អន្តរជាតិ
ប្រមុខ IMF សរសើរ​លោក ចូ​កូ​វី ដែល​ដឹកនាំ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​ឲ្យ​កាន់តែ​រឹងមាំ និង​លូតលាស់
28, Feb 2018 , 2:48 pm        
រូបភាព
រូ​បភាព៖ Jakarta Globe
រូ​បភាព៖ Jakarta Globe
ដោយ:
​ប្រមុខ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​កោតសរសើរ​ការ​ដឹកនាំ​របស់លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ដែល​បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​កាន់តែ​រីកលូតលាស់ ជាពិសេស​នោះ​លោក​បាន​ជួយ​កែទម្រង់​មជ្ឈដ្ឋាន​វិនិយោគ​របស់​ឥណ្ឌូណេស៊ី​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល​ថែម​ទៀតផង​។



​នាយិការ​គ្រប់គ្រង​រប​ស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ លោកស្រី Christine Lagarde នៅ​ថ្ងៃ​២៦ កុម្ភៈ បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ឥណ្ឌូណេស៊ី ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​របស់​ប្រទេស​បងធំ​អាស៊ាន​មួយ​នេះ និង​ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​របស់​ស្ថាប័ន​នាពេលខាងមុខ​ផង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Jakarta Post ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោកស្រី​នាយិការ បាន​កោតសរសើរ​ជាខ្លាំង​ពី​កម្មវិធី​កែទម្រង់សេដ្ឋកិច្ច និង​ជាពិសេស​នោះ​ការផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​របស់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ពី​សំណាក់​រដ្ឋាភិបាល​លោក​ចូ​កូ វី​ដូ​ដូ ។

« សេដ្ឋកិច្ច​របស់​ឥណ្ឌូណេស៊ី កំពុងតែបន្ត​រីកលូតលាស់​ជាមួយ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ដ៏​ស្ថិរភាព និង​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ ។ ខ្ញុំ​ពិតជា​សរសើរ​លោក​ប្រធានាធិបតី និង​ក្រុមការងារ​របស់លោក​ដែល​បាន​បង្កើត​ភាពជោគជ័យ​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ច និង​ពង្រឹង​ក្របខណ្ឌ​គោលនយោបាយ​យ៉ាងរឹងមាំ​» ។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​លោកស្រី បន្ទាប់ពី​បាន​ទស្សនកិច្ច​ទៅកាន់​តំបន់​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​ជាមួយនឹង​លោក ចូ​កូ​វី​ហើយ​នោះ ។

​ការលើកសរសើរ​ពី​កំណើនសេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​របស់​ប្រមុខ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ទំនងជា​មិនអាច​ឲ្យ​លោក​ប្រធានាធិបតី ជិត​ផុត​អាណត្តិ​ចូ​កូ​វី សប្បាយចិត្ត​ប៉ុន្មាន​ឡើយ ។ នោះ​ក៏​ព្រោះថា កន្លងមក វា​មាន​ស្ថាប័ន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អន្តរជាតិ​ច្រើន ក៏​មើល​សេដ្ឋកិច្ច​របស់​ឥណ្ឌូណេស៊ី​ជាមួយនឹង​រូបភាព​វិជ្ជមាន និង​អភិវឌ្ឍ​យ៉ាង​ដូច្នេះ​ដែរ ។

​ដោយឡែក​សម្រាប់​លោក ចូ​កូ​វី ការរីកលូតលាស់​នេះ មិនទាន់​ចំ​គោលដៅ​ដែល​លោក​ចង់​បានឡើយ ។ ថ្មីៗ​នេះ លោក​ប្រធានាធិបតី ក៏​ទើបតែ​បន្ទោស និង​ដាស់​ដឿ​ន​មន្ត្រីក្រោមឱវាទ ដោយសារ​ការជាប់​ទ្រឹង​នៃ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី ហើយ​លោក​ប្រធានាធិបតី ជឿថា ស្ថានភាព​នេះ​នឹងធ្វើ​ឲ្យ​ទំហំ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី ដើរ​ក្រោយ​បណ្តា​ប្រទេស​មិត្ត​អាស៊ាន​ទៀតផង ។

​មួយវិញទៀត​នោះ តប​នឹង​ការសរសើរ​របស់​ស្ថាប័ន​អន្តរជាតិ​លើ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី លោក ចូ​កូ​វី ក៏​ធ្លាប់​ថែមទាំង​បាន​ប្រៀបធៀប​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន ដូច​ទៅនឹង​មនុស្ស​ដែល​ឈឺ​ធ្ងន់ ក៏ប៉ុន្តែ មិនមាន​រោគសញ្ញា​អ្វី​សោះ​ដូច្នេះ​ដែរ​៕


Tag:
 ឥណ្ឌូណេស៊ី​
  សេដ្ឋកិច្ច​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com