អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី ពូ​ទីន ៖ បើ​អាច​ផ្លាស់ប្ដូរ​អតីតកាល​បាន ខ្ញុំ​មិន​ឲ្យ​សូ​វៀត​ដួលរលំ​ឡើយ​
03, Mar 2018 , 7:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​សារ​ភាពជា​សាធារណៈ​ថា លោក​មិន​ចង់​ឲ្យ​អតីត​សហភាពសូវៀត​ដួលរលំ​ឡើយ ហើយ​បើ​អាច​ផ្លាស់ប្ដូរ​អតីតកាល​បាន លោក​នឹង​ការពារ​សហភាពសូវៀត​ពី​ការ​បែកខ្ញែក​ទៅជា​ប្រទេស​ឯករាជ្យ​ជាច្រើន​។ លោក ពូ​ទីន ថ្លែង​បែបនេះ ក្នុង​វេទិកា​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯ​ទីក្រុង Kaliningrad នៅ​ថ្ងៃទី​២ ខែមីនា​។ ប៉ុន្តែ​លោក​ប្រធានាធិបតី​រុស្ស៊ី​ក៏​អះអាងថា លោក​ចង់​រស់នៅ​សម័យ​បច្ចុប្បន្ន​ជាង​។​

 
​នៅក្នុង​វេទិកា​សារព័ត៌មាន​ស្ដីពី​យុត្តិធម៌ និង​ការពិត ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រ​វ​បាន​អ្នកចូលរួម​សួរ​សំណួរ​យ៉ាងច្រើន​ទាក់ទង​បញ្ហា​ប្រទេសជាតិ និង​បញ្ហា​ផ្ទាល់ខ្លួន​របស់លោក​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​អ្នក​ចូលរួមបាន​សួរ​លោក ពូ​ទីន ពី​ការរស់នៅ​ក្នុងពេល​វេលា​ផ្សេង និង​ការផ្លាស់ប្ដូរ​រឿងរ៉ាវ​ដែល​កើតឡើង​ពី​អតីតកាល​។ និយាយ​រឿង​ត្រឡប់​ទៅ​អតីតកាល​នេះ លោក ពូ​ទីន ក៏​រំឭក​ដល់​ការដួលរលំ​អតីត​សហភាពសូវៀត​តែម្ដង​។​
 
​បើតាម​សារព័ត៌មាន RT មេដឹកនាំ​រុស្ស៊ី​រូបនេះ​បញ្ជាក់ថា បើសិនជា​ឱកាស​អាច​ផ្លាស់ប្ដូរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ណាមួយ​នោះ លោក​នឹង​ទប់ស្កាត់​ការបែកបាក់​របស់​សហ​ភាព​សូ​វៀត​នៅ​ចុងឆ្នាំ​១៩៩១ ។ លោក ពូ​ទីន ដែល​ដឹកនាំ​រុស្ស៊ី​ជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ជាច្រើន​នៅសល់​ពី​ការ​បែកចេញ​នៃ​អតីត​សហភាពសូវៀត ចាត់ទុក​ការ​បែកខ្ញែក​នេះ ជា​សោកនាដកម្ម​ភូមិសាស្ត្រ​នយោបាយ​ដ៏​ធំ​បំផុត​ប្រចាំ​សតវត្សរ៍​ទី​២០ ។ 
 
​ទោះជា​ចង់​ការពារ​សហភាពសូវៀត​មែន តែ​មិនមែន​មានន័យថា លោក ពូ​ទីន ចង់​រស់នៅ​សម័យកាល​នោះឡើយ​។ នៅពេល​សួរថា សម័យកាល​ណាមួយ​ដែល​ចង់​រស់នៅ ប្រធានាធិបតី​រុស្ស៊ី​បានជ្រើសរើស​សម័យកាល​បច្ចុប្បន្ននេះ​។ លោក​បាន​ឆ្លើយ​ដោយ​ឥត​លាក់លៀម​ថា​៖ «​អ្នកឃើញ​ទេ ដូនតា​របស់ខ្ញុំ​សុទ្ធតែជា​កញ្ជះ​គេ តែ​ខ្ញុំ​ជា​ប្រមុខរដ្ឋ​រុស្ស៊ី​សព្វថ្ងៃ​»​។ 
 
​ទន្ទឹមនឹង​ការចង់​ផ្លាស់ប្ដូរ​អតីតកាល និង​ប្រាថ្នា​រស់នៅក្នុង​បច្ចុប្បន្នកាល​ក្នុងឋានៈ​ជា​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បាន​បដិសេធ​ឆ្លើយ​សំណួរ​ទាក់ទង​អនាគតកាល​។ អតីតមន្ត្រី​ចារកម្ម​សម័យ​សហភាព​សូ​វៀត​រូបនេះ​មិនបាន​ផ្ដល់​ចម្លើយ​ទេ ទាក់ទង​សំណួរ​ជុំវិញ​ហេតុការណ៍​អាច​កើតឡើង​ចំពោះ​រូបលោក​នៅ​រយៈពេល​៥​ទៅ​១០​ឆ្នាំ​ខាងមុខ​។​
 
​ការណ៍​ដែល​លោក ពូ​ទីន មិន​ចង់​និយាយ​រឿង​អនាគត ទំនងជា​លោក​មិន​ចង់​បង្កើត​ការសង្ស័យ​ណាមួយ​ចំពោះ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដែល​គ្រោង​ធ្វើ​នៅ​ពីរ​សប្ដាហ៍​ទៀត​។ លោក ពូ​ទីន រំពឹងថា នឹង​ឈ្នះ​ការបោះឆ្នោត​នេះ និង​បន្ត​កាន់តំណែង​ប្រធានាធិបតី​ទៀត ខណៈដែល​បេក្ខជន​ប្រឆាំង​សំខាន់ៗ​ត្រូវបាន​រារាំង​ជាស្រេច​នោះ​៕

Tag:
 ​រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  សហភាពសូវៀត
© រក្សាសិទ្ធិដោយ thmeythmey.com