ជាតិ
កម្ពុជា​-​ចិន ធ្វើ​សមយុទ្ធ​នាគ​មាស​១៥​ថ្ងៃ​ដើម្បី​អបអរ​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​
18, Mar 2018 , 10:00 pm        
រូបភាព
ដោយ:
​ដើម្បី​អបអរសាទរ​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ផ្លូវការ​កម្ពុជា​-​ចិន ប្រទេស​ទាំង​២ បានរៀបចំ​សមយុទ្ធ​រួមគ្នា នៅ​កម្ពុជា ដែលមាន​ឈ្មោះថា សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​រយៈពេល​១៥​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨​។ សមយុទ្ធ​នេះ គឺជា​ការចំណាយ​មួយ​ភាគ​ធំ​ពី មហា​យក្ស​សេដ្ឋកិច្ច​ចិន​។​



​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​លើកឡើងថា ការធ្វើ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨ គឺ​ដើម្បី​អបអរសាទរ​ខួប​ទី​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ចិន​។ សមយុទ្ធ​នេះ ក៏​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ ការផ្លាស់ប្ដូរ​នូវ​បទពិសោធន៍ និង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម និង​មនុស្សធម៌​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​២​។ 


 
​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ក៏​រំពឹងថា សមយុទ្ធ​នេះ​ចូលរួមចំណែក​ធ្វើ​ឲ្យ​ទំនាក់ទំនង​ភាពជា​ដៃគូ ក្នុង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​ទាំង​២ កម្ពុជា​-​ចិន ឲ្យ​កាន់តែ​រីកចម្រើន​។ លោក​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ប្រកាស​បើក​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨ នៅ​តំបន់ភ្នំ​ធំ​ម្រះព្រៅ ក្នុងភូមិ​ថ្លុក​ដូន​ស ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨​។​


 
​សមយុទ្ធ​ស្ថិតក្រោម​ការ​ឧបត្ថម​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ ក៏ត្រូវ​បាន​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ អះអាងថា ឆ្លើយតប​យ៉ាង​ត្រឹមត្រូវ​ទាន់ពេល​ក្នុង​កិច្ចសហប្រតិបត្តិការ ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ដើម្បី​ទប់ស្កាត់​ការកាត់បន្ថយ​បញ្ហា​ប្រឈម​នានា ដែលមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​មនុស្សជាតិ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ក៏​រំពឹងថា សមយុទ្ធ​ដែល​ប្រើប្រាស់​គ្រាប់​ពិត និង​មាន​រយៈពេល​១៥​ថ្ងៃនេះ នឹង​នាំនូវ​ផលប្រយោជន៍​ជាច្រើន​ដល់ កងយោធពល​ខេមរភូមិន្ទ​អំពី បច្ចេកវិទ្យា បទ​ពោ​សោធន៍ និង​ចំណេះដឹង​ជំនាញ​ថ្មីៗ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​ខ្លួន ឲ្យ​កាន់​តែមាន​សក្តានុពល​ថែមទៀត​។​


 
​សម​យុ​ុ​ទ្ធ ដែល​នឹង​ធ្វើឡើង​រួមមាន​៖ ការ​ស៊ើបការណ៍​ភូមិសាស្ត្រ ដោយ​យន្តហោះ Drone, ប្រតិបត្តិ​ការកម្ទេច​ជំរុំ​ខ្មាំង​, ការប្រើប្រាស់​កាំភ្លើង​ធំ បាញ់​បើក​ច្រក​, ការប្រើប្រាស់​ឧទ្ធម្ភាគចក្រ បាញ់​ពីលើ​អាកាស​, ការប្រើប្រាស់​រថពាសដែក ចល័ត​វាយកម្ទេច​ជំរុំ​ខ្មាំង , ការប្រើប្រាស់​ឧ​ទ្ធ​ម្ភា​ចក្រ ដាក់​ទ័ព​ផ្លូវអាកាស រំដោះ​ចំណាប់ខ្មាំង រួមទាំង​ប្រតិបត្តិការ​មួយចំនួនទៀត​។ នៅក្នុង​សមយុទ្ធ​នេះ ភាគី​កម្ពុជា នឹង​ប្រើប្រាស់​សម្ភារៈ​យោធា​មួយចំនួន​ដូចជា ឧទ្ធម្ភាគចក្រ MI17 និង Z9, កាំភ្លើងត្បាល់​, រថពាសដែក​។ ចំណែក​ភាគី​ចិន មានប្រើ​ប្រាស់​គ្រឿង​បំពាក់ ជាច្រើន​ទៀត​។​
​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨ រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន នេះ ធ្វើឡើង​រយៈពេល​១៥​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨​។ ដោយមាន​វត្តមាន​ឧ​ត្ត​ម​សេនីយ៍​ទោ Zhang Jian មេបញ្ជាការ​កងទ័ពជើងគោក​តំបន់​ខាងត្បូង តំណាង​ឲ្យ​កងទ័ព​រំដោះ​ប្រជា​ជាតិចិន​៕






 

Tag:
 សមយុទ្ធ​
 ​ខួប​ទំនាក់ទំនង​
 ​កម្ពុជា​-​ចិន​
 ​យោធា​
© រក្សាសិទ្ធិដោយ thmeythmey.com