អន្តរជាតិ
នយោបាយអន្តរជាតិ
ប៉េកាំងនឹងក្លាយជាទីក្រុងគំរូសម្រាប់ព្រឹត្តិការណ៍អូឡាំពិកប្រកបចីរភាព រូបភាពពីគេហទំព័រគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២២
× អូឡាំពិករដូវរងាឆ្នាំ២០១៨ ដែលក្រុងព្យុងឆាងធ្វើជាម្ចាស់ផ្ទុះបានបញ្ចប់ហើយ។ រដ្ឋធានីប៉េកាំង ប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះបន្តសម្រាប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២២ ។ ព្រឹត្តិការណ៍អូឡាំពិកនៅប៉េកាំង នឹងក្លាយជាគម្រូថ្មីក្នុងការរៀបចំព្រឹត្តិការណ៍កីឡានេះប្រកបដោយចីរភាពតាមគោលការណ៍របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
ស្របពេលដែលក្រុងប៉េកាំងត្រៀមខ្លួនធ្វើម្ចាស់ព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០២២ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានដាក់ចេញគោលការណ៍ថ្មីសម្រាប់ប្រទេសម្ចាស់ផ្ទះ។ ក្នុងសេចក្ដីប្រកាសរបស់ IOC បញ្ញត្តិថ្មី គឺធានាថា ព្រឹត្តិការណ៍បួនឆ្នាំម្ដងនេះ រៀបចំដោយចំណាយថវិកាសមល្មម ផ្ដល់ប្រយោជន៍ និងប្រកបដោយចីរភាព។ ក្រុងប៉េកាំង នឹងក្លាយជាម្ចាស់ផ្ទះដំបូងគេ ដែលត្រូវអនុវត្តតាមគោលការណ៍ថ្មីនេះ។
តាមផែនការ ក្រុងប៉េកាំងនឹងសាងសង់កន្លែងប្រកួតចំនួន៥ ភូមិអូឡាំពិកចំនួន២ អាគារបណ្ដោះអាសន្នចំនួន៣ ធ្វើជាកន្លែងផ្ដល់ព័ត៌មាន និងការប្រគល់រង្វាន់ ក៏ដូចជាអភិវឌ្ឍអាគារចំនួន៨ សម្រាប់គោលដៅប្រើប្រាស់ឡើងវិញអំឡុងពេលព្រឹត្តិការណ៍។ ដោយឡែក មជ្ឈមណ្ឌលកីឡាហែលទឹកជាតិ Water Cube ដែលប្រើប្រាស់ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០០៨ នឹងត្រូវកែប្រែទៅជាកន្លែងប្រកួតកីឡា Curling សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២២ វិញ។
ជាមួយគ្នានេះ សួនឧស្សាហកម្ម Shougang ដែលជាទីតាំងអតីតរោងចក្រផលិតដែក និងបិទ នៅ ឆ្នាំ ២០០៨ ក្លាយជាទីតាំងសម្រាប់ទីស្នាក់ការគណៈកម្មាធិការរៀបចំការប្រកួត។ សួនឧស្សាហកម្មនេះ ត្រូវបានផ្លាស់ប្ដូរទៅជាមជ្ឈមណ្ឌលកីឡា និងកំសាន្ត។ ចំណែកឯអាគារទាំងឡាយដែលប្រើប្រាស់ក្នុងព្រឹត្តិការណ៍ឆ្នាំ២០២២ ក៏ត្រូវប្រើប្រាស់ជាកន្លែងហាត់ប្រាណសាធារណៈដែរ។
ជុំវិញការទទួលធ្វើម្ចាស់ផ្ទះនេះ ប្រធានាធិបតីចិន ស៊ី ជិនភីង ធ្លាប់លើកឡើងថា ការរៀបចំព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០២២ គួរគោរពគំនិតអភិវឌ្ឍថ្មី ហើយការសាងសង់អាគារទាំងឡាយ ត្រូវគិតដល់ការប្រើប្រាស់ឡើងវិញ និងប្រកបដោយចីរភាពផង។
ក្រុងប៉េកាំង នឹងក្លាយជាទីក្រុងដំបូងគេ ដែលទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅផង រដូវត្រជាក់ផង។ ការណ៍នេះនឹងរួមចំណែកច្រើនដល់ការពង្រឹងបទពិសោធន៍របស់ចិនក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com