អន្តរជាតិ
អាមេរិក​បញ្ជូន​នាវា​ដឹក​យន្តហោះ​មកកាន់​វៀតណាម​ដើម្បី​បង្ហាញ​សាច់ដុំ​ដាក់​មហា​យក្ស​ចិន​
06, Mar 2018 , 5:29 pm        
រូបភាព
រូបភាព ក្រសួងការបរទេសអាមេរិក
រូបភាព ក្រសួងការបរទេសអាមេរិក
​វត្តមាន​នាវា​ដឹក​យន្តហោះ​អាមេរិក USS Carl Vinson នៅ​វៀតណាម​ត្រូវបាន​គេ​ចាត់ទុកជា​ការបង្ហាញ​សាច់ដុំ​ដាក់​មហា​យក្ស​ចិន​ដែល​កំពុង​បន្ត​វាតទី​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ មន្ត្រីជាន់ខ្ពស់​អាមេរិក​អះអាងថា វត្តមាន​នាវា​អាមេរិក​នៅ​វៀតណាម​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​នៃ​ចំណងមិត្តភាព​ទ្វេភាគី និង​ដើម្បី​ធានា​រក្សា​សន្តិសុខ សន្តិភាព និង​ស្ថិរភាព​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ប៉ុណ្ណោះ​។



​នាវា​ដឹក​យន្តហោះ​មាន​ទម្ងន់​ជាង​ដប់​ម៉ឺន​តោន USS Carl Vinson បាន​ចូល​សំចត​នៅ​កំពង់ផែ​ដា​ណា​ង ប្រទេស​វៀតណាម ថ្ងៃ​ចន្ទ​ទី ៥ ខែមីនា​។ វា​ជា​លើកដំបូង​បំផុត​ដែល នាវា​ដឹក​យន្តហោះ​អាមេរិក​មាន​វត្ត​មាននៅ​វៀតណាម​រាប់​ចាប់ពី​សង្គ្រាម​វៀតណាម​បិទ​បញ្ចប់ទៅ​ឆ្នាំ ១៩៧៥​មក​នោះ​។​

​លោក​ឧ​ត្ត​មនា​វី​ឯក Phillip G. Sawyer មេបញ្ជាការ​កង​នាវាចរណ៍​ទី​ប្រាំពីរ​របស់​អាមេរិក​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​ព័ត៌មាន​ថ្ងៃ ៦ ខែមីនា​ថា វត្តមាន​របស់​កង​នាវា​អាមេរិក​នៅ​វៀតណាម​នេះ​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​លូតលាស់​នៃ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​វៀតណាម និង អាមេរិក​។

​សូម​បើក​វង់ក្រចក​បន្តិច​ថា វៀតណាម និង​អាមេរិក​ចាប់ដៃគ្នា​ឡើងវិញ​ដើម្បី​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ ១៩៩៥ ហើយ​ទំនាក់ទំនង​នេះ​កាន់តែ​រីកចម្រើន​លូតលាស់​គួរ​ឲ្យ​កត់សម្គាល់ បើទោះជា​ភាគី​ទាំងពីរ​ធ្លាប់ជា​សត្រូវ​ស៊ីសាច់ហុតឈាម​ស្គាល់​ប្រវត្តិសាស្ត្រ​ជូរចត់​និង​ខ្លោចផ្សា​ក៏ដោយ​។ ក្រៅពី​ការរីកចម្រើន​នៃ​វិស័យ​ការពារជាតិ ទំនាក់ទំនង​ពា​ណិ​ជ្ចក​ម្ម និង​សេដ្ឋកិច្ច​រវាង​វៀតណាម និង​អាមេរិក​ក៏​រីកលូតលាស់​គួរ​ឲ្យ​កត់សម្គាល់​ដូចគ្នា​។​

​ត្រឡប់មកវិញ លោក Sawyer បន្ថែមថា ទស្សនកិច្ច​នេះ​ក៏​ជំរុញ​ការផ្សាភ្ជាប់​នៃ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​រវាង​ប្រជាជាតិ​ទាំងពីរ​ផងដែរ ដោយ​លោក​កត់សម្គាល់ថា កងទ័ព និង​នាវា​អាមេរិក​ទទួលបាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ប្រជាជន​និង​មន្ត្រី​នៅក្នុង​ខេត្ត​ដា​ណា​ង​ផងដែរ​។​

​គេ​ចាត់ទុកថា អាមេរិក​បញ្ជូន​កង​នាវា​អាមេរិក​មាន​ដឹក​យន្តហោះ និង​អមដំណើរ​ដោយ​នាវា​ពិឃាត​ផង​នោះ​ទៅ​វៀតណាម​ដែលជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាការ​បង្ករឿង ដោយ​អាមេរិក​មាន​គោលដៅ​ផ្ញើ​សារ​ទៅ​មហា​យក្ស​ចិន​ដែល​កំពុង​ទន្ទ្រាន​វាតទី​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាពិសេស​ធ្វើ​យោ​ធូប​នីយកម្ម​តំបន់​ជម្លោះ​នោះ​។ ចិន​ទាមទារ​យក​ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​នោះ តែងតែ​ទិតៀន​អាមេរិក​ដែល​ព្យាយាម​លូកលាន់​ក្នុង​បញ្ហា​ទាំង​ដែល​ខ្លួន​គ្មាន​ចំណែក​បន្តិច​សោះ​។ 

​ពេល​អ្នកសារព័ត៌មាន​ថ្មីៗ​សាក​សួរថា តើ​វត្តមាន​នាវា​អាមេរិក​នេះ​អាច​នឹងធ្វើ​ឲ្យ​ចិន​ផ្លាស់ប្តូរ​ឥរិយាបថ​របស់ខ្លួន​នៅ​ឬ​អត់​នៅ​សមុទ្រ​ចិន​ខាងត្បូង  លោក Sawyer មិនបាន​ឆ្លើយ​ចំៗ​ទេ​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា វត្តមាន​របស់​នាវា​អាមេរិក​នៅ​វៀតណាម​ក៏​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​អាមេរិក​ក្នុងការ​បន្ត​ជួយ​គាំទ្រ​ប្រទេស​ក្នុង​តំបន់ ការពារ​សេរីភាព​នាវាចរណ៍ និង​ការហោះហើរ ដែលមាន​កំណត់​ក្នុង​ច្បាប់​អន្តរជាតិ​ដែរ​។

​លោក​បន្ថែមថា រដ្ឋបាល​អាមេរិក​នឹង​បន្ត​ឈរ​ជាមួយ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ដើម្បី​ធានា​បង្កើត​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី មាន​វិបុលភាព​និង​បើកចំហ​ផងដែរ​។ ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​យោធា​ទ្វេភាគី​នេះដែរ លោក Sawyer បង្ហើប​ផងដែរ​ថា នៅពេល​ខាងមុខ​វា​នឹងមាន​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត​រវាង​កងទ័ពជើងទឹក​ប្រទេស​ទាំងពីរ​។

​ដោយឡែក​លោកស្រី​អគ្គ​កុងស៊ុល​អាមេរិក​ប្រចាំ​វៀតណាម Mary Tarnowka ដែល​ស្ថិតក្នុង​សន្និសីទ​ព័ត៌មាន​ដែរនោះ ឯកភាព​ថា វត្តមាន USS Carl Vinson នៅ​វៀតណាម​ជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋ​បាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។ នេះ​មានន័យថា អាមេរិក​នឹង​នៅតែ​នៅ​អាស៊ី មិន​បោះបង់ចោល​តំបន់​នេះឡើយ​។​

​លោកស្រី Tarnowka បានបញ្ជាក់​ដូច្នេះ​៖«​កាលពី​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ហ្វិ​កនៅ​ក្រុង​ដា​ណា​ង​ប្រទេស​វៀតណាម កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​ពេញមាត់​ថា អាមេរិក​នឹង​បន្ត​ចូលរួម​ធានា​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែលមាន​សេរីភាព និង​បើកចំហរ​។ វា​ជាការ​បង្ហាញ​មួយ​ច្បាស់​ពី​ការបន្ត​ការតភ្ជាប់​ទំនាក់ទំនង​ជាមួយ​តំបន់​ដោយ​យើង​ចែករម្លែក​អនាគត​ទាំងអស់គ្នា​»​។​

-​អាមេរិក​ត្រៀម​អូស​វៀតណាម​ចូល​សម្ព័ន្ធ​សន្តិសុខ​ចតុ​ភាគី (QUAD)?
​ខណៈដែល​វៀតណាម និង​អាមេរិក​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​រួមគ្នា គេ​ឃើញ​មានការ​លើកឡើង​ពី​លទ្ធភាព​នៃ​ការអូសទាញ​វៀតណាម​ឲ្យ​ចូលរួម​ជា​សមាជិក​បក្សសម្ព័ន្ធ​សន្តិសុខ​បួន​ភាគី (QUAD) ដែល​ត្រូវបាន​ភាគី​ទាំង​បួន​ឥណ្ឌា អាមេរិក ជប៉ុន និង​អូស្ត្រាលី បង្កើត​ឡើងវិញ​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ហ្វីលីពីន​ចុងឆ្នាំ​មុន​។​

​នៅ​តំបន់​អាស៊ាន អាមេរិក​អូសទាញ​ហ្វីលីពីន មិនបាន​ដោយសារ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បដិសេធ​ឱនក្បាល​ដាក់​អាមេរិក​ជា​សម្ព័ន្ធ​តាម​សន្ធិសញ្ញា​ដូច​មេដឹកនាំ​មុនៗ ដោយ​លោក​អះអាងថា រដ្ឋាភិបាល​ហ្វីលីពីន​បន្ត​ជំហរ​អ​ព្យា​ក្រឹត្យ​របស់ខ្លួន​ក្នុង​កាលៈទេសៈ​មិន​ច្បាស់លាស់​នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​ជាក់ស្តែង​លោក ហាក់​លម្អៀង​ទៅរក​ចិន​បន្តិច ដោយ​លោក​រំពឹង​អាច​ដោះស្រាយ​ជម្លោះ​បាន​ស្រួល និង​ទាញ​ប្រយោជន៍​សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្មបាន​ច្រើន​ពី​ទំនាក់ទំនង​ល្អ​រវាង​ចិន និង​ហ្វីលីពីន​ផងដែរ​។

​អស់ពី​ហ្វីលីពីន អាមេរិក​នៅសល់​វៀតណាម​មួយទៀត​ដែល​ខ្លួន​អាច​អូសទាញ​បាន​ដើម្បី​រួមដៃគ្នា​ទប់ទល់​ជាមួយ​ចិន​ក្នុង​តំបន់​ផងដែរ​។  ពាក់ព័ន្ធ​បញ្ហា​នេះ សាស្ត្រាចារ្យ​រុស្ស៊ី Yury Tavrovsky នៅមាន​មន្ទិលសង្ស័យ​ចំពោះ​សមត្ថភាព​អាមេរិក​ក្នុងការ​ផ្លាស់ប្តូរ​វៀតណាម​ឲ្យ​ទៅជា​សមាជិក​សម្ព័ន្ធ​បួន​ភាគី​នេះ​។

​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT អ្នកជំនាញ​រូបនេះ​សង្កត់ធ្ងន់ថា​៖« ការធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​ចិន​ខូចខាត វៀត​ណា​មិន​ទទួលបាន​អ្វី​ឡើយ​។ បន្ថែម​ពី​នោះ ចិន​បច្ចុប្បន្ន​ជាទី​ផ្សារ​ដ៏​ធំ​សម្រាប់​វៀតណាម ហើយ​ភាពជោគជ័យ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជា​រឿង​អាទិភាព​បំផុស​ម្រា​ប់​វៀតណាម​បច្ចុប្បន្ន​»​។

​វា​ដូច​ការលើកឡើង​នេះហើយ​។  វា​មិនមាន​ផលចំណេញ​ច្រើន​ទេ​សម្រាប់​វៀតណាម បើសិនជា​ប្រទេស​នេះ​ងាក​ចាប់​អាមេរិក​ផ្តាច់មុខ និង​ឈានទៅ​ចូលរួម​ជាមួយ​សម្ព័ន្ធ​សន្តិសុខ​បួន​ភាគី ដែលមាន​អាមេរិក ឥណ្ឌា អូស្ត្រាលី និង​ជប៉ុន​នោះ​។

​រឿង​ពិត​ជាក់ស្តែង វៀតណាម​មាន​ប្រយោជន៍​សេដ្ឋកិច្ច​ធំ​ជាមួយ​ចិន​ដោយ​វៀតណាម​ស្ថិតក្នុង​ចំណោម​ប្រទេស​អាស៊ាន​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ធំជាងគេ​ជាមួយ​ចិន​។ ចង់​មិន​វៀតណាម​មិនអាច​សម្រេចចិត្ត​ផ្តេសផ្តាស ឬ​ផ្តេកផ្តួល​តាម​ការបញ្ចុះ​បញ្ចូល​របស់​អាមេរិក​ឡើយ​។ ក្រុង​ហាណូយ​ពិតជា​ឆ្លាត​ល្មម​អាច​កំណត់​ផ្លូវ​ដើរ​របស់ខ្លួន​បាន ដោយ​គ្រាន់តែ​ចាប់​អាមេរិក​ជា​ខ្នងបង្អែក​សម្រាប់​រក្សា​សន្តិសុខ​ជាពិសេស​ទប់ទល់​ការបន្ត​វាតទី​របស់​ចិន​នៅ​តំបន់​ជម្លោះ ហើយ​ដៃ​ម្ខាង​ទៀត​បន្ត​ចាប់ដៃ​ចិន​រកស៊ី​ដើម្បី​រីកចម្រើន​ទៅមុខ​ដូចគ្នា​ផងដែរ​៕ 
 

Tag:
 អាមេរិក​
  USS Carl Vinson
 ​វៀតណាម​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com