អន្តរជាតិ
សម្ព័ន្ធមិត្ត​អាមេរិក​រិះគន់​លោក ត្រាំ ឥត​សំចៃមាត់​ព្រោះ​ដំឡើង​ពន្ធ​នាំចូល​លើ​ដែកថែប និង​អាលុយមីញ៉ូម​
09, Mar 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បណ្តា​សម្ព័ន្ធ​និង​ដៃគូ​អាមេរិក​លើ​ពិភពលោក បានបង្ហាញ​ការបារម្ភ និង​ខកចិត្ត​ខ្លាំង​ចំពោះ​រដ្ឋបាល​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​រឹងទទឹង​បន្ត​ដាក់​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​ដែល​នាំចូល​ពី​បរទេស​។ គេ​បារម្ភ​ថា ចំណាត់ការ​របស់​ត្រាំ នឹង​បង្កើត​សង្គ្រាម​ពាណិជ្ជកម្ម​ដែលជា​ដើមហេតុ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ផង​។​



​សម្ព័ន្ធមិត្ត​អាមេរិក​ជាច្រើន​បានចេញ​មុខ​រិះគន់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៨​ខែមីនា ជុំវិញ​ការសម្រេច​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​នោះ​។ លោក ត្រាំ​សម្រេច​ដំឡើង​ពន្ធ​នាំចូល ២៥ ភាគរយ​សម្រាប់​ដែកថែប និង​១០​ភាគរយ​សម្រាប់​អាលុយមីញ៉ូម បើទោះជា​មានការ​ទទូច​ឲ្យ​លោក​ពិចារណា​ឡើងវិញ​ទាំង​ក្នុង និង​ក្រៅ​ស្រុង​ក្តី​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អង់គ្លេស Liam Fox បាន​ទិតៀន​មេដឹកនាំ​អាមេរិក និង​បានចាត់ទុក​ចំណាត់ការ​របស់លោក ត្រាំ ថា​ជា​រឿង​ខុសឆ្គង​ដែល​មិនអាច​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​បានឡើយ​។​

​លោក​បានបញ្ជាក់​ដូច្នេះ​«​យើង​អាច​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​នេះ​បាន​ដោយ​ផ្អែកលើ​ការប្រឹក្សា​យោបល់​ជា​ពហុភាគី ប៉ុន្តែ​អ្វីដែល​អាមេរិក​កំពុង​ធ្វើ​គឺ​ខុស​ហើយ​។ ការ​គាំពារ​និយម ដែល​ដំឡើង​ពន្ធ​នោះ​មិនមាន​ប្រសិទ្ធភាព​ឡើយ »​។

​យ៉ាងណាមិញ មន្ត្រីជានខ្ពស់​របស់​អង់គ្លេស​រូបនេះ​បាន​បង្ហើប​ថា លោក​នឹង​អាចធ្វើ​ដំណើរ​ទៅ​ក្រុង​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ជួប​ជាមួយ​បណ្តា​មន្ត្រី​អាមេរិក និង​ស្វែងរក​លទ្ធភាព​ដែល​អាច​សម្រួល​បញ្ហា​នេះ ជាពិសេស​ស្នើសុំ​ឲ្យ​អាមេរិក​លើកលែង​ការដំឡើង​ពន្ធ​នេះ​ចំពោះ​សម្ព័ន្ធ​ខ្លួន​ផង​។​

​ដោយឡែក​កាណាដា​ដែលជា​ប្រទេស​ផ្គត់ផ្គង់​ដែកថែប និង​អាលុយមីញ៉ូម​ឲ្យ​អាមេរិក​ដែរនោះ ក៏​ខកចិត្ត​មិន​ស្ទើរ​ដែរ​ចំពោះ​ចំណាត់ការ​គ្មាន​មូលដ្ឋាន​របស់​អាមេរិក​នេះ ហើយ​ប៉ុន្មាន​ថ្ងៃ​មុននេះ​ទាំង​មន្ត្រីជាន់ខ្ពស់ រួមទាំង​នាយករដ្ឋមន្ត្រី​កាណាដា​ផង​នាំគ្នា​ទទូច​ឲ្យ​សមាជិកសភា​អាមេរិក និង​រដ្ឋបាល​លោក ត្រាំ ពិចារណា​ឡើងវិញ​ចំពោះ​គម្រោង​ដំឡើង​ពន្ធ​នេះដែរ​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កាណាដា Chrystia Freeland  បាន​សង្កត់ធ្ងន់ថា កាណាដា នឹង​បន្ត​ប្រឆាំងនឹង​ការដាក់​ដំឡើង​ពន្ធ​នាំចូល​ដែកថែប និង​អាលុយមីញ៉ូម​របស់​អាមេរិក ទោះបីជា​កាណាដា​រួចផុត​ពី​វិធានការ​ដំឡើង​ពន្ធ​នេះ​ជាមួយ​ម៉ិ​ក​ស៊ិ​ក​ក៏ដោយចុះ​។​

«​ថ្ងៃនេះ​វា​មាន​ជំហាន​ទៅមុខទៀត​។ វា​កាន់តែ​លំបាក​សម្រាប់​ការងារ​របស់​យើង​។ ប៉ុន្មាន​ថ្ងៃមុន​យើង​បាន​ប្រឹងប្រែង​ធ្វើការ​ងារ​ជាមួយ​សម​ភាគី​អាមេរិក​ដើម្បី​ធានាថា វា​មានការ​លើកលែង​សម្រាប់​កា​ណា​។ យើង​នឹង​បន្តការងារ​ទៀត​រហូតដល់ ការបង្កើន​ពន្ធ​នាំចូល​នេះ​ត្រូវបាន​ដកចេញ​ជា​ផ្លូវការ និង​ជា​អចិន្ត្រៃយ៍​ដែរ​»​។​

​ក្រៅពី​កាណាដា សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប បារាំង​នោះ ក៏​ប្រកាសថា ខ្លួន​សោកស្តាយ​ដែល​អាមេរិក​បន្ត​ដំឡើង​ពន្ធ​មិន​ស្តាប់​គេ​ស្តាប់​ឯង​ដែរ​។  Bruno Le Maire ដែលជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង បាន​និយាយ​ដោយ​ឥត​លាក់លៀម​ថា ចំណាត់ការ​របស់លោក ត្រាំ ជា​រឿង​មិនអាច​ទទួលយក​បានឡើយ ហើយ​គ្មាន​អ្នកណា​ឈ្នះ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​របស់លោក ត្រាំ​នេះដែរ​។​

​លោក​បាន​ព្រមាន​បន្ថែម​ផងដែរ​ថា វិធានការ​គាំពារ​និយម​របស់​អាមេរិក​នេះ​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប​ជាពិសេស​ក្រុម​ហ៊ុ​បារាំង​មួយចំនួន​ផង​។ លោក​ក៏​ឆ្លៀត​អំពាវនាវ​ឲ្យ​បណ្តា​រដ្ឋ​អឺរ៉ុប​ចូលរួម​ចាប់ដៃគ្នា​ជា​ធ្លុង​មួយ​ដើម្បី​ឆ្លើយតប​នឹង​វិធានការ​អាមេរិក និង​ទាមទារ​ឲ្យ​អាមេរិក​លើកលែង​ការអនុវត្ត​វិធានការ​នេះ​ចំពោះ​សហភាព​អឺរ៉ុប​ថែម​ទៀតផង​។​

​នៅ​អាស៊ី​ក្រៅពី​ចិន គេ​ឃើញ​សម្ព័ន្ធមិត្ត​អាមេរិក ជប៉ុន​ចេញមុខ​ទិតៀន​វិធានការ​មេដឹកនាំ​អាមេរិក​នៅ​ថ្ងៃ​សុក្រ​ទី ៩ ខែមីនា​ដែរ​។  រដ្ឋមន្ត្រីការបរទេស​ជប៉ុន Taro Kono បានផ្តល់​យោបល់​ថា ផលប៉ះពាល់​ដ៏​ធំ​លើ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ជប៉ុន និង​អាមេរិក ក៏ដូចជា​សេដ្ឋកិច្ចពិភពលោក នឹង​កើតឡើង​ដោយសារ​វិធានការ​អាមេរិក​នេះ​។ មិន​ខុសពី​មេដឹកនាំ​អឺរ៉ុប​ខាងលើ​ដែរ មន្ត្រីការទូត​ជាន់ខ្ពស់​រូប​អះអាងថា លោក​ត្រៀមខ្លួន​ចរចា​ជាមួយ​អាមេរិក​ក្នុងនាម​ជា​ដៃគូ​ជិតស្និទ្ធ​ផ្នែក​សន្តិសុខ និង​ពាណិជ្ជកម្ម​ដើម្បី​ធានា​ឲ្យ​មានការ​លើកលែង​ចំពោះ​ជប៉ុន​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  អាមេរិក​
  ពន្ធ​នាំចូល​
  ជប៉ុន​
  បារាំង​
  កាណាដា​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com