ជាតិ
ច្បាប់​ផ្តន្ទាទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​ហើយ​
06, Mar 2018 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ពីថ្ងៃ​នេះ​ទៅ បុគ្គល​ណាក៏ដោយ ឲ្យ​តែ​រកឃើញថា​បាន​ប្រមាថ​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា នឹងត្រូវ​ទទួលទោស តាម​មាត្រា​៤៣៧ (​ស្ទួន​) នៃ​ក្រមព្រហ្មទណ្ឌ​។ មាត្រា​ថ្មី​នេះ បាន​ក្លាយជា​ច្បាប់​ពេញលក្ខណៈ​និង​បាន​ចូល​ជា​ធរមាន​ហើយ បន្ទាប់ពី​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​ចាំផ្ទះ ដែល​កំពុង​ទទួល​រាជា​នុ​សិទ្ធិ​ជា​ប្រមុខរដ្ឋស្តីទី បាន​ចុះហត្ថលេខា លើ​ព្រះរាជក្រម ដើម្បី​ប្រកាស​ឲ្យ​ប្រើប្រាស់ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២0១៨​។



​មាត្រា​៤៣៧ (​ស្ទួន​) នៃ​ក្រមព្រហ្មទណ្ឌ ដែល​ទើបនឹង​ត្រូវបាន​តាក់តែង​ឡើង បានកំណត់​ទោស​យ៉ាង​ដូច្នេះ​ថា​៖«​បុគ្គល​ណា ដែល​ប្រមាថ​ព្រះមហាក្សត្រ នឹងត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី ១ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​។ ឯ​នីតីបុគ្គល ដែល​សំដៅលើ​អង្គភាព ស្ថាប័ន អង្គការ ឬ​ក្រុមហ៊ុន ជាដើម អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​ផ្សេងៗ​ទៀត ក្នុងករណី​ប្រមាថ​ព្រះមហាក្សត្រ​»​។​

​តាមន័យ​ច្បាប់ ការប្រមាថ គឺ​សំដៅលើ​សកម្មភាព​របស់​បុគ្គល​ណាមួយ ដែល​បាន​ប្រព្រឹត្ត​ដោយ​វាចា កាយវិការ សំណេរ គំនូរ ឬ​វត្ថុ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ​៕
អត្ថបទទាក់ទង




Tag:
 ច្បាប់​
  ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com