អន្តរជាតិ
ប្រេសិត​កូរ៉េខាងត្បូង​ទៅ​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​ឲ្យ​ចរចា​ជាមួយ​អាមេរិក​
05, Mar 2018 , 9:39 pm        
រូបភាព
លោក Chung Eui-yong ប្រេសិតពិសេសប្រធានាធិបតីកូរ៉េខាងត្បូង (ស្ដាំ) ធ្វើដំណើរទៅកាន់កូរ៉េខាងជើង​ (រូបភាព៖ AFP)
លោក Chung Eui-yong ប្រេសិតពិសេសប្រធានាធិបតីកូរ៉េខាងត្បូង (ស្ដាំ) ធ្វើដំណើរទៅកាន់កូរ៉េខាងជើង​ (រូបភាព៖ AFP)
​ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​កូរ៉េខាងជើង ដើម្បី​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​ឲ្យ​ចូល​តុ​ចរចា​ជាមួយ​អាមេរិក​។ ប្រតិភូ​កូរ៉េខាងត្បូង​ដឹកនាំ​លោក Chung Eui-yong នាយក​ការិយាល័យ​សន្តិសុខ​ជាតិ និង​ជាទី​ប្រឹក្សា​លោក មូ​ន ចេ​អ៊ី​ន និង​អមដោយ​មន្ត្រីជាន់ខ្ពស់​១០​នាក់​ទៀត​។ ត្រឡប់​ពី​កូរ៉េខាងជើង មន្ត្រី​កូរ៉េខាងត្បូង​ក៏មាន​គម្រោង​ទៅ​អាមេរិក​ដើម្បី​បង្កើត​បរិយាកាស​ប្រសើរ​ដល់​ការចរចា​។​



​លោក Chung Eui-yong ប្រេសិត​កូរ៉េខាងត្បូង បានចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​កូរ៉េខាងជើង ដោយ​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៥ និង​បញ្ចប់​នៅ​ថ្ងៃទី​៦ ខែមីនា​។ លោក Chung Eui-yong បាន​ចាក​ចេញពី​ព្រលានយន្តហោះ​នៅ Seongnam ខាងក្រៅ​រដ្ឋធានី​សេ​អ៊ូ​ល និង​ធ្វើដំណើរ​តាមផ្លូវ​អាកាស​ខាងលិច​ទៅកាន់​កូរ៉េខាងជើង ជាទី​ដែល​លោក​ត្រូវ​អូសទាញ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ឲ្យ​ចូល​តុ​ជជែក​ជាមួយ​អាមេរិក​ស្ដីពី​ការរំសាយ​នុយក្លេអ៊ែរ​។​

​មន្ត្រី​ផ្សេងទៀត​ក្នុង​ប្រតិភូ​នេះ​មាន​លោក Suh Hoon ប្រធាន​ទីភ្នាក់ងារ​សម្ងាត់​កូរ៉េខាងត្បូង​ទទួលបន្ទុក​កិច្ចការ​ចារកម្ម​, លោក Chun Hae-sung អនុរដ្ឋមន្ត្រី​បង្រួបបង្រួម​កូ​រ៉ និង​មន្ត្រីជាន់ខ្ពស់​ពីរ​នាក់ ក៏ដូចជា​មន្ត្រី​បម្រើការ​៥​នាក់​ទៀត​។ នេះ​បើតាម​ការ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។ ប្រតិភូ​កូរ៉េខាងត្បូង បាន​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុង​ពិធីជប់លៀង​ស្វាគមន៍​នៅ​ថ្ងៃទី​៥ ខែមីនា​ដដែល​នៅ​ទីក្រុង​ព្យុងយ៉ាង​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​មុន​ហោះ​ទៅ​កូរ៉េខាងជើង លោក Chung Eui-yong និយាយថា លោក​នឹង​ប្រាប់​កូរ៉េខាងជើង​ពី​ជំហរ​រឹងមាំ​ឥត​ងាករេ​របស់លោក មូ​ន ចេ​អ៊ី​ន លើ​ការលុបបំបាត់​នុយក្លេអ៊ែ​រ ព្រមទាំង​ការកសាង​សន្តិភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​។ លោក​បន្តថា មន្ត្រី​កូរ៉េខាងជើង​នឹង​ជជែក​ស៊ីជម្រៅ​ជាមួយ​ដៃគូ​កូរ៉េខាងជើង​ដើម្បី​បន្ត​ការសន្ទនា​អន្តរ​កូរ៉េ និង​រវាង​ក្រុង​ព្យុងយ៉ាង និង​សហគមន៍​អន្តរជាតិ​រាប់ទាំង​អាមេរិក​ផងដែរ​។​

​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​បញ្ជាក់ថា បេសកកម្ម​ចម្បង​របស់​តំណាង​ពិសេស​លោក មូ​ន ចេ​អ៊ី​ន គឺ​បង្កើត​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​។ កូរ៉េខាងត្បូង​ចេញមុខ​ធ្វើ​ស្ពាន​រវាង​អាមេរិក និង​កូរ៉េខាងជើង ព្រោះ​គូសត្រូវ​ទាំងពីរ​គ្មាន​ទំនាក់ទំនង​ផ្លូវការ​ឡើយ តែ​សុទ្ធតែ​បង្ហាញ​ជំហរ​ចង់​ចរចា​ដូចគ្នា​។ ប៉ុន្តែ​ការដាក់​លក្ខខណ្ឌ​របស់​អាមេរិក​ដែល​ចង់​ឲ្យ​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ​សិន ធ្វើ​ឲ្យ​លទ្ធភាព​ចរចា​មាន​ភាគរយ​តិចតួច​។​

​ការបញ្ជូន​លោក Chung Eui-yong ទៅ​ក្រុង​ព្យុងយ៉ាង គឺជា​ការឆ្លើយតប​វត្ត​មាន​លោកស្រី គីម យ៉ូ​ចុង ជា​ប្អូនស្រី និង​ជា​ប្រេសិត​របស់លោក​លោក គីម ជុង​អ៊ុន អំឡុងពេល​បើក​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​កាលពីដើម​ខែកុម្ភៈ​។ ទំនាក់ទំនង​អន្តរ​កូរ៉េ​បាន​ប្រសើរ​ឡើងជា​លំដាប់​ដោយសារ​ព្រឹត្តិការណ៍​កីឡា​នេះ ហើយ​លោក មូ​ន ចេ​អ៊ី​ន សង្ឃឹមថា នេះ​ជា​ឱកាសល្អ​ដើម្បី​ចាប់ផ្ដើម​ការចរចា​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង​ស្ដីពី​កម្មវិធី​នុយក្លេអ៊ែរ​។​

​ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង លោក Chung Eui-yong ក៏មាន​ផែនការ​បន្តដំណើរ​ទៅ កាន់​អាមេរិក​ទៀត​។ គោលដៅ​នៃ​ទស្សនកិច្ច​នេះ គឺ​រាយការណ៍​ពី​លទ្ធផល​ជំនួប​ជាមួយ​មន្ត្រី​កូរ៉េខាងត្បូង ក៏ដូចជា​ចង់​ជំរុញ​ឲ្យ​មានការ​ចរចា​ផ្ទាល់​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែរ​៕


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  អាមេរិក​
  មូ​ន ចេ​អ៊ី​ន​
  Chung Eui-yong
© រក្សាសិទ្ធិដោយ thmeythmey.com