អន្តរជាតិ
អតីត​ប្រធាន​គុក​សម្ងាត់​លោកស្រី Haspel អាច​ក្លាយជា​ស្ត្រី​ទីមួយ​ដឹកនាំ​ទីភ្នាក់ងារ CIA
14, Mar 2018 , 9:39 pm        
រូបភាព
លោកស្រី Gina Haspel (រូបភាព៖ New York Post)
លោកស្រី Gina Haspel (រូបភាព៖ New York Post)
​លោកស្រី Gina Haspel នៅ​ថ្ងៃទី​១៣ ខែមីនា ត្រូវបាន​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជ្រើសរើស​ជា​ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល (CIA) ជំនួស​លោក Mike Pompeo ដែល​ត្រូវ​កាន់តំណែង​ថ្មី​ជា​រដ្ឋមន្ត្រីការបរទេស ក្រោយ​លោក ត្រាំ បញ្ចប់​តំណែង​លោក រិច ធី​ល័​រ​សិន​។ លោកស្រី Haspel ជា​មន្ត្រី​ជើងចាស់​នៅ CIA និង​ធ្លាប់​ទទួលខុសត្រូវ​កន្លែង​ឃុំឃាំង​សម្ងាត់​នៅ​ទឹកដី​ថៃ ដែល​ល្បី​ថា ប្រើប្រាស់​វិធីសាស្ត្រ​សាហាវ​ធ្វើ​ទារុណកម្ម​ជនសង្ស័យ​។​



​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល (CIA) អាចមាន​ប្រធាន​ជា​ស្ត្រី​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន បន្ទាប់ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ តែងតាំង​លោកស្រី Gina Haspel ជា​បេក្ខជន​ប្រធាន​ថ្មី ជំនួស​លោក Mike Pompeo ដែល​នឹង​ក្លាយជា​រដ្ឋមន្ត្រីការបរទេស​។ លោកស្រី Gina ជា​អនុប្រធាន CIA ដែលមាន​បទពិសោធន៍​ក្រាស់ក្រែល​ក្នុង​កិច្ចការ​ចារកម្ម​នេះ​។ ការតែងតាំង​លោកស្រី ត្រូវការ​ការយល់ព្រម​ពី​ព្រឹទ្ធសភា​ជាមុនសិន​។

​យ៉ាងណាមិញ បេក្ខភាព​លោកស្រី Haspel រង​មន្ទិលសង្ស័យ​ច្រើន​។ មន្ត្រី CIA ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោកស្រី និង​សមាជិកសភា​អាមេរិក​អះអាងថា លោកស្រី Haspel ធ្លាប់​ទទួលខុសត្រូវ​គ្រប់គ្រង​គុក​សម្ងាត់ «​ភ្នែកឆ្មា​» នៅឯ​ទឹកដី​ថៃ​អំឡុង​រដ្ឋបាល​លោក George W. Bush ក្នុង​ឆ្នាំ​២០០២ ។ គុក​នេះ​ល្បី​ថា បាន​ប្រើប្រាស់​វិធីសាស្ត្រ​សួរចម្លើយ​សាហាវ​ដូចជា​ការចាក់​ទឹក​លើ​មុខ​ជនសង្ស័យ​ដែល​គ្រប​ដោយ​កន្សែង​។ បី​ឆ្នាំក្រោយ លោកស្រី​បាន​បញ្ជា​ឲ្យ​កម្ទេច​វីដេអូ​បង្ហាញ​ពី​ការធ្វើ​ទារុណកម្ម​ដែរ​។​

​បើតាម​សារព័ត៌មាន New York Times គុក​សម្ងាត់​ខាងលើនេះ បាន​បើក​ដំណើការ​នៅ​ឆ្នាំ​២០០២ ក្រោយ​ព្រឹត្តិការណ៍​ភេ​វរ​កម្ម​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១ ។ ជនសង្ស័យ​អាល់​កៃ​ដា ត្រូវបាន​បញ្ជូនទៅ​កាន់​គុក​នោះ ហើយ​ត្រូវបាន​សួរចម្លើយ​ដោយ​វិធីសាស្ត្រ​ចាក់ទឹក​លើ​មុខ​។ លោកស្រី Haspel គ្រប់គ្រង​គុក​នេះ​រហូតដល់​បិទ​នៅ​ខែតុលា ឆ្នាំ​២០០២ ។​

​សំណុំរឿង​គុក​សម្ងាត់​នេះ នឹង​ក្លាយជា​ប្រធានបទ​ក្ដៅ​ក្នុង​សវនាការ​ព្រឹទ្ធសភា​ជុំវិញ​ការយល់ព្រម​លើ​បេក្ខភាព​លោកស្រី ព្រោះ​រដ្ឋាភិបាល​អាមេរិក​មិនបាន​ទទួលស្គាល់ថា មាន​គុក​បែប​នោះឡើយ​។ អាច​ក្លាយជា​ស្ត្រី​ទីមួយ​ដឹកនាំ CIA ស្ថិតក្នុង​ស្ថាន​ភាពមិន​ច្បាស់​ឡើយ ខណៈ​សមាជិក​ព្រឹទ្ធសភា​ខ្លះ​ហាក់​ជំទាស់​ទៅហើយ​។ សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​លោក John McCain និយាយថា លោកស្រី Haspel ត្រូវ​បកស្រាយ​រឿងនេះ​ឲ្យ​បានច្បាស់លាស់ ជាពិសេស​របៀប​ធ្វើ​ទារុណកម្ម​របស់ CIA តែម្ដង​។​

​ក្នុងករណី​ទទួលបាន​ការយល់ព្រម​ពី​ព្រឹទ្ធសភា លោកស្រី Haspel ត្រូវ​ដោះស្រាយ​បញ្ហាសំខាន់ៗ​ជាច្រើន​រាប់​ពី​សំណុំរឿង​លូកដៃ​ក្នុងការ​បោះឆ្នោត​របស់​រុស្ស៊ី ការត្រៀមខ្លួន​រៀបចំ​ជំនួប​រវាង​លោក ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក៏ដូចជា​កិច្ច​ព្រម​ពៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ផង​។ បញ្ហា​ប្រឈម គឺ​លោកស្រី​ត្រូវ​បញ្ចុះបញ្ចូល​លោក ត្រាំ ឲ្យ​ជឿ​តាម​ការវាយតម្លៃ​របស់ CIA ឬក៏​ត្រូវ​សម្រប​ខ្លួន​តាម​ជំហរ​របស់លោក ត្រាំ វិញ​៕


Tag:
 អាមេរិក​
  Gina Haspel
  CIA
© រក្សាសិទ្ធិដោយ thmeythmey.com