អន្តរជាតិ
លោក គីម ពិតជា​បាន​ទៅ​ជួប​លោក ស៊ី នៅ​ប៉េកាំង មុន​ជំនួប​ជាមួយ លោក ត្រាំ​
28, Mar 2018 , 10:26 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃមេដឹកនាំកំពូលកូរ៉េខាងជើង (រូបភាព៖ Xinhua)
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃមេដឹកនាំកំពូលកូរ៉េខាងជើង (រូបភាព៖ Xinhua)
​ពីរ​ថ្ងៃក្រោយ​ការលេចឮ​ព័ត៌មាន​ច​ចាម​អារាម​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​មេដឹកនាំ​កូរ៉េខាងជើង​ទៅកាន់​ក្រុង​ប៉េកាំង​នា​ដើម​សប្តាហ៍​នេះ នៅ​ថ្ងៃទី​២៨ ខែមីនា ចិន​បានប្រកាសថា លោក គីម ជុង​អ៊ុន ពិតជា​មាន​វត្ត​មាននៅ​ទីក្រុង​ប៉េកាំង​មែន​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ផ្សាយ​ថា ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​តាម​ការអញ្ជើញ​របស់លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ។ លោក គីម បាន​ប្រា​ប់លោក ស៊ី ថា កូរ៉េខាងជើង​នឹង​​រំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​



​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានធ្វើ​ទស្សនកិច្ច​បួន​ថ្ងៃ​នៅ​ទឹកដី​ចិន​ចាប់ពី​ថ្ងៃទី​២៥ ខែមីនា ដល់​ថ្ងៃទី​២៨ ខែមីនា តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ។ ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ផ្សាយ​ថា វត្តមាន​របស់​មេដឹកនាំ​កូរ៉េខាងជើង​នៅ​ចិន​ពេលនេះ មិនមែនជា​ទស្សនកិច្ច​ផ្លូវការ​ឡើយ​។ បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង គឺជា​ប្រធានបទ​សំខាន់​ក្នុងជំនួប​លើកទីមួយ​រវាង​មេដឹកនាំ​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពីរ​។​

​នេះ​ជា​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​លើកដំបូង​របស់លោក គីម ជុង​អ៊ុន ចាប់តាំងពី​ការឡើង​កាន់អំណាច​នៅ​ឆ្នាំ​២០១១ មក​។ ការយក​ចិន​ជា​គោលដៅ​ទស្សនកិច្ច​នៅ​បរទេស​លើកដំបូង មិនមែនជា​រឿង​ងឿងឆ្ងល់​ឡើយ ព្រោះ​ចិន​ជា​បង្អែក​រឹងមាំ​របស់​កូរ៉េខាងជើង​រាប់សិប​ឆ្នាំ និង​រាប់​តំណ​មេដឹកនាំ​ទៅហើយ​។ ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​កូរ៉េខាងជើង និង​ជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់​រដ្ឋ​កុម្មុយនីស្ត​ដែល​រង​ទណ្ឌកម្ម​ជុំជិត​។​

​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​នេះ និង​បាន​សន្យា​ចំពោះមុខ​មេដឹកនាំ​កូរ៉េខាងជើង​ថា ចិន​នឹង​រក្សា​មិត្តភាព​រឹងមាំ​ជាមួយ​កូរ៉េខាងជើង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន លោក ស៊ី និយាយថា មិត្តភាព​ប្រពៃណី​រវាង​ចិន និង​កូរ៉េខាងជើង ដែល​ពូន​ជ្រំ​ដោយ​មេដឹកនាំ​ជំនាន់​មុន គឺជា​វត្ថុ​ដ៏​មានតម្លៃ​សម្រាប់​ភាគី​ទាំងសងខាង​។ ឯ​លោក គីម វិញ​និយាយ​ដែរ​ថា ទំនាក់ទំនង​ទ្វេភាគី​នេះ​គ្មានអ្វី​បំបែក​បានឡើយ​។ 

​ទោះជា​ទស្សនកិច្ច​មិន​ផ្លូវការ ប្រធានាធិបតី​ចិន​បានទទួល​លោក គីម និង​ភរិយា​យ៉ាង​រាក់ទាក់​បំផុត​។ មេដឹកនាំ​ចិន​ផ្សេងទៀត​មាន​នាយករដ្ឋមន្ត្រី លី ខឹ​ឈាំ​ង និង​លោក វ៉ាង ហ៊ូ​នី​ង សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ និង​អនុ​ប្រធានាធិបតី វ៉ាង ឈី​សាន ក៏បាន​ជួប​ជជែក​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ដែរ​។ លោក គីម បាន​ចាកចេញ​ទៅកាន់​កូរ៉េខាងជើង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា តាមរយៈ​រថភ្លើង​ពិសេស​។​
 
​កូរ៉េខាងជើង​សន្យា​រំសាយ​នុយក្លេអ៊ែរ​


​ក្រៅពី​ទំនាក់ទំនង​ទ្វេភាគី មេដឹកនាំ​ចិន និង​កូរ៉េខាងជើង​ក៏បាន​ជជែក​ពី​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ដែរ​។ ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ បាន​ធូរស្រាល​នៅ​រយៈពេល​ចុងក្រោយ​នេះ ដោយ​លោក គីម ជុង​អ៊ុន បាន​ប្រា​ប់លោក ស៊ី ថា កូរ៉េខាងជើង​ជា​អ្នក​ដាក់ចេញ​គំនិត​ផ្ដួចផ្ដើម​ដើម្បី​បន្ធូរបន្ថយ​ភាពរ​តានតឹង និង​លើកសំណើ​ដើម្បី​ការចរចា​សន្តិភាព​។ ក្នុងជំនួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​ចិន លោក គីម បាន​សន្យា​រំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ព្រោះ​ជា​ជំហរ​មិន​ងាករេ​របស់​មេដឹកនាំ​កូរ៉េខាងជើង​គ្រប់​ជំនាន់​។

​ជាមួយគ្នា​នោះ មេដឹកនាំ​កំពូល​កូរ៉េខាងជើង​ក៏បាន​ប្រកាស​ពី​ឆន្ទៈ​ក្នុង​ការជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ ជំនួប​កំពូល​លើកទីមួយ​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង គ្រោង​ធ្វើឡើង​នៅ​ចុងខែ​ឧសភា ទោះជា​មិនទាន់​កំណត់​ពេលវេលា និង​ទីតាំង​ជាក់លាក់​ក្ដី​។ នៅ​ខែមេសា លោក គីម ក៏​នឹង​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅឯ​តំបន់​គ្មាន​កងទ័ព​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​ផងដែរ​។​

​បញ្ហា​លុបបំបាត់​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​អាច​ដោះស្រាយបាន បើ​កូរ៉េខាងត្បូង និង​អាមេរិក​ឆ្លើយតប​នឹង​ឆន្ទៈ​ល្អ​របស់​កូរ៉េខាងជើង បង្កើត​បរិយាកាស​សម្រាប់​សន្តិភាព និង​ស្ថិរភាព ក៏ដូចជា​ចាត់វិធានការ​ដែល​ជឿន​លៀន​ដើម្បី​ឲ្យ​សន្តិភាព​ក្លាយជា​ការពិត​។ ជាការ​អះអាង​របស់​មេ​ដឹកនាំ​កំពូល​កូរ៉េខាងជើង​អំឡុង​ទស្សនកិច្ច​បួន​ថ្ងៃ​នៅ​ទឹកដី​ចិន​។​

​ជួប​លោក ស៊ី ជាមុន ដើម្បី​ត្រៀម​ជួប​លោក មូ​ន និង​លោក ត្រាំ

​ទំនាក់ទំនង​រវាង​ចិន និង​កូរ៉េខាងជើង បាន​ស្ថិត​លើផ្លូវ​រអាក់រអួល​នា​រយៈពេល​ចុងក្រោយ​។ លោក គីម ជុង​អ៊ុន បាន​បោះដៃ​ទៅរក​កូរ៉េខាងត្បូង និង​អាមេរិក តាមរយៈ​គម្រោង​ជួបគ្នា​ជាមួយ​មេដឹកនាំ​ប្រទេស​ទាំងពីរ​នេះ និង​ការបន្ទន់​ឥរិយាបថ​សំដៅ​បង្កើត​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។ ទង្វើ​របស់​កូរ៉េខាងជើង​បែបនេះ ហាក់ដូច​ជាការ​ទុក​ចិន​ដោយឡែក ហើយ​ចិន​ពិតជា​មិន​សប្បាយចិត្ត​ឡើយ​ដែល​លោក ស៊ី ត្រូវ​ឈរ​លំដាប់​ទី​បី​ដើម្បី​ជួប​លោក គីម នោះ​។​

​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក គីម នៅ​ចិន​ពេលនេះ ជា​សញ្ញា​បង្ហាញ​ច្បាស់​ថា ចិន​ជា​សម្ព័ន្ធមិត្ត​មិនអាច​ខ្វះ​បានឡើយ ។ នេះ​បានន័យថា ចិន​នៅតែ​ជា​តួអង្គ​ដ៏​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​ជា​បង្អែក​សម្រាប់​កូរ៉េខាងជើង​សម្រាប់​ការចរចា​ជាមួយ​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងត្បូង​។ លោក ស៊ី ទំនងជា​បានផ្ដល់​សម្បទាន​ខ្លះ​ដល់​កូរ៉េខាងជើង ដើម្បី​រក្សា​ផលប្រយោជន៍​របស់ខ្លួន​ផងដែរ​។​

​សម្រាប់​ចិន កូរ៉េខាងជើង​គឺជា​សន្លឹក​បៀ​មួយ​សម្រាប់​តថ្លៃ​ជាមួយ​អាមេរិក ខណៈដែល​ប្រទេស​ទាំងពីរ​កំពុងស្ថិត​លើ​ដំណើរ​ទៅកាន់​សង្គ្រាម​ពាណិជ្ជកម្ម​នោះ​។ និយាយ​ឲ្យ​ស្ដាប់ បើ​អាមេរិក​ចង់​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង អាមេរិក​ក៏ត្រូវ​តែ​រាប់​ចិន​ចូល​ជាដាច់ខាត ហើយ​បើ​គ្មាន​ចិន​ទេ បញ្ហា​ឧបទ្វីប​កូរ៉េ​នឹងមិន​អាច​ចេញរួច​ឡើយ​៕


Tag:
 ចិន​
  កូរ៉េខាងជើង​
  ស៊ី ជិន​ភីង​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com