អន្តរជាតិ
ចិន មិន​ព្រួយបារម្ភ​ពី​វត្តមាន​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក​នៅ​វៀតណាម​ឡើយ
07, Mar 2018 , 10:27 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហាក់​បង្ហាញ​ជំហរ​ស្ងៀមស្ងាត់​មិនសូវ​ជា​អើពើ​ចំពោះ​វត្តមាន​របស់​នាវា​ដឹក​យន្តហោះ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​វៀតណាម​ជា​លើកដំបូង​ប៉ុន្មាន​ឡើយ​។ សម្រាប់​ក្រុង​ប៉េកាំង អ្វីដែល​ខ្លួន​ចង់ឃើញ​នោះ គឺ​ការចូលរួម​ថែរក្សា​សន្តិភាព និង​សន្តិសុខ​នៅក្នុង​តំបន់​ពី​បណ្តា​ប្រទេស​ទាំងអស់ ដោយ​មិន​ត្រឹមតែ​ក្រុង​វ៉ាស៊ីនតោន​នោះទេ ។​



​នា​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃទី ៦ មីនា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ កាង ( Lu Kang) បានបញ្ជាក់​ពី​ជំហរ​ជាថ្មី​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​វត្តមាន​នាវា​ដឹក​ហោះ​អាមេរិក​មកកាន់​វៀតណាម ដែលជា​ភាគី​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​របស់​ចិន​នោះ ។ លោក មិន​យល់ឃើញថា​ជា ការគំរាមកំហែង​សន្តិសុខ​ទៅលើ​ចិន​នោះទេ ។

« យើង គ្មាន​បញ្ហា​អ្វី​ឡើយ ជាមួយនឹង​បណ្តា​ប្រទេស​ពាក់ព័ន្ធ ដែលមាន​ការអភិវឌ្ឍ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ធម្មតា​ជាមួយនឹង​គ្នា​នោះ ។ យើង ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចសហប្រតិបត្តិការ​ទាំងនោះ អាច​ចូលរួម​រក្សា​សន្តិភាព ស្ថិរភាព និង​ភាពរុងរឿង​នៅក្នុង​តំបន់​» ។ នេះ គឺ​ចម្លើយ​របស់​អ្នកនាំពាក្យ នៅពេលដែល​អ្នកកាសែត សួរថា​តើ​ចិន​មានការ​ព្រួយបារម្ភ​ទេ​ចំពោះ​វត្តមាន​នាវា​អាមេរិក​នៅ​វៀតណាម ។

​តាមពិតទៅ នេះ មិនមែនជា​លើកដំបូង​ឡើយ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បង្ហាញ​ជំហរ​មិនសូវ​ដាក់​ទម្ងន់​លើ​វត្តមាន​យោធា​អាមេរិក​នៅ​វៀតណាម ពោលគឺ ជំហរ​នេះ ចិន ធ្លាប់បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ម្តង​រួចហើយ​នៅពេលដែល អាមេរិក និង​វៀតណាម បាន​ព្រមព្រៀងគ្នា​លើកដំបូង​ក្នុងការ​អនុញ្ញាត​ឲ្យ​នាវា​ដឹក​យន្តហោះ​អាមេរិក​ទៅកាន់​វៀតណាម​នោះ ។

​គួរ​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃ​៥ មីនា នាវា​ដឹក​យន្តហោះ​មាន​ទម្ងន់​ជាង​ដប់​ម៉ឺន​តោន USS Carl Vinson បាន​ចូល​សំចត​នៅ​កំពង់ផែ​ដា​ណា​ង ប្រទេស​វៀតណាម ។ នេះ ជា​លើកដំបូង​បំផុត​ហើយ ដែល​នាវា​ដឹក​យន្តហោះ​អាមេរិក​មាន​វត្ត​មាននៅ​វៀតណាម​រាប់​ចាប់ពី​សង្គ្រាម​វៀតណាម​បិទ​បញ្ចប់ទៅ​ឆ្នាំ ១៩៧៥​មក​នោះ​។​

​តាម​ការអះអាង​របស់ លោក​ឧ​ត្ត​មនា​វី​ឯក Phillip G. Sawyer មេបញ្ជាការ​កង​នាវាចរណ៍​ទី​ប្រាំពីរ​របស់​អាមេរិក​វត្តមាន​របស់​កង​នាវា​អាមេរិក​នៅ​វៀតណាម​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​លូតលាស់​នៃ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​វៀតណាម និង អាមេរិក​៕


Tag:
 ចិន​
  វៀតណាម​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com