អន្តរជាតិ
ត្រាំ ថា​អាមេរិក​អាច​ឈប់​កំណត់​អាណត្តិ​ប្រធានាធិបតី​ដូច​ចិន តែ​ចិន​តប​ថា មិនចាំបាច់​រៀន​តាម​ខ្លួន​ទេ​
05, Mar 2018 , 11:50 am        
រូបភាព
ដោយ: ថ្មីៗ
ចុង​សប្តាហ៍​កន្លងទៅ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការលុបចោល​ការកំណត់​អាណត្តិ​របស់​ប្រធានាធិបតី​ចិន​ដែល​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​កាន់អំណាច​លើសពី​ពីរ​អាណត្តិ​។ មេដឹកនាំ​មហាអំណាច​ប្រជាធិបតេយ្យ​រូបនេះ​ថែមទាំង​បង្ហើប​ថា ថ្ងៃ​ណាមួយ​អាមេរិក​គួរ​ធ្វើតាម​អ្វីដែល​ចិន​កំពុង​ធ្វើ​រដែរ​។ យ៉ាងណាមិញ ចិន​តប​វិញ​ថា ប្រព័ន្ធ​ដឹកនាំ​ខ្លួន​មិន​ត្រូវការ​ប្រទេស​ផ្សេង​សរសើរ ឬ​ឲ្យ​ប្រទេស​ផ្សេង​ចម្លង​តាម​ឡើយ​។



​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ ស្ថិតនៅ Mar-a-Lago នៅ​ថ្ងៃ​សៅរ៍​ទី ៣ ខែមីនា ប្រមុខរដ្ឋ​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​សរសើរ​សម​ភាគី​ចិន​លោក ស៊ី ជិន​ភីង ដែល​នឹង​លុបចោល​ការកំណត់​អាណត្តិ និង​អនុញ្ញាត​ឲ្យ​លោក​អាច​កាន់តំណែង​កាន់តែ​យូរ​តាម​ដែល​អាច​ធ្វើបាន​។

​បើតាម​សារព័ត៌មាន CNN លោក ត្រាំ បាន​កត់សម្គាល់ថា វា​ជា​គំនិតល្អ ហើយ​អ្វីដែល​សំខាន់​មេដឹកនាំ​អាមេរិក​រូបនេះ​ព្រលយ​ថា ថ្ងៃ​ណាមួយ​អាមេរិក​អាច​នឹងធ្វើ​បែប​នោះដែរ​។​
«​លោក ស៊ី ជិន​ភីង ឥឡូវនេះ​ជា​ប្រធានាធិបតី​មួយជីវិត​។ ហើយ​លោក​ជា​មនុស្ស​អស្ចារ្យ​។ លោក ស៊ី ជិន​ភីង អាច​ធ្វើដូច្នេះបាន​។ ខ្ញុំ​គិតថា វា​ល្អ​ណាស់​។ ប្រហែលជា​ថ្ងៃ​ណាមួយ​យើង​អាចធ្វើ​ដូចគ្នា​បានដែរ​»​។ លោក ដូ​ណា​ល់ ត្រាំ បានលើកឡើង​ដូច្នេះ​។​

​ក្រៅពី​សរសើរ​ការដឹក​នាំ លោក ត្រាំ បាន​បន្ថែម​ផងដែរ​ថា លោក ស៊ី ជិន​ភីង​នេះ​ជា​សុភាពបុរស​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​លោក​ក៏​ជា​មេដឹកនាំ​ចិន​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​ប្រហែល ១០០​ឆ្នាំ​មកនេះ​ដែរ​។​

​អាច​ថា វា​ជា​រឿង​កម្រ​ដែល​ប្រមុខ​ដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ​កោតសរសើរ​ប្រទេស​និង​មេដឹកនាំ​ដែល​ស្វែងរក​ឱកាស​កាន់អំណាច​កាន់តែ​យូរ​តាមតែ​អាចធ្វើ​បាន​នោះ​។ ប៉ុន្តែ​វា​មិនមែនជា​រឿង​ចម្លែក​សម្រាប់​លោក ដូ​ណា​ល់ ត្រាំ នោះឡើយ​។

​ដូច​ឃើញស្រាប់​កន្លងមក​លោក ធ្លាប់​លើកសរសើរ​ប្រធានាធិបតី​ហ្វីលីពីន​ដែល​ប្រើប្រាស់​សង្គ្រាម​គ្រឿងញៀន​សម្លាប់​រង្គាល​អស់​មនុស្ស​រាប់ពាន់នាក់​ផង ហើយ​សម្តី​លោក​បាន​ទាក់ទាញ​ការ​ថ្កោលទោស និង​ការទិតៀន​ខ្លាំង​ពី​សហគមន៍​សិទ្ធិមនុស្ស​ផងដែរ​។​

​ដោយឡែក​ទាក់ទិន​ការកំណត់​អាណត្តិ​របស់​ប្រធានាធិបតី​នេះ ជា​ប្រពៃណី​ទៅហើយ ប្រធានាធិបតី​អាមេរិក​កាន់តំណែង​បាន​ត្រឹម​ពីរ​អាណត្តិ ដែល​មួយ​អាណត្តិ​មាន​រយៈពេល​បួន​ឆ្នាំ​។ ការកំណត់​នេះ​ត្រូវបាន​កំណត់​តាមរយៈ​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៥១ ក្រោយ​ពេលដែល​ប្រធានាធិបតី ហ្វ្រេ​ង​គ្លី​ន រ៉ូ​សឺ​ហ្វែ​ល ជាប់ឆ្នោត​បួន​ដង​បន្តបន្ទាប់​គ្នា​ចាប់ពី​ឆ្នាំ ១៩៣២​មក​នោះ​។

-​ចិន​មិន​ត្រូវការ​ពាក្យ​សរសើរ​របស់​មេដឹកនាំ​អាមេរិក
​យ៉ាងណាមិញ សម្តី​សរសើរ​របស់លោក ត្រាំ មិនបាន​ធ្វើ​ឲ្យ​របប​ដឹកនាំ​ចិន​រីករាយ​ឡើយ ហើយ​ចិន​ក៏​មិន​ត្រូវការ​ពាក្យ​សរសើរ​នេះ​ដូចគ្នា​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន  South China Morning Post តំណាង​ក្រុង​ប៉េកាំង​បាន​អះអាងថា ប្រព័ន្ធ​ដឹកនាំ​របស់​ចិន​មាន​លក្ខណៈពិសេស​របស់​ខ្លួន​រួចទៅហើយ​។ 

​ចិន​គ្មាន​គោលដៅ​នាំចេញ​គម្រូ​នៃ​របៀបរបប​ដឹកនាំ​របស់ខ្លួន​ទៅ​ក្រៅប្រទេស ដើម្បី​ឲ្យ​គេ​ចម្លង​តាម ឬ​នាំយក​ប្រព័ន្ធ​ដឹកនាំ​បរទេស​ផ្សេងទៀត​ចូលមកក្នុង​ស្រុក​ដែរ​។​

«​ចិន​នឹង​ដើរ​លើផ្លូវ​របស់ខ្លួន​។ យើង​នឹងមិន​នាំចូល​ប្រព័ន្ធ​ដឹកនាំ​បរទេស ឬ​នាំចេញ​គម្រូ​ប្រព័ន្ធ​ដឹកនាំ​របស់​យើង​ទៅ​ក្រៅប្រទេស​ដែរ​។ យើង​ក៏​មិន​សុំ​ឲ្យ​ប្រទេស​ផ្សេង​ចម្លង ឬ​ធ្វើតាម​អ្វីដែល​យើង​ធ្វើ​ដូចគ្នា​»​។ នេះ​ជាការ​លើកឡើង​របស់លោក Zhang Yesui អ្នកនាំពាក្យ​នៃ​សភា​ប្រជាជន​ចិន និង​ជា​អតីត​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​។ 

​អ្នកនាំពាក្យ​រូបនេះ​មិនបាន​ឆ្លើយតប​ផ្ទាល់​ចំពោះ​ការលើកឡើង​របស់លោក ដូ​ណា​ល់ ត្រាំ ឡើយ​ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា បើ​ប្រទេស​ដទៃ​ចាប់អារម្មណ៍​ពីបទ​ពិសោធន៍​ក្នុងការ​អភិវឌ្ឍ​ប្រទេស និង​អនុវត្ត​ប្រព័ន្ធ​ដឹកនាំ​របស់​ចិន ចិន​អាច​ចែករម្លែក​បាន​ផងដែរ​៕

Tag:
 ចិន​
  ដូ​ណា​ល់ ត្រាំ​
  អាណត្តិ​ប្រធានាធិបតី
© រក្សាសិទ្ធិដោយ thmeythmey.com