កីឡាអន្តរជាតិ
អន្តរជាតិ
F1៖ Hamilton នៃ​ក្រុម Mercedes អះអាងថា រថយន្ត​ម៉ូ​ដែល​ថ្មី​ខ្លួន មាន​ល្បឿន​លឿន​
05, Mar 2018 , 8:59 pm        
រូបភាព
Lewis Hamilton (ស្តាំ) និង Valtteri Bottas (ឆ្វេង) នាពិធីបង្ហាញរថយន្ត Mercedes-AMG F1 W09 EQ Power+ ឆ្នាំ២០១៨ ។ រូបថត AFP
Lewis Hamilton (ស្តាំ) និង Valtteri Bottas (ឆ្វេង) នាពិធីបង្ហាញរថយន្ត Mercedes-AMG F1 W09 EQ Power+ ឆ្នាំ២០១៨ ។ រូបថត AFP
ដោយ: ធីតា
​កីឡាករ​ចក្រភព​អង់គ្លេស Lewis Hamilton នៃ​ក្រុម Mercedes AMG Petronas បាន​អះអាងថា Mercedes Formula ១ ម៉ូ​ដែល​ឆ្នាំ​២០១៨ (Mercedes-AMG F1 W09 EQ Power+)  មាន​ល្បឿន​លឿង​ជាង​រថយន្ត​ដែល​គេ​បាន​ជិះ​កាលពី​ឆ្នាំមុនៗ ។ កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ បាន​ទៅ​ដល់ទី​មុនគេ​នា​ការប្រកួត​សាកល្បង​ដើមរដូវ​កាល​នៅ​ក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​។​



​ម្ចាស់​ជើងឯក​កីឡា​ប្រណាំង​រថយន្ត Formula One ពិភពលោក Lewis Hamilton បាន​ប្រើ​ថិរវេលា ១​នាទី និង​១៩.៣៣៣​វិនាទី កាលពីដើម​ខែមីនា កន្លងមក នា​ការប្រកួត​សាកល្បង​ថ្ងៃ​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Formula One ឬ​កាំជ្រួច​លើដី​រាប​នៅ​ទីលាន Circuit de Catalynya ក្រុង​បា​សេ​ឡូ​ណា​។​

Hamilton ដែល​គ្រប់គ្រង​តំណែង​ជើងឯក​ពិភពលោក​៤​សម័យកាល បាន​អះអាងថា រថយន្ត Mercedes F១ ឆ្នាំ​២០១៨ មាន​ល្បឿន​លឿន​ជាង​រថយន្ត​ដែល​ខ្លួន​បាន​បើក កាលពី​ឆ្នាំមុនៗ ។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​កីឡា AutoSport​។​

​នា​ការប្រកួត​សាកល្បង​ថ្ងៃ​ដំបូង កីឡាករ​អង់គ្លេស​រូបនេះ ធ្វើបាន​សម្រេច​តែ​២៥​ជុំ​ប៉ុណ្ណោះ ព្រោះ​អាកាសធាតុ​មិន​អំណោយផល ដោយសារ​ព្រិល និង​ភ្លៀង​ធ្លាក់​ខ្លាំង​។ មួយ​សប្តាហ៍​នៃ​ការប្រកួត​សាកល្បង Hamilton ធ្វើ​សម្រេចបាន​៩៤​ជុំ ដោយនៅ​ជុំ​ទី​៦៩ គេ​រក​សម្រេចបាន​ល្បឿន​ដ៏​លឿន​បំផុត ជាមួយ​ថិរវេលា ១​នាទី និង​១៩.៣៣៣​វិនាទី​។​



«​ពិត​ជាមាន​ការវិវត្ត​ន៍​ជាង​រថយន្ត​កាលពី​ឆ្នាំមុន យើង​មាន​សំបក​កង់​យ៉ាង​មាំទាំ ដែល​ធ្វើ​ឲ្យ​ការបើកបរ​ដំណើរការ​ទៅ​ប្រសើរ​»​។ នេះ​ជាការ​លើកឡើង​របស់ Hamilton ជាមួយនឹង​ក្តី​រំពឹង​វិជ្ជមាន​សម្រាប់​ការប្រកួត​ដណ្តើម​ជើងឯក​ពិភពលោក​នា​ថ្ងៃទី​២៥ ខែមីនា ខាងមុខ ដោយ​ចាប់ផ្តើម​ពី Australian Grand Prix​។​

​លទ្ធផល​នៃ​ការបើកបរ​សាកល្បង​ដើមរដូវ​កាល​នៅ​ទីលាន Circuit de Catalynya ក្រុង​បា​សេ​ឡូ​ណា​៖
១. Lewis Hamilton (​អង់គ្លេស​) Mercedes ១:១៩.៣៣៣
២. Stoffel Vandoorne (​បែលហ្ស៊ិក​) McLaren-Renault ១:១៩.៨៥៤
៣. Sebastian Vettel (​អាល្លឺម៉ង់​) Ferrari ១:២០.២៤១
៤. Kevin Magnussen (​ដា​ណឺ​ម៉ាក​) Haas-Ferrari ១:២០.៣១៧
៥. Fernando Alonso (​អេ​ស្ប៉ា​ញ​) McLaren-Renault ១:២០.៩២៩
៦. Carlos Sainz (​អេ​ស្ប៉ា​ញ​) Renault ១:២០.៩៤០
៧. Lance Stroll (​កាណាដា​) William-Mercedes ១:២១.១៤២
៨. Sergio Perez (​ម៉ិ​ក​ស៊ិ​ក​) Force India-Mercedes ១:២១.៩៧៣
៩. Max Verstappen (​ហូ​ឡង់​) Red Bull-Renault ១:២២.០៥៨
១០. Pierre Gasly (​បារាំង​) Toro Rosso-Honda ១:២២.១៣៤
១១. Nico Hulkenberg (​អាល្លឺម៉ង់​) Renault ១:២២.៥០៧
១២. Valtteri Bottas (​ហ្វាំ​ង​ឡង់​) Mercedes ១:២២.៧៨៩
១៣. Charles Leclerc (​ម៉ូ​ណា​កូ​) Sauber-Ferrari ១:២២.៨០៨
១៤. Marcus Ericsson (​ស៊ុយអែត​) Sauber-Ferrari ១:២៣.៨២៥
១៥. Sergey Sirotkin (​រុស្ស៊ី​) Williams-Mercedes ១:៣១.៩៧៩ ៕



Tag:
 Formula One
  Lewis Hamilton
© រក្សាសិទ្ធិដោយ thmeythmey.com