អន្តរជាតិ
ប្រមុខ​ការទូត​ចិន​៖ ចិន​គ្មាន​បំណង​អង្គុយ​កៅអី​មហាអំណាច​ទីមួយ​របស់​អា​មេ​រិ​កឡើ​យ​
08, Mar 2018 , 8:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ក្នុងសន្និសីទសារព័ត៌មាន (រូបភាព៖ Xinhua)
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ក្នុងសន្និសីទសារព័ត៌មាន (រូបភាព៖ Xinhua)
​នៅ​ថ្ងៃទី​៨ ខែមីនា រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បានប្រកាស​ជា​សាធារណៈ​ថា ចិន​គ្មាន​បំណង​អង្គុយ​កៅអី​មហាអំណាច​ពិភពលោក​ជំនួស​អាមេរិក ទោះជា​ចិន និង​អាមេរិក គឺជា​គូប្រជែង​នឹង​គ្នា​ក្ដី​។ ប្រមុខ​ការទូត​ចិន​បាន​ប្រាប់​ឲ្យ​អាមេរិក​មើល​ចិន​ក្នុងនាម​ជា​ដៃគូ​សហប្រតិបត្តិការ​ជាជាង​សត្រូវ ប៉ុន្តែ​ចិន​ក៏​ត្រៀមខ្លួន​ជាស្រេច បើ​អាមេរិក​ជ្រើសរើស​ផ្លូវ​ប្រកួតប្រជែង​គ្នា​នោះ​។ លោក វ៉ាង យី ចង់​សំដៅ​សង្គ្រាម​ពាណិជ្ជកម្ម ដែល​កើតចេញពី​ផែនការ​ដំឡើង​ពន្ធ​នាំចូល​ដែកថែប​របស់​អាមេរិក​។​



​ចិន​ស្ថិតនៅ​លើផ្លូវ​វែងឆ្ងាយ​ទៅកាន់​ទំនើបកម្ម ហើយ​ចិន​គ្មាន​ការចាំបាច់ ឬ​បំណង​ជំនួស​តួនាទី​លើ​ឆាក​អន្តរជាតិ​របស់​អាមេរិក​ឡើយ​។ នេះ​ជាការ​ប្រកាស​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ចិន វ៉ាង យី នៅ​ថ្ងៃទី​៨ ខែមីនា នាឱកាស​សន្និសីទ​សារព័ត៌មាន​ក្រៅ​កិច្ចប្រជុំសភា​ប្រជាជន​ចិន​។ លោក វ៉ាង យី ប្រកាស​ដូចនេះ ក្រោយពេល​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​នៅ​ទូទាំង​ពិភពលោក ហើយ​ថែមទាំង​ចាត់ទុក​ចិន ជា​គូប្រជែង​យុទ្ធសាស្ត្រ​ទៅទៀត​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ថ្លែង​ពី​មជ្ឈមណ្ឌល​ព័ត៌មាន​ក្នុង​រដ្ឋធានី​ប៉េកាំង លោក វ៉ាង យី និយាយថា​៖ «​មាន​ជនជាតិ​អាមេរិក​ខ្លះ​ចោទ​ចិន​ថា កំពុងដណ្ដើម​តួនាទី​របស់​អាមេរិក​។ ការសន្និដ្ឋាន​ដូចនេះ គឺ​ខុស​ទាំងស្រុង​»​។ ប្រមុខ​ការទូត​រូបនេះ​បន្តថា ទោះបីជា​ចិន និង​អាមេរិក​ប្រជែង​គ្នា​ក្ដី ក៏​ការប្រកួតប្រជែង​គ្នា​នោះ គួរ​ត្រូវបាន​មើលឃើញ​ក្នុង​ផ្លូវ​វិជ្ជមាន ដែល​នេះ​ជា​បញ្ហា​ធម្មតា​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​។​

​ក្នុង​យុទ្ធសាស្ត្រ​ការពារជាតិ​ចុងក្រោយ​របស់​អាមេរិក ចិន​ត្រូវបាន​បញ្ចូល​ឈ្មោះ​ជា​គូប្រជែង​របស់​អាមេរិក ហើយ​មន្ត្រី​ផ្នែក​សន្តិសុខ​អាមេរិក​បាន​ទទូច​ឲ្យ​មានការ​ឆ្លើយតប​ឥទ្ធិពល​តាម​គ្រប់​រូបភាព​ទាំងអស់​ដូចជា​សេដ្ឋកិច្ច យោធា និង​បច្ចេកវិទ្យា​ជាដើម​។ រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​ត្រៀម​ប្រកាស​ដំឡើង​ពន្ធ​នាំចូល​ដែកថែប និង​អាលុយមីញ៉ូម​ថែមទៀត ដែល​រឿង​ធ្វើ​ឲ្យ​គេ​បារម្ភ​ថា សង្គ្រាម​ពាណិជ្ជកម្ម​អាច​ផ្ទុះឡើង​មិន​ខាន​។​

​ចិន​មិន​សប្បាយ​ចិត្តនឹង​គម្រោង​ដំឡើង​ពន្ធ​របស់​អាមេរិក​ឡើយ ទោះជា​ទំហំ​នាំចូល​ដែកថែប​ទៅ​អាមេរិក​មាន​ទំហំ​ត្រឹម​៣​ភាគរយ​នៃ​ការ​នាំចូល​ទាំងអស់​ក្ដី​។ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ចាត់ទុក​ចំណាត់ការ​របស់​ក្រុង​វ៉ាស៊ីនតោន​ជាការ​ផ្សំ​ថ្នាំ​ខុស ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ភាគី​ទាំងសងខាង​។ លោក វ៉ាង យី ព្រមាន​ថា ចិន​នឹង​ចាត់វិធានការ​ដែល​ស្របច្បាប់ និង​ចាំបាច់​ដើម្បី​តបត​វិញ​មិន​ខាន​។

​ជាមួយគ្នា​នោះ ប្រមុខ​ការទូត​ចិន​ក៏​ស្នើ​ឲ្យ​មានការ​លុបបំបាត់​ទ្រឹស្ដី​ដែលថា ចិន​គំរាម​គេឯង​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល លោក វ៉ាង យី លើកឡើងថា ប្រទេស​ដែល​មិន​អនុវត្ត​ស្ដង់ដា​ពីរ​ជាន់ ឬ​មិនមាន​ជំហរ​ប្រឆាំង​ចិន នឹង​មើលឃើញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​ជា​ឱកាស មិនមែន​ការគំរាមកំហែង​អ្វី​ឡើយ​។ លោក​រំឭកថា ពីមុន​មាន​ទ្រឹស្ដី​ថា ចិន​នឹង​ដួលរលំ តែ​ទ្រឹស្ដី​នេះ​បាន​លិច​កប់​ទៅវិញ ពេល​ចិន​រីកចម្រើន ឥឡូវនេះ​ក៏​ដល់​ជីក​កប់​ទ្រឹស្តី​ចិន​គំរាម​គេ​ដែរ​៕


Tag:
 ចិន​
  អាមេរិក​
  វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com