កីឡាជាតិ
ជាតិ
AFC Asian Cup៖ ទោះ​ជំនួប​បង្គ្រប់កិច្ច តែ​គ្រូបង្វឹក​កម្ពុជា​ថា​នឹង​ប្រឹង​ដើម្បី Ranking
27, Mar 2018 , 9:56 am        
រូបភាព
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ត្រូវ​តទល់​ជាមួយ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន សម្រាប់​វគ្គ​ជម្រុះ AFC Asian Cup 2019 នា​ម៉ោង​៦​ល្ងាច​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​២៧ មីនា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន Republican Central Stadium ក្នុង​ទីក្រុង​ឌូ​ស្ហា​ន់​បេ​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន​។ ទោះបីជា​ជំនួប​បង្គ្រប់កិច្ច តែ​គ្រូបង្វឹក​កម្ពុជា​អះអាងថា នឹង​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​ជ័យជម្នះ ដើម្បី​រក្សា​ចំណាត់ថ្នាក់​ពិភពលោក​(World Ranking)​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។​



​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា ត្រូវ​ដឹកនាំ​ក្រុម​កម្ពុជា​តទល់​ជាមួយ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន សម្រាប់​វគ្គ​ជម្រុះ​ពូ​ល C នៃ​ពានរង្វាន់ AFC Asian Cup 2019 នា​ម៉ោង​៦​ល្ងាច​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​២៧ មីនា​នេះ​។ ជំនួប​បង្គ្រប់កិច្ច​នេះ ធ្វើឡើង​នៅលើ​ទឹកដី​កណ្តាល​នា​កីឡដ្ឋាន Republican Central Stadium ក្នុង​ទីក្រុង​ឌូ​ស្ហា​ន់​បេ ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន​។ ទាំង​កម្ពុជា​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​សុទ្ធតែ​បាត់បង់​កៅអី​ឡើងទៅ​វគ្គ​បន្ត​ដូចគ្នា​សម្រាប់​ព្រឹត្តិការណ៍​មួយ​នេះ​។

​ទោះបី​យ៉ាងនេះ​ក្តី នា​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ព្រឹក​ថ្ងៃទី​២៦ មីនា លោក ប្រាក់ សុ​វណ្ណា បាន​អះអាងថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​ជ័យជម្នះ​សម្រាប់​ជំនួប​ល្ងាច​នេះ​។ លោក​បាន​បន្ថែមថា​៖«​ខ្ញុំ​គិតថា​ទោះបី​ការប្រកួត​នេះ វា​មិន​សំខាន់​សម្រាប់​យើង​ក្នុងការ​ប្រជែង​ដើម្បី​ឡើងទៅ​វគ្គ​បន្ត​។ ប៉ុន្តែ​វា​សំខាន់​សម្រាប់​ក្រុម​យើង ពិសេស​គឺ​ការបង្កើន​ចំណាត់ថ្នាក់​ក្នុង FIFA World Ranking នេះ​ជា​ចំណុច​សំខាន់​សម្រាប់​យើង​»​។

​នា​ការប្រកួត​ជើង​ទី​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​១៣ មិថុនា ឆ្នាំ​២០១៧ កន្ល​ល​ទៅ ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ១-០ ដោយ​លទ្ធផល​នេះ​សម្រេច​ដោយ​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម​៕   


Tag:
 បាល់ទាត់​
  AFC Asian Cup 2019
  ប្រាក់ សុវណ្ណារ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com