អន្តរជាតិ
យ៉ាងហោច ៣០នាក់ស្លាប់ក្នុងហេតុការណ៍ឆេះមណ្ឌលកែប្រែនៅអាហ្ស៊ែបៃហ្សង់
02, Mar 2018 , 2:59 pm        
រូបភាព
រូបភាព CGTV
រូបភាព CGTV
ដោយ: ថ្មីៗ
មនុស្សយ៉ាងតិចណាស់៣០នាក់ បានស្លាប់ក្នុងហេតុការណ៍អគ្គីភ័យនៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀននៅក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់នៅថ្ងៃទី២ ខែមីនា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។


ឧបទ្ទវហេតុ​ឆេះមណ្ឌលកែប្រែមួយកន្លែង​នៅក្រុងបាគូ ប្រទេស​អាហ្ស៊ែបៃហ្សង់បានបណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៣០ នាក់ស្លាប់​បាត់បង់ជីវិត។ ករណីឆេះ​នេះ​បាន​កើតឡើងនៅ​ព្រឹ​កថ្ងៃ​សុក្រទី ២ ខែមីនា​នេះ។

ទាក់ទិននឹងករណីឆេះនេះ ទីភ្នាក់​ងារ​ព័ត៌មាន​ AFP ស្រង់​សម្តីការិយាល័យ​អគ្គរដ្ឋអាជ្ញាអាហ្ស៊ែបៃហ្សង់​ថា ​ភ្លើងបាន​ឆាបឆេះ​ទីតាំងនេះ​នៅវេលាម៉ោង​ ៦៖១០ នាទីព្រឹក ហើយមូលហេតុ​បឋមដែលនាំ​ឲ្យឆេះនេះគឺ ទុស្សេខ្សែភ្លើង​។ មកដល់​ឥឡូវនេះ អាជ្ញាធរ​បានរក​ឃើញ​សាកសព​ជនរងគ្រោះ ២៤​ នាក់រួចហើយ។ ចំណែក ទីភ្នាក់ងារ​ព័ត៌មាន អាហ្ស៊ែបៃហ្សង់​ បានផ្សាយ​ថា អ្នកស្លាប់​មានយ៉ាងហោចណាស់​ ៣០​នាក់ឯណោះ។​

ខាងក្រុមសង្គ្រោះ និងក្រុមពន្លត់អគ្គីភ័យកំពុងបន្ត​ភារកិច្ចរបស់ខ្លួនដើម្បី​ពន្លត់ទីតាំងដែលឆេះ និង​ជួយសង្គ្រោះ​មនុស្ស ហើយការស៊ើបអង្កេតមូលហេតុ​ដែលនាំឲ្យ​ឆេះនោះ​កំពុងបន្តទៅមុខដូចគ្នា។ តាមពិតទៅ អតីតរដ្ឋសហភាពសូវៀត​នេះ​ប្រឈមនឹង​ករណី​ឆេះទ្រង់ទ្រាយធំបែប​នេះជាច្រើនដង​មកហើយ។ កាលពីខែ​តុលាឆ្នាំ ១៩៩៥ មនុស្ស ២៨៩ នាក់បានស្លាប់​ដោយសារករណី​ឆេះរថភ្លើង​ក្រោមដីនៅកណ្តាលរដ្ឋធានី​បាគូ ហើយក្នុងខែឧសភា​ឆ្នាំ ២០១៥ វាមានករណីឆេះអាគារមួយកន្លែង​ដែល​បាន​ឆក់យក​ជីវិតមនុស្សអស់ ១៥ នាក់ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com