អន្តរជាតិ
ថៃ​៖ បក្សនយោបាយ​ជិត ៤០ ចុះឈ្មោះ​ត្រៀម​ប្រកួត​ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០១៩
02, Mar 2018 , 9:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​គណបក្សនយោបាយ​ថ្មី​ជិត ៤០ ត្រូវបាន​គេ​ដាក់ពាក្យ​ស្នើសុំ​បង្កើតឡើង​ដោយមាន​ភ្ជាប់​ជាមួយ​ឈ្មោះ​និង​ស្លាក​សញ្ញា​គណបក្ស​ផងដែរ​នៅ​ថ្ងៃ​សុក្រ​ទី ២ ខែមីនា​នេះ​។ ការបើក​ឲ្យ​ចុះបញ្ជី​នេះ​ចាប់​ផ្តើមឡើង​ក្រោយ​របប​សឹក​ប្រកាសថា ការបោះឆ្នោត​នឹងត្រូវ​រៀបចំឡើង​យ៉ាងយូរ​ត្រឹម​ខែកុម្ភៈ​ឆ្នាំ ២០១៩​ខាងមុខ​។


 
​បន្ទាប់ពី​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា សន្យា​ជាថ្មី​នៅ​សប្តាហ៍​នេះ​ថា ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា និង​ត្រួសត្រាយ​ឲ្យ​មានការ​ផ្ទេរអំណាច​នឹង​ត្រូវ​រៀបចំឡើង​មិនយូរ​ជាង​ខែកុម្ភៈ​ឆ្នាំ ២០១៩ គេ​ឃើញ​មានការ​បើកទ្វារ​ឲ្យ​មានការ​ចុះឈ្មោះ​គណបក្សនយោបាយ​ថ្មី​ផងដែរ​នៅ​ថ្ងៃ​សុក្រ​ទី ២ ខែមីនា​។​

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថ្ងៃ​បើក​ចុះបញ្ជី​គណបក្ស​ដំបូង​នា​ថ្ងៃ​សុក្រ​ទី ២ ខែមីនា គណបក្សនយោបាយ​ថ្មី​ដែល​ត្រូវបាន​គេ​ស្នើ​បង្កើត​នោះ​មាន​ចំនួន​ជិត ៤០ ឯណោះ ហើយ​អ្នក​ដែល​ស្នើសុំ​ទាំងនោះ​ក៏បាន​ដាក់​ស្នើ​ស្លាក់​សញ្ញា និង​ឈ្មោះ​គណបក្ស​រួចហើយ​ដែរ​។

​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ម្នាក់​ដែល​មិនបាន​បង្ហាញ​អត្តសញ្ញាណ​បាន​ថ្លែង​ដូច្នេះ​ថា ៖« វា​មាន​ក្រុម​នយោបាយ ៣៨ ដែល​បានដាក់​ពាក្យស្នើសុំ​ចុះ​បញ្ជា​បក្សនយោបាយ​ថ្មី​»​។
​មន្ត្រី​រូបនោះ​បាន​បន្ថែមថា អ្នក​មក​ស្នើសុំ​បើក​បក្សនយោបាយ​ថ្មី​នោះ​មាន​ចម្រុះ ខ្លះ​ធ្វើការ​ក្នុង​វិស័យ​សង្គម​ស៊ីវិល​ឬ​អ្នកស្រាវជ្រាវ ខ្លះ​ជា​អ្នកជំនួញ និង​ខ្លះទៀត​ជា​កសិករ​ផងដែរ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដដែល ការចុះបញ្ជី​គណបក្ស​ថ្មី​នេះ​នឹង​បញ្ចប់​ទៅវិញ​នៅ​ចុងខែ​មីនា​ខាងមុខ ហើយ​អាជ្ញាធរ​រៀបចំ​ការបោះឆ្នោត​មាន​ពេលវេលា ៣០ ថ្ងៃ​ដើម្បី​ពិនិត្យ​ដើម្បី​សម្រេច​យល់ព្រម​ឬ​បដិសេធ​គណបក្សនយោបាយ​ថ្មី​ទាំង​នេះដែរ​។ មកដល់​បច្ចុប្បន្ននេះរ​បប​សឹក​ថៃ​មិនទាន់​ចាប់ផ្តើម​ដក​បម្រាម​លើ​សកម្មភាព​នយោបាយ​ដែល​ហាមឃាត់​ការរៀបចំ​សកម្មភាព​ជួបជុំ ឬ​ឃោសនា​នយោបាយ​នៅឡើយ​ទេ​។

​នយោបាយ​ផ្ទៃក្នុង​ថៃ​រួបរឹត​ដោយ​វិបត្តិ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកហើយ ដោយ​ការ​បែកខ្ញែក​គ្នា​នៃ​ជំរំ​នយោបាយ​ពីរ​៖ គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​ភឿ​ថៃ ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គណបក្ស​ភឿ​ថៃ​របស់លោក ថាក់ស៊ីន​បាន​បន្ត​ឈ្នះឆ្នោត​ចាប់ពី​ឆ្នាំ ២០០១​មក​នោះ ទោះបី​ជាមាន​បញ្ហា​បាតុកម្ម និង​រដ្ឋប្រហារ​កើត​ឡើងជា​បន្តបន្ទាប់​ក៏ដោយ​។​

​អ្នកវិភាគ​ខ្លះ​យល់ឃើញថា របប​សឹក​ថៃ​បច្ចុប្បន្នកំពុង​ព្យាយាម​ធ្វើយ៉ាងណា​បំបាត់​ឥទ្ធិពល​របស់​គណបក្ស​ភឿ​ថៃ នៅក្នុង​ការបោះឆ្នោត​ខាងមុខនេះ ដោយ​កន្លងមក​របប​នេះ​បាន​សរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី​ដែលមាន​គោលដៅ​ប​ន្ទុ​ច​បង្អាក់​គណបក្ស​ធំៗ និង​បន្ថយអំណាច​របស់​អ្នកនយោបាយ​ជាប់ឆ្នោត​ផងដែរ​។ ដូច​ឃើញស្រាប់​រដ្ឋធម្មនុញ្ញ​ថ្មី​ចែងថា សភា​អាចមាន​អំណាច​ក្នុងការ​តែងតាំង​នាយករដ្ឋមន្ត្រី​ដែល​មិន​ឆ្លងកាត់​ការបោះឆ្នោត​ឲ្យ​កាន់កាប់​ប្រទេស​ផងដែរ​ក្នុងពេល​ចាំបាច់​៕



Tag:
 ថៃ​
  គណបក្សនយោបាយ​
  របប​សឹក
© រក្សាសិទ្ធិដោយ thmeythmey.com