អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ស៊ី ជិនភីង ជាប់ឆ្នោតធ្វើប្រធានាធិបតីចិនអាណត្តិទី២ លោក ស៊ី ជិនភីង កំពុងស្បថ ក្រោយជាប់ឆ្នោតជាប្រធានាធិបតីចិនអាណត្តិទីពីរ (រូបភាព៖ AFP)
× នៅថ្ងៃទី១៧ ខែមីនា លោក ស៊ី ជិនភីង បានជាប់ឆ្នោតធ្វើជាប្រធានាធិបតីចិនសម្រាប់អាណត្តិទីពីរ។ លោក ស៊ី ជិនភីង ទទួលបានសំឡេងគាំទ្រឯកច្ឆន្ទពីសមាជិកសភាប្រជាជនក្នុងកិច្ចប្រជុំដែលធ្វើនៅវិមានប្រជាជនក្នុងរដ្ឋធានីប៉េកាំង។ តំណែងអនុប្រធានាធិបតីបានធ្លាក់លើលោក វ៉ាង ឈីសាន មនុស្សជំនិតរបស់លោក ស៊ី ដែលធ្លាប់ដឹកនាំយុទ្ធនាការបោសសម្អាតអំពើពុករលួយកាលពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ។
ដូចការរំពឹងទុក លោក ស៊ី ជិនភីង បន្តកាន់កាប់កៅអីប្រធានាធិបតីចិនសម្រាប់អាណត្តិ៥ឆ្នាំលើកទី២ គ្មានសំឡេងប្រឆាំង និងគ្មានគូប្រជែងក្នុងការបោះឆ្នោតអំឡុងពេលកិច្ចប្រជុំសភានៅថ្ងៃទី១៧ ខែមីនា ខណៈសម្ព័៍ន្ធមិត្តរបស់លោក គឺលោក វ៉ាង ឈីសាន ជាប់ឆ្នោតជាអនុប្រធានាធិបតី។ សមាជិកសភាចំនួន២៩៧០នាក់បានបោះឆ្នោតគាំទ្រលោក ស៊ី ជិនភីង ឯលោក វ៉ាង ទទួលសំឡេងគាំទ្រចំនួន២៩៦៩ និងប្រឆាំង១សំឡេង។
ក្រោយជាប់ឆ្នោតជាប្រធានាធិបតី លោក ស៊ី ជិនភីង ក៏បានស្បថចំពោះមុខសមាជិកសភាទាំងអស់ដែរ។ នេះជាលើកទីមួយដែលមេដឹកនាំចិនស្បថស្បែជាសាធារណៈបែបនេះ។ បើតាមទីភ្នាក់ងារព័ត៌មាន Xinhua ប្រធានាធិបតីរូបនេះស្បថថា លោកនឹងគោរពតាមរដ្ឋធម្មនុញ្ញ ការពារដ្ឋធម្មនុញ្ញ និងបំពេញតួនាទីរបស់ខ្លួនឲ្យបានពេញលេញ។ បន្ទាប់ពីប្រធានាធិបតី លោក វ៉ាង ក៏បានស្បថចូលកាន់តំណែងអនុប្រធានាធិបតីរបស់ខ្លួនដែរ។
ការជាប់ឆ្នោតរបស់លោក ស៊ី មិនមែនជារឿងគួរភ្ញាក់ផ្អើលឡើយ។ អ្វីគួរឲ្យភ្ញាក់ផ្អើលនោះ គឺវត្តមានលោក វ៉ាង ឯណោះទេ។ លោក វ៉ាង បានចូលនិវត្តន៍កាលពីមហាសន្និបាតបក្សឆ្នាំ២០១៧ និងមិនមានតួនាទីអ្វីក្នុងបក្សឡើយ។ ជាមនុស្សជំនិតរបស់លោក ស៊ី អតីតសមាជិកជាន់ខ្ពស់បក្សកុម្មុយនីស្តចិនរូបនេះ ធ្លាប់ទទួលខុសត្រូវលើការងារកម្ចាត់អំពើពុករលួយក្នុងបក្សតាំងពីមន្ត្រីថ្នាក់ខ្ពស់ រហូតដល់មន្ត្រីថ្នាក់ទាប។
ជាមួយនឹងការវិលត្រឡប់ចូលឆាកនយោបាយ និងកាន់តំណែងដល់ទៅអនុប្រធានាធិបតីនេះ លោក វ៉ាង រំពឹងថា នឹងជួយលោក ស៊ី ក្នុងការងារការបរទេស ជាពិសេសដោះស្រាយទំនាក់ទំនងជាមួយអាមេរិកតែម្ដង។ តាមពិតទៅ តំណែងអនុប្រធានាធិបតីនេះមិនមានអំណាចអ្វីទេ តែដោយសារលោក ស៊ី ជាអ្នកនៅពីក្រោយនោះ លោក វ៉ាង នឹងមានឥទ្ធិពលក្នុងកិច្ចការការទូតរបស់ចិន ខុសពីអនុប្រធានាធិបតីមុនៗ។
ក្រៅពីតំណែងប្រធានាធិបតី លោក ស៊ី ក៏ជាប់ឆ្នោតជាប្រធានគណៈកម្មការយោធាមជ្ឈិមដ៏មានអំណាចផងដែរ។ ដោយឡែកក្នុងកិច្ចប្រជុំដដែលនេះ លោក លី ចាន់ស៊ូ មនុស្សជំនិតម្នាក់ទៀតរបស់លោក ស៊ី ក៏ជាប់ឆ្នោតជាឯកច្ឆន្ទក្លាយជាប្រធានសភាប្រជាជនចិនដែរ។ សមាជិកសភាចិនក៏បានអនុម័តផែនការកែទម្រង់រចនាសម្ព័ន្ធរដ្ឋាភិបាលដែលបានកាត់បន្ថយក្រសួង អង្គភាពជាច្រើនដើម្បីប្រសិទ្ធភាពការងារ៕
Tag:
ចិន
ស៊ី ជិនភីង
វ៉ាង ឈីសាន
© រក្សាសិទ្ធិដោយ thmeythmey.com