អន្តរជាតិ
ធ្លាក់​យន្តហោះ​នៅ​នេ​ប៉ាល់​ស្លាប់​៤៩​នាក់ ធ្លាក់​នៅ​អ៊ីរ៉ង់​ស្លាប់​១១​នាក់ និង​ធ្លា​ក់នៅ​ញូវយ៉ក​ស្លាប់​៥​នាក់​
12, Mar 2018 , 11:23 pm        
រូបភាព
សកម្មភាពសង្គ្រោះក្រោយយន្តហោះធ្លាក់នៅនេប៉ាល់។ រូបថត AFP
សកម្មភាពសង្គ្រោះក្រោយយន្តហោះធ្លាក់នៅនេប៉ាល់។ រូបថត AFP
ដោយ: រួបរួម
នា​រយៈពេល​ពីរ​ថ្ងៃ (​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទ​) ករណី​គ្រោះថ្នាក់​យន្តហោះ​បានកើត​ឡើង​ចំនួន​២​លើក និង​ឧទ្ធម្ភាគចក្រ​១​លើក ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​សរុប​៦៥​នាក់ ដោយ​គិត​ត្រឹម​ម៉ោង​១១​យប់​ថ្ងៃ​ចន្ទ ទី​១២ ខែមីនា​។​

 
​មនុស្ស​៤៩​នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅក្បែរ​អាកាសយានដ្ឋាន ក្រុងក​ដ្ឋ​ម​ណ្ឌូ ប្រទេស​នេ​ប៉ាល់ នា​ថ្ងៃ​ចន្ទ​នេះ​។ វា​ជា​ករណី​គ្រោះថ្នាក់​អាកាសចរណ៍​ដ៏​អាក្រក់​បំផុត​នៅ​នេ​ប៉ាល់ នា​រយៈពេល​៣​ទសវត្សរ៍​ចុងក្រោយ​នេះ​។​
 
​បើតាម AFP យន្តហោះ US-Bangla Airlines ផ្ទុក​មនុស្ស​៧១​នាក់ ស្ថិតក្នុង​ដំណើរ​មកពី​ក្រុង​ដា​កា ប្រទេស​បង់​ក្លា​ដែ​ស ដោយ​វា​បាន​ចុះចត​ខុសផ្លូវ ហើយ​រអិល​ចូល​ក្បែរ​ទីលាន​បាល់ទាត់​មួយ​។ ក្រុម​សង្គ្រោះបាន​កាត់​យន្តហោះ ជាច្រើន​បំណែក​ដើម្បី​រំដោះ​មនុស្ស​នៅក្នុង​នោះ​។​
 
​អ្នកនាំពាក្យ​ប៉ូលិស លោក Manoj Neupane បាន​រាយការណ៍​ប្រាប់ AFP ថា ក្នុងចំណោម​មនុស្ស​៤៩​នាក់ ដែល​បាន​ស្លាប់ មាន​៩​នាក់​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ រីឯ​ជាង​២០​នាក់​ទៀត កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ជាទីបំផុត​។​
 
​នៅ​ទឹកដី​អ៊ីរ៉ង់​ឯណោះ​វិញ ស្ត្រី​១១​នាក់ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដែល​ជិះ​ជា​ឯកជន​មួយ​។ បណ្តាញ​ព័ត៌មាន​អ៊ីរ៉ង់ បាន​បញ្ជាក់ថា យន្តហោះ Bombardier Challenger 604 បាន​ដឹក​នាង Mina Basaran ដែលជា​កូនស្រី​អ្នកជំនួញ​ជាន់ខ្ពស់​តួ​ក​គី​ម្នាក់ រួមទាំង​មិត្តភក្តិ​៧​នាក់​ទៀត ពី​ក្រុង Sharjah ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ទៅ​ក្រុង​អ៊ី​ស្តង់​ប៊ូល​។​
 
​បើតាម AFP មនុស្ស​ក្នុង​យន្តហោះ​ទាំង​១១​នាក់ សុទ្ធតែ​នារី​ទាំងអស់ រួមបញ្ចូល​ទាំង​ក្រុម​អាកាសយានិក​បីនាក់​ផងដែរ​។ យន្តហោះ​នោះបាន​ធ្លាក់​កាលពី​ថ្ងៃអាទិត្យ នៅ​ភ្នំ Zagros ភាគ​នីរ​តី​នៃ​ប្រទេស​អ៊ីរ៉ង់​។ Mina Basaran អាយុ​២៨​ឆ្នាំ ជា​កូនស្រី​មហាសេដ្ឋី​តួ​ក​គី​ឈ្មោះ Huseyin Basaran ដោយ​នាង​ត្រៀម​រៀប​អាពាហ៍ពិពាហ៍​នៅ​ខែក្រោយ​។​
 
​នៅ​ញូវយ៉ក សហរដ្ឋអាមេរិក​ឯណោះ​វិញ ឧទ្ធម្ភាគចក្រ​របស់​ក្រុមហ៊ុន​ទេសចរណ៍​មួយ​បាន​ធ្លាក់​ចូលទៅក្នុង​ស្ទឹង East River ក្រុង Manhattan កាលពី​វេលា​ម៉ោង​៧​ល្ងាច​ថ្ងៃអាទិត្យ​។ មនុស្ស​៥​នាក់​បាន​ស្លាប់ ខណៈ​អ្នកបើក​ឈ្មោះ Richard Vance អាយុ​៣៣​ឆ្នាំ បាន​រួចផុតជីវិត​។ 
 
​ឧទ្ធម្ភាគចក្រ​របស់​ក្រុមហ៊ុន Liberty Helicopters នោះ បាន​ដឹកនាំ​អ្នកដំណើរ​ក្នុង​សេវាកម្ម​ជា​កញ្ចប់​ដើម្បី​ផ្តិត​រូបភាព​នានា​ជា​ឯកជន​។ បើតាម​របាយការណ៍រ​បស់​ភ្នា​ក់​អាកាសចរណ៍ នេះ​ជា​គ្រោះថ្នាក់​លើក​ទី​៣​របស់​ក្រុមហ៊ុន​មួយ​នេះ នា​រយៈពេល​១១​ឆ្នាំ​ចុងក្រោយ​៕
 

Tag:
 ធ្លាក់យន្តហោះ
 
© រក្សាសិទ្ធិដោយ thmeythmey.com