អន្តរជាតិ
នយោបាយអន្តរជាតិ
ការស្ទាបស្ទង់៖ ការប្រឆាំងអំពើពុករលួយជាការបារម្ភរបស់ពលរដ្ឋចិនក្នុងកិច្ចប្រជុំសភា រូបភាព Xinhua
× ការប្រឆាំងអំពើពុករលួយ ស្ថិតក្នុងចំណោមប្រធានបទក្ដៅជាងគេសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃសភាទាំងពីរ គឺសភាប្រជាជន និងសភាពិគ្រោះយោបល់។ នេះបើតាមការស្ទាបស្ទង់ ដែលរៀបចំដោយ People’s Daily Online ។
កិច្ចប្រជុំដំបូងនៃសភាប្រជាជន នីតិកាលទី១៣ នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែមីនា ខណៈកិច្ចប្រជុំដំបូងនៃសភាពិគ្រោះយោបល់ នីតិកាលទី១៣ បានចាប់ផ្ដើមនៅថ្ងៃទី៣ ខែមីនា។ កិច្ចប្រជុំសភា ដែលធ្វើឡើងនៅរដ្ឋធានីប៉េកាំង គឺជាការវិវត្តដ៏សំខាន់សម្រាប់ការកែទម្រង់ និងការអភិវឌ្ឍរបស់ចិននៅពេលអនាគត។
ការស្ទាបស្ទង់ដែលរៀបចំដោយ People’s Daily Online នៅមុនកិច្ចប្រជុំទាំងពីរនេះ បានគ្របដណ្ដប់លើការបោសសម្អាតអំពើពុករលួយ សន្តិសុខសង្គម ការកែទម្រង់ និងការបើកចំហ ការពង្រឹងតំបន់ជនបទ ទំនុកចិត្តផ្នែកវប្បធម៌ និងបញ្ហាផ្សេងទៀតដែលយកចិត្តទុកដាក់ដោយប្រជាជនចិនអំឡុងពេលកិច្ចប្រជុំសភាទាំងពីរ។ ការស្ទាបស្ទង់ដែលធ្វើឡើងក្នុងខែកុម្ភៈ មានអ្នកចូលរួមដល់ទៅ៤,២១លាននាក់។
យុទ្ធនាការប្រឆាំងភេរវកម្ម សន្តិសុខសង្គម ការកែទម្រង់ប្រព័ន្ធអប់រំ ការកែទម្រង់ប្រព័ន្ធសុខាភិបាល និងការកាត់បន្ថយភាពក្រីក្រ ត្រូវបានជ្រើសរើសជាប្រធានបទសំខាន់ទាំងប្រាំ ខណៈដែលការកែទម្រង់ និងការបើកចំហ និងការពង្រឹងតំបន់ជនបទ គឺជាប្រធានបទលេចធ្លោបំផុត។ នេះជាមិនមែនជាលើកទីមួយទេ ដែលអំពើពុករលួយក្លាយជាប្រធានបទសំខាន់នោះ ព្រោះក្នុងការស្ទាបស្ទង់១៨ឆ្នាំចុងក្រោយ អំពើពុករលួយ ស្ថិតនៅបញ្ជីប្រធានបទក្ដៅ៧ដងទៅហើយ។
ចិនបានពង្រឹងយុទ្ធនាការបោសសម្អាតគ្រឿងញៀនជាច្រើនឆ្នាំហើយ។ ក្នុងចំណោមវិធានការតឹងរ៉ឹងក្នុងឆ្នាំ២០១៧ ការអនុវត្តគម្រោងកែទម្រង់ប្រព័ន្ធត្រួតពិនិត្យវិន័យថ្នាក់ជាតិ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជន ខណៈដែលការធ្វើបត្យាប័នជនល្មើសគេចខ្លួននៅបរទេសដែលមានឈ្មោះក្នុងបញ្ជីក្រហម ក៏ទទួលបានការយកចិត្តទុកដែរ។
ក្រៅពីអំពើពុករលួយ បញ្ហាសង្គមទាក់ទងមនុស្សចាស់ក៏ជាការផ្ដោតអារម្មណ៍របស់ប្រជាជនចិនដែរ។ ៤០ភាគរយនៃអ្នកចូលរួមការស្ទាបស្ទង់លើកឡើងថា មនុស្សចាស់គ្មានផ្ទះ គឺជាក្រុមដែលគ្មានសុវត្ថិភាពបំផុត។ អ្នកចូលរួមក៏បង្ហាញក្ដីបារម្ភចំពោះឧស្សាហកម្មថែទាំមនុស្សជរា កង្វះខាតការផ្គត់ផ្គង់សម្ភារ និងសេវាកម្មថ្លៃជាដើម។ ការកែទម្រង់វិស័យអប់រំ ក៏ជាប្រធានបទក្ដៅដែរ ដោយអ្នកចូលរួមក្នុងការស្ទាបស្ទង់និយាយថា គម្លាតការអប់រំរវាងទីក្រុង និងជនបទ ត្រូវបានបង្រួម៕
© រក្សាសិទ្ធិដោយ thmeythmey.com