អន្តរជាតិ
​រុស្ស៊ី​៖ អាមេរិក​ចាយលុយ​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​
07, Mar 2018 , 5:20 pm        
រូបភាព
ដោយ: ថ្មីៗ
​សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី បាន​អះអាងថា អាមេរិក​ចំណាយលុយ​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ចូល​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​ហើយ​រុស្ស៊ី​ជា​គោលដៅ​សំខាន់​ជាងគេ​។ ការលើកឡើង​បែបនេះ​របស់​សមាជិកសភា​រុស្ស៊ី​កើតឡើង​ស្រប​ពេលដែល​ការបោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​កាន់តែ​ខិតជិត​មកដល់​។



​លុយរាប់​ពាន់​លាន​ត្រូវ​អាមេរិក​ប្រើប្រាស់​ដើម្បី​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​។ នេះ​ជាស​ម្តី​របស់​សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី​លោក Andrey Klimov នៅ​ថ្ងៃ​អង្គារ​ទី ៦ ខែមីនា​។
​បើតាម​សារព័ត៌មាន​រុស្ស៊ី RT លោក  Klimov ដែលជា​ប្រធាន​គណៈកម្មាធិការ​ក្រុមប្រឹក្សា​សហព័ន្ធ​ដែលមាន​តួនាទី​ការពារ​អធិបតេយ្យ​ជាតិ​រុស្ស៊ី​បាន​អះអាង​ដូច្នេះ​៖ «​យោងតាម​ប្រភព​បើកចំហ​ជាច្រើន លុយរាប់​ពាន់​លាន​ដុល្លារ​របស់​អាមេរិក​ត្រូវបាន​ប្រើប្រាស់​ដើម្បី​លូកលាន់​ប្រទេស​ដទៃ​»​។​

«​រុស្ស៊ី​ជា​គោលដៅ​សំខាន់​របស់​អា​មេ​រិ​។ យើង​ជា​ប្រទេស​តែមួយ​លើ​ពិភពលោក​ដែលមាន​លទ្ធភាព​តបត​ជាមួយ​អាមេរិក​វិញ​បាន​ភ្លាមៗ​។ ដូច្នេះហើយ​ការ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​យើង​ពី​សំណាក់​អាមេរិក​នោះ​នៅតែ​បន្ត​។ បច្ចុប្បន្ននេះ​សមរភូមិ​សំខាន់​គឺ​ការបោះឆ្នោត​ខាងមុខ​»​។ នេះ​ជាការ​លើកឡើង​បន្ថែម​របស់លោក Klimov​។ 

 សមាជិកសភា​រុស្ស៊ី​រូបនេះ​បាន​អះអាង​ដែរ​ថា កន្លងមក​វា​ជា​រឿង​គួរ​ឲ្យ​អស់សំណើច​ដែល​អាមេរិក​ចោទប្រកាន់​រុស្ស៊ី​រឿង​លូកលាន់​ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០១៦ ដោយ​គេ​លើកឡើង​ពី​ការចំណាយ​លើ​ពាណិជ្ជកម្ម​របស់​សារព័ត៌មាន​រុស្ស៊ី RT នៅ​សហរដ្ឋអាមេរិក ខណៈដែល​អាមេរិក​ខ្លួនឯង​ចាយលុយ​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​បង្ករឿង​។ បើតាម​លោក​ផ្ទាល់ អាមេរិក​ក៏បាន​ចោទប្រកាន់​មនុស្ស​បួនដប់​នាក់​ដែល​មិនមាន​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​រុស្ស៊ី​បន្តិច​សោះ ថា​បាន​លូកលាន់​ក្នុងការ​បោះឆ្នោត​នៅ​អាមេរិក ក្នុងពេលដែល​មហាអំណាច​នេះ​បន្ត​ការ​ស៊ើប​សំណុំរឿង​រុស្ស៊ី​លូកលាន់​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦​។ លោក កត់សម្គាល់​ផងដែរ​ថា បច្ចុប្បន្ននេះ បុគ្គលិក​ចន្លោះ​ពី ៥០០ ទៅ ៧០០​នាក់​នៅ​ទីភ្នាក់ងារ CIA រួមជាមួយ​មន្ត្រី​រាប់ពាន់នាក់​នៅ​ក្រសួងការបរទេស​អាមេរិក មន្ទីរ​ប៉ង់​តា​ហ្កូ​ន និង​នៅ​សភា​កំពុង​ចាត់ការ​សំណុំរឿង​រុស្ស៊ី​នេះដែរ​។​

​ដោយឡែក​សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី​ម្នាក់ទៀត​គឺ​លោក Oleg Morozov  បាន​បង្ហើប​ថា ការព្យាយាម​លូកលាន់​ក្នុង​បញ្ហា​ផ្ទៃក្នុង​រុស្ស៊ី​ពី​សំណាក់​អាមេរិក​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​អ្វីដែល​សំខាន់​អាមេរិក​ប្រើប្រាស់​អង្គការក្រៅរដ្ឋាភិបាល​ផង​។​

​លោក Oleg Morozov  ៖« រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​អាមេរិក​ផ្តល់​លុយ ៧២ ពាន់​លាន​រ៉ូ​ប ឬ ១,២ ពាន់​លាន​ដុល្លារ​ឲ្យ​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើ​សកម្មភាព​នៅ​រុស្ស៊ី​ឆ្នាំ ២០១៦​។ គេ​ព្យាយាម​ចាក់​បញ្ចូល​លុយ​ចូលក្នុង​ប្រទេស​រុស្ស៊ី​ក្រោម​ហេតុផល​ជួយ​បង្កើត​សង្គម​ស៊ីវិល​នៅ​រុស្ស៊ី ទោះបី​គ្មាន​គេ​ស្នើសុំ​ឲ្យ​ធ្វើ​ក៏ដោយ​។ នេះ​ជា​លុយ​ពន្ធ​អាមេរិក​ដែល​ចំណាយ​លើ​ការបង្កើត​ស្ថាប័ន​សង្គម​ស៊ីវិល​ក្នុងប្រទេស​យើង​»​។

​សង្គម​ស៊ីវិល និង​អង្គការក្រៅរដ្ឋាភិបាល​ជា​រឿងរ​ស៊ើប​នៅក្នុង​សង្គម​រុស្ស៊ី​។ ដូច​ឃើញស្រាប់​ហើយ​កន្លងមក​រុស្ស៊ី​បានអនុម័ត​ច្បាប់​គ្រប់គ្រង​អង្គការ​ដោយ​កំណត់ រាល់​អង្គ​ការដែល​ទទួល​បាន​ជំនួយ​ពី​បរទេស​ជាទី​ភ្នាក់ងារ​បរទេស ហើយ​អង្គការ​ទាំងនោះ​មាន​កាតព្វកិច្ច​ផ្តល់​របាយការណ៍​ជាប្រចាំ​ឆ្នាំ​ពាក់ព័ន្ធ​លុយ​ជំនួយ និង​សកម្មភាព​ខ្លួន​។ កាលពី​ចុង​ឆ្នាំមុន ក្រសួងយុត្តិធម៌​រុស្ស៊ី​ក៏បាន​ដាក់ចេញ​ចំណាត់ការ​ថ្មី​មួយ​ដោយ​រឹតបន្តឹង​សកម្មភាព​ស្ថាប័ន​ព័ត៌មាន​បរទេស​ប្រាំមួយ​ដែល​ទទួលបាន​លុយ​ជំនួយ​ពី​អាមេរិក​មាន វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក វិទ្យុ​អឺរ៉ុប​សេរី ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​អាមេរិក​ដែល​បង្ខំ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Sputnik និង RT ចុះបញ្ជី​ជាទី​ភ្នាក់ងារ​បរទេស​ផង​នោះ​៕


Tag:
 អាមេរិក​
 ​រុស្ស៊ី​
  Andrey Klimov
  Oleg Morozov
© រក្សាសិទ្ធិដោយ thmeythmey.com