អន្តរជាតិ
កូរ៉េខាងជើង​នៅ​ស្ងៀម​មិន​ហា​ស្ដី​រឿង​ជំនួប​ត្រាំ​-​គីម​
12, Mar 2018 , 9:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​មកទល់ពេលនេះ កូរ៉េខាងជើង​មិនទាន់​និយាយ​អ្វី​ទាំងអស់​ជុំវិញ​គម្រោង​នៃ​ជំនួប​រវាង​លោក​គីម ជុង​អ៊ុន និង​លោក​ដូ​ណា​ល់ ត្រាំ ។ គេ​មិនទាន់​ឃើញ​ទាល់តែសោះ​ការផ្សាយ​ពី​គម្រោង​នេះ​នៅតាម​សារព័ត៌មាន​កូរ៉េខាងជើង ខណៈ​រដ្ឋាភិបាល​កូរ៉េខាងជើង​ក៏​មិនទាន់​ចេញមុខ​ប្រកាស​អ្វី​ដែរ​ជុំវិញ​រឿងនេះ​ដែរ​។ ព័ត៌មាន​ទាំងអស់​ទាក់ទង​ជំនួប​ប្រវត្តិសាស្ត្រ​នៅ​ខែឧសភា ត្រូវបាន​ទម្លាយ​ដោយ​មន្ត្រី​កូរ៉េខាងត្បូង​នៅ​សេត​វិមាន ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ពេញ​ពិភពលោក​។​



​នៅ​ថ្ងៃទី​៩ ខែមីនា ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង ក្រោយ​យល់ព្រម​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ខែឧសភា​។ សារព័ត៌មាន​ពេញ​ពិភពលោក​បាន​ចុះផ្សាយ​ពី​បញ្ហា​នេះ​។ ប៉ុន្តែ​មកទល់​ថ្ងៃទី​១២ ខែមីនា គេ​មិនឃើញ​កូរ៉េខាងជើង​ចេញ​សេចក្ដីថ្លែងការណ៍​ផ្លូវការ​ណាមួយ​ពាក់ព័ន្ធ​គម្រោង​ជំនួប​នេះឡើយ ហើយ​សារព័ត៌មាន​កូរ៉េខាងជើង​ក៏​មិនបាន​ផ្សាយ​ពី​ព័ត៌មាន​នេះ​ដូចគ្នា​។​

​ឯ​កូរ៉េខាងត្បូង ដែលជា​អ្នក​ប្រកាស​ព័ត៌មាន​នៃ​គម្រោង​ជំនួប​រវាង​លោក ត្រាំ និង​លោក គីម នោះ ក៏​មិនទាន់​បានទទួល​ការឆ្លើយតប​វិញ​ដែរ​។ អ្នកនាំពាក្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េ Baik Tae-hyun និយាយថា កូរ៉េខាងជើង​ទំនងជា​ត្រូវការ​ពេលវេលា​បន្ថែម និង​បង្ហាញ​ឥរិយាបថ​ប្រុងប្រយ័ត្ន មុននឹង​ឆ្លើយតប​វិញ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។  

​ខុសពី​កូរ៉េខាងជើង ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ជាច្រើនលើក​ពាក់ព័ន្ធ​ជំនួប​លើកដំបូង​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​។ លោក ត្រាំ បានបង្ហាញ​ជំនឿ​ចិត្ត​ថា ការចរចា​ជាមួយ​លោក គីម អាច​ទទួលបាន​លទ្ធផល​ល្អប្រសើរ ហើយ​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន នឹង​ក្លាយជា​កិច្ចព្រមព្រៀង​ល្អ​ជាងគេ​បំផុត​របស់​ពិភពលោក​។ លើសពីនោះ លោក ត្រាំ ទំនងជា​ជឿ​ទាំងស្រុង​សម្ដី​សន្យា​មិន​បាញ់​មី​ស៊ី​ល ឬ​សាកល្បង​នុយក្លេអ៊ែរ​ពី​សំណាក់​កូរ៉េខាងជើង​។​

​គម្រោង​ជួបគ្នា​រវាង​លោក ត្រាំ និង​លោក គីម គឺជា​ចំណុច​របត់​ថ្មី​មិន​ធ្លាប់មាន​ក្នុងការ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ព្រោះ​មិនដែល​មាន​ប្រធានាធិបតី​អាមេរិក​ក្នុង​តំណែង​ជួប​ជជែក​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ឡើយ​។ ទោះជា​យល់ព្រម​ជួបគ្នា​ក្ដី ទីកន្លែង និង​ពេលវេលា​ជាក់លាក់​នៃ​ជំនួប​នេះ នៅ​មិនទាន់​កំណត់​នៅឡើយ ខណៈ​គេ​ឃើញ​ទីតាំង​មួយចំនួន​អាចធ្វើ​ម្ចាស់ផ្ទះ​បាន​ដូចជា តំបន់​គ្មាន​កងទ័ព កោះ​ជេ​ជូ​របស់​កូរ៉េខាងត្បូង ទីក្រុង​ប៉េកាំង ឬ​ទីក្រុង​ហ្សឺ​ណែវ​ជាដើម​។​

​ការមិនទាន់កំណត់​ទី​តាំង និង​ពេលវេលា​នៃ​ជំនួប​កម្រ​នេះ អាចជា​មូលហេតុ​ដែល​កូរ៉េខាងជើង​មិនទាន់​និយាយ​អ្វី​សោះ​បី​ថ្ងៃ​មកនេះ​។ ជា​ទម្លាប់ កូរ៉េខាងជើង​មិន​ប្រកាស​ព័ត៌មាន​ដែល​មិន​ច្បាស់លាស់​ឡើយ លុះត្រា​តែមាន​ព័ត៌មាន​ជាក់លាក់​គ្រប់​ជ្រុងជ្រោយ​ទើប​ចេញ​សេចក្ដីប្រកាស​តែម្ដង​។ សព្វថ្ងៃនេះ សូម្បីតែ​ជំនួប​រវាង​លោក គីម និង​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ក៏​កូរ៉េខាងជើង​មិនមាន​សេចក្ដីថ្លែងការណ៍​អ្វី​ដែរ​៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com