កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​ខ្សែប្រយុទ្ធ Barcelona និង​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ស្លាប់​ក្នុង​អាយុ ៦៨​ឆ្នាំ​
28, Feb 2018 , 4:15 pm        
រូបភាព
​អតីត​ខ្សែប្រយុទ្ធ Barcelona និង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​លោក Enrique Castro ហៅ Quini បានទទួល​មរណភាព​ក្នុង​អាយុ ៦៨​ឆ្នាំ ដោយសារ​ជំងឺ​គាំងបេះដូង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​



Quini ជា​អតីត​ខ្សែប្រយុទ្ធ​ម្នាក់​ក្នុងចំណោម​ខ្សែប្រយុទ្ធ​ដ៏​ល្អ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អេ​ស្ប៉ា​ញ ជាមួយនឹង​កំណត់ត្រា​ស៊ុត​បាល់​បញ្ចូល​ទី ២៣១ នៅក្នុង​លី​កនា​ការ​បង្ហាញខ្លួន ៤៤៣ ប្រកួត​សម្រាប់ Sporting Gijon និង ៥៤​គ្រាប់​សម្រាប់​ការបង្ហាញ​ខ្លួន​១០០​ប្រកួត​ឲ្យ Barcelona​។​

​បើតាម​ព័ត៌មាន​ចុះផ្សាយ​ក្នុងស្រុក Enrique Castro បាន​គាំងបេះដូង​ហើយ​ស្លាប់​ភ្លាមៗ​នៅផ្ទះ​របស់លោក​ផ្ទាល់​នៅឯ​ទីក្រុង Gijon ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​អង្គារ​ទី ២៧ ខែកុម្ភៈ​។​



​លោក Castro ធ្លាប់​ឈ្នះ​ពានរង្វាន់ Pichichi Trophy ជា​ពាន​សម្រាប់​ផ្តល់​ឲ្យ​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​ក្របខណ្ឌ La Liga ចំនួន​៥​ដង ចន្លោះ​ឆ្នាំ ១៩៧៤ និង ១៩៨២ ដែល​ច្រើនជាង Cristiano Ronaldo និង Lionel Messi ទៅទៀត​។ សម្រាប់​ក្រុម​ជម្រើសជាតិ​ឲ្យ​អេ​ស្ប៉ា​ញ លោក​បាន​បង្ហាញខ្លួន ៣៥​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​៨​គ្រាប់ និង​លេង​ក្នុង​ពានរង្វាន់ World Cup ឆ្នាំ ១៩៧៨ និង​១៩៨២​ផង​។​

​នៅក្នុង​ឆ្នាំ​១៩៨១ លោក​ធ្លាប់​ត្រូវបាន​គេ​ចាប់ជំរិត​ម្តង​ដែរ បន្ទាប់ពី​ជ័យជម្នះ ៦-០ ក្នុងការ​ប្រកួត​រវាង Barcelona ទល់នឹង Hercules ដែល​លោក​បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​។​



​កាលនោះ Quini កំពុងធ្វើដំណើរ​ទៅ​ព្រលានយន្តហោះ​ដើម្បី​ជួប​ប្រពន្ធ​និង​កូនៗ របស់លោក​ប៉ុន្តែ​គាត់​មិនបាន​ត្រលប់​មកវិញ​ទេ ហើយ​ត្រូវបាន​គេ​រាយការណ៍​ថា​បាត់​ខ្លួន​នៅ​ថ្ងៃ​បន្ទាប់​នោះ​តែម្តង​។ លោក​ត្រូវបាន​គេ​ឃុំខ្លួន​អស់​រយៈពេល ២៥ ថ្ងៃក្រោយ​ការ​ដោះ​លេង ប៉ុន្តែ​លោក​នៅតែ​បន្ត​រក​គ្រាប់​បាល់​ច្រើនជាងគេ​នៅ La Liga ក្នុង​រដូវ​កាល​នេះ​ដដែល​៕



Tag:
 បាល់ទាត់​
  Barcelona
  Enrique Castro
© រក្សាសិទ្ធិដោយ thmeythmey.com