អន្តរជាតិ
ប្រទេស ១១ ឯកភាពគ្នា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី TPP ទោះ​គ្មាន​អាមេរិក​ក៏ដោយ​
09, Mar 2018 , 10:59 pm        
រូបភាព
រូបភាព Europe1
រូបភាព Europe1
ដោយ: ថ្មីៗ
​ដោយ​គ្មាន​សហរដ្ឋអាមេរិក ប្រទេស​សេសសល់ ១១ បានសម្រេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ជា​ផ្លូវការ​នៅ​ថ្ងៃ ៨ ខែមីនា​នៅក្នុង​ប្រទេស​ស៊ី​លី​។ កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ ការបើកចំហ​ទីផ្សារ​តំបន់​កាន់តែ​ទូលំទូលាយ និង​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​ឲ្យ​កាន់តែខ្លាំង​ផងដែរ​។



​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ និង​ជឿនលឿន​សម្រាប់​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ដែល​ពីមុន​មាន​ឈ្មោះថា ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) នោះ​ត្រូវបាន​ភាគី​ចំនួន ១១ ចុះហត្ថលេខា​ជា​ផ្លូវការ​ហើយ​នៅ​ទីក្រុង Santiago ប្រទេស​ស៊ី​លី  ទោះ​គ្មាន​វត្តមាន​អាមេរិក​ក្តី​។ ភាគី​ដែល​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​អះអាងថា វា​ជា​សមិទ្ធផល​ដ៏​ចម្បង​មួយ​ក្នុងការ​បង្កើត​ពាណិជ្ជក​ម្ម​សេរី​ក្នុង​តំបន់​។

​លោកស្រី​ប្រធានាធិបតី​ស៊ី​លី Michelle Bachelet បាន​អះអាងថា ភាគី​ទាំងអស់​មាន​មោទនភាព​ដែល​អាច​បន្ត​ដើរទៅ​មុខ​និង​រុញ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ចេញ​រូបរាង​ជា​ផ្លូវការ​។  លោកស្រី​បញ្ជាក់​ដូច្នេះ​៖ «​យើង​មាន​មោទនភាព​ណាស់​ក្នុងការ​បញ្ចប់​ដំណើរការ និង​ផ្ញើ​សារ​ចម្បង​ទៅ​សហគមន៍​អន្តរជាតិ​ថា ការបើកចំហ​ទីផ្សារ សមាហរណកម្ម​សេដ្ឋកិច្ច និង​បង្កើត​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដែល​អាចបង្កើត​ឱកាស​សេដ្ឋកិច្ច និង​វិបុលភាព​»​។

​មាន​សមាជិក​ចំនួន ១១ កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​គេ​កែទម្រង់ និង​ប្តូរ​ឈ្មោះ​ថ្មី​នេះ​នឹង​ក្លាយជា​ទីផ្សារ​ដ៏​ធំ​ដែលមាន​ប្រជាជន​សរុប​៥០០​លាន​នាក់ ហើយ​តំណាង​ឲ្យ ១៣,៥​ភាគរយ​សេដ្ឋកិច្ចពិភពលោក​ផង​។ កិច្ចព្រមព្រៀង​នេះ​នឹង​លុបចោល​របាំង​ពន្ធគយ និង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជ​ឆ្លង​ទ្វីប​ផងដែរ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ចំណុច​ដែលមាន​ចែង​ភាគច្រើន​ត្រូវបាន​រក្សាទុក​បើទោះបី​ជាមាន​ការប្តូរឈ្មោះ និង​កែកុន​ខ្លះ​ក៏ដោយ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​សមាជិក​ទាំង ១១ នៅ​សេសសល់​ឯកភាពគ្នា​បន្ថែម​មាត្រា​ពាក់ព័ន្ធ​កម្មសិទ្ធិបញ្ញា​ផងដែរ​។ កិច្ចព្រមព្រៀង​នេះ​នឹង​ចូល​ជា​ធរមាន​រយៈពេល ៦០​ថ្ងៃក្រោយ​ពេលដែល​ភាគី​ចំនួន ប្រាំមួយ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​រួចរាល់​ហើយ​នោះ​។

​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​នេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កាណាដា Francois-Philippe Champagne បង្ហាញ​ការយល់ឃើញថា កិច្ចព្រមព្រៀង​មួយ​នេះ​សំខាន់បំផុត​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​នា​សម័យកាល​ជឿ​លឿន​ដូច​ពេលបច្ចុប្បន្ន​។ ចំណែក​តំណាង​អ្នកចរចា​របស់​ប្រទេស​ស៊ី​លី Felipe Lopeandia  បាន​បន្ថែមថា ការសម្រេច​ចុះ​កិច្ចព្រមព្រៀង​របស់​ភាគី​ទាំង ១១ នេះ​បាន​ផ្ញើ​សារ​នយោបាយ​ដ៏​សំខាន់​មួយ​ទៅកាន់​ពិភពលោក ជាពិសេស​អាមេរិក​ឲ្យ​បានដឹងថា វា​ជា​កិច្ចព្រមព្រៀង​ពិភពលោក​។  

​តាមពិតទៅ អតីត​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា មាន​ចំណែក​សំខាន់​ក្នុង​ការជំរុញ​ឲ្យ​មានការ​បង្កើត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​នេះឡើយ ហើយ​វា​ត្រូវ​បា​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ខែ​ឆ្នាំ​តុលា ឆ្នាំ​២០១៥ ដោយ​ភាគី ១២ ដោយ​ក្នុងនោះ​មាន​ប្រទេស​អាស៊ាន​ចំនួន​បួន ម៉ាឡេស៊ី វៀតណាម ព្រុយ​ណេ និង​សិង្ហ​បុរី​ដែរ​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្តង់ដា​មាស​នេះ​តំណាង​ឲ្យ​សេដ្ឋកិច្ច ៤០​ភាគរយ​ទូទាំង​ពិភពលោក ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ កិច្ចព្រមព្រៀង​នេះ​ត្រូវស្លាប់ ដោយសារ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ  ដក​អាមេរិក​ចេញ​កាលពី​ឆ្នាំមុន ដោយ​ប្តេជ្ញា​ដ​ម្ក​ល់​ប្រយោជន៍​អាមេរិក​ជាធំ​ផង​៕


Tag:
 TPP
  CPTPP
  ស៊ី​លី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com