កីឡាអន្តរជាតិ
អន្តរជាតិ
ក្របខណ្ឌអ៊ីតាលី កាន់ទុក្ខក្រោយមរណភាពដ៏តក់ស្លុតរបស់កីឡាករ Astori កីឡាករ Davide Astori (រូបភាព៖ AFP)
× ការប្រកួតក្នុងក្របខណ្ឌអ៊ីតាលី Serie A និងក្របខណ្ឌ Serie B កាលពីថ្ងៃអាទិត្យទី៤ ខែមីនា ត្រូវបានផ្អាកទាំងអស់ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់ប្រធានក្រុម Fiorentina និងជម្រើសជាតិអ៊ីតាលីកីឡាករ Davide Astori ដែលបានស្លាប់ភ្លាមៗដោយសារគាំងបេះដូង ក្នុងអាយុ ៣១ ឆ្នាំ។
ក្លិបបានប្រកាសពីការស្លាប់របស់ Astori ថាបណ្តាលមកពីការគាំបេះដូងនៅពេលរូបគេកំពុងគេងនៅក្នុងសណ្ឋាគារ La di Moret ជាទីកន្លែងសម្រាកមុនពេលក្រុម Fiorentina ត្រៀប្រកួតជាមួយ Udinese ក្នុងក្របខណ្ឌលីកកំពូលអ៊ីតាលីសប្តាហ៍ទី២៧។
តែយ៉ាងណាក៏ដោយការប្រកួតនោះត្រូវបានលុបចោលវិញបន្ទាប់ពីលឺដំណឹងអាក្រក់នេះ ហើយសូម្បីតែជំនួបរវាង Genoa និង Cagliari ដែលត្រៀមចាប់ផ្តើមការប្រកួតទៅហើយនោះក៏ត្រូវពន្យាពេលវិញផងដែរ។
ក្រោយការស្លាប់របស់អតីតខ្សែការពារ AC Milan និង Roma នេះ Serie A បានចេញសេចក្តីប្រកាសមួយលើបណ្តាញសង្គម Twitter ផ្លូវការរបស់ខ្លួនថា៖«រាល់ការប្រកួតទាំងអស់ដែលត្រូវធ្វើឡើងថ្ងៃនេះ [ថ្ងៃអាទិត្យ] ត្រូវពន្យារពេលទាំងអស់ដើម្បីជាសញ្ញានៃការកាន់ទុក្ខ»។
ខ្សែការពារវ័យ៣១ឆ្នាំរូបនេះ បានចំណាយពេលជាមួយ Cagliari ៦រដូវកាលពីឆ្នាំ២០០៨ ដល់ ២០១៤ មុនពេល Roma ខ្ចីជើង ហើយក្លាយជាកីឡាករនិងប្រធានក្រុម Fiorentina ពីឆ្នាំ ២០១៥ មក។
សម្រាប់ក្រុមជម្រើសជាតិអ៊ីតាលីវិញ Astori ធ្លាប់បង្ហាញខ្លួនបាន១៤លើក និងស៊ុតបញ្ចូលទី ១គ្រាប់៕
Tag:
បាល់ទាត់
គាំងបេះដូង
Davide Astori
Fiorentina
© រក្សាសិទ្ធិដោយ thmeythmey.com