កីឡាអន្តរជាតិ
អន្តរជាតិ
Wenger ថមថយ​សម្ពាធ ក្រោយ Arsenal ឈ្នះ AC Milan ២-០ ពាន Europa League
09, Mar 2018 , 2:27 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
​លោក Arsene Wenger អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ធូរស្រាល​សម្ពាធ​បន្តិច​ក្រោយ​យកឈ្នះ AC Milan ២-០ នៃ​ការប្រកួត​ពានរង្វាន់ EUFA Europa League ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ នៅ​រាត្រី​ថ្ងៃទី ៨ ខែមីនា​។​



​នៅក្នុង​ទឹកដី San Siro ខ្សែបម្រើ Henrikh Mkhitaryan បាន​ជួយ​ឲ្យ Arsenal នាំមុខ ម្ចាស់ផ្ទះ​១​គ្រាប់​មុន​នៅ​នាទី​ទី​១៥ ជាមួយនឹង​គ្រាប់​បាល់​ដំបូង​របស់គេ​ក្នុងនាម​ជា​កីឡាករ​ចំនូល​ថ្មី មុនពេល Aaron Ramsey ស៊ុត​បន្ថែម​គ្រាប់​ទី​២ មុន​ចប់​តង់​ទី​១​។​



​ចូលដល់​តង់​ទី​២ ក្រុម​ទាំងពីរ​មិនមាន​ការ​ស៊ុត​ប​ញ្ជូ​ល​ទី​គ្នា​នោះទេ​រហូតដល់​ចប់​ការប្រកួត AC Milan ០-២ Arsenal​។​

​ជ័យជម្នះ​នៅក្រៅ​ដី​នេះ បានធ្វើ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Arsene Wenger មាន​ភាគរយ​ច្រើន​ដើម្បី​ឈាន ទៅកាន់​វគ្គ​បន្តទៀត​សម្រាប់​ពាន​លំដាប់​ទី​២​អឺរ៉ុប​នេះ​។​
​អ្នកចាត់ការ​សញ្ជាតិ​បារាំង វ័យ​៦៨​ឆ្នាំ ត្រូវការ​យ៉ាងខ្លាំង​នូវ​លទ្ធផល​ជា​វិជ្ជមាន​បែបនេះ ក្រោយពី​ស្ថិតក្រោម​សម្ពាធ​ពី​ការបរាជ័យ ៤ លើក​ជាប់ៗ​គ្នា និង​ដើម្បី​ជាការ​រក្សា​កៅអី​របស់លោក​ផងដែរ​។​



​អ្នកចាត់ការ​រូបនេះ​បាន​ប្រាប់ BT Sport ថា​៖«​វា​គឺជា​ជ័យជម្នះ​ដ៏​សំខាន់​មួយ​បន្ទាប់ពី​យើង​ឆ្លងកាត់​សប្តាហ៍​ដ៏​អាក្រក់​។ ខ្ញុំ​សប្បាយរីករាយ​ជាមួយនឹង​ស្មារតី​និង​ការឆ្លើយតប​ដែល​យើង​បានទទួល​ពេលនេះ​។ នៅពេល​អ្នក​ដួលសន្លប់​ដូចជា​អ្នក​ប្រដាល់​ម្នាក់​នៅលើ​សង្វៀន​នោះ អ្នក​មិនមាន​ពេលវេលា​ដើម្បី​តដៃ​វិញ​ទេ ប៉ុន្តែ​អ្នក​អាច​តបត​វិញ​បាន​នៅពេល​ក្រោយ​»​។​

​ការប្រកួត​ជើង​ទី​២ នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Emirates ក្នុង​រយៈពេល ៧​ថ្ងៃ​ទៀត ដើម្បី​កាត់សេចក្តី​ថា ក្រុម​របស់លោក Gennaro Gattuso ឬ Wenger អាច​ឈានទៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​បាន​។​



​សម្រាប់ Arsenal ក្នុងការ​ប្រកួត​ក្នុង​លី​ក ពួកគេ​ធ្វើ​មិន​បានល្អ​នោះទេ​ដោយ​ប្រឈម​មិនបាន​លេង Champions League ឬ Europa League រដូវ​កាល​ក្រោយ​។ ក្រុម​ដែល​ស្ថិតក្នុង​ក្រុង​ឡុង​ដ៍​នេះ មាន​ពិន្ទុ​តាម​ពីក្រោយ​ដាច់​ឆ្ងាយ​ពី​ក្រុម​លេង​៥ ក្នុង​តារាង Premier League រហូត ៨​ពិន្ទុ និង​ក្រោម​ក្រុម​លេខ​៤ ដល់​ទៅ ១៣ ពិន្ទុ​។ ដូច្នេះ ជម្រើស​ល្អ​ជាងគេ​សម្រាប់​ក្រុម​រហស្សនាម​កាំភ្លើង​ធំ គឺ​ត្រូវ​លើក​ពាន Europa League នៅ​រដូវ​កាល​នេះ​ឲ្យ​បាន ទើប​មាន​កៅអី​លេង​ក្នុង​ពាន​កំពូល​អឺរ៉ុប​ដោយ​ស្វ័យប្រវត្តិ​នៅ​រដូវ​កាល​ក្រោយ​៕

​លទ្ធផល​គូ​ដទៃទៀត នៃ​ការប្រកួត​ជើង​ទី​១ Europa League មាន​ដូចខាងក្រោម​៖
-Atletico Madrid ៣ - ០ Lokomotiv Moscow
-Borussia Dortmund ១ - ២ Salzburg
-CSKA Moscow ០ - ១ Lyon
-Lazio ២ - ២ Dynamo Kyiv
-Marseille ៣ - ១ Athletic Bilbao
-RasenBallsport Leipzig ២ - ១ Zenit St. Petersburg
-Sporting CP ២ - ០ Viktoria Plzen


Tag:
 បាល់ទាត់​
  Arsenal
  AC Milan
  EUFA Europa League
  Arsene Wenger
© រក្សាសិទ្ធិដោយ thmeythmey.com