Francesco Totti ដែល​ចូលនិវត្តន៍​ទៅហើយ បានឈ្នះ​ពានរង្វាន់​កីឡាករ​ដែលមាន​ឧត្តមភាព​ប្រចាំឆ្នាំ Laureus Academy Exceptional Achievement award ផងដែរ​។​
 
​ចំណែក​ក្លិប​កីឡាបាល់ទាត់​ប្រេ​ស៊ី​ល Chapecoense ដែល​ជួប​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​កាលពី​ឆ្នាំ​២០១៦ បានឈ្នះ​ពានរង្វាន់​កីឡា​ល្អ​បំផុត​ប្រចាំឆ្នាំ Best Sporting Moment of the Year៕

 

 

Tag:
 វាយ​កូន​បាល់​
  Roger Federer
  Laureus World Sportsman
  Chapecoense
© រក្សាសិទ្ធិដោយ thmeythmey.com