ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ គ្មាន​មេដឹកនាំ​ណា​លើ​ពិភពលោក ប្រើពេល​ចរចា​ច្រើនជាង​ខ្ញុំ​ទេ​
28, Mar 2018 , 1:30 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២0១៨។ រូបពីទំព័រហ្វេសបុករបស់សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២0១៨។ រូបពីទំព័រហ្វេសបុករបស់សម្តេច ហ៊ុន សែន
​ភ្នំពេញ​៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ព្យាយាម​បង្ហាញ​ឲ្យ​សាធារណជន ដឹងថា ខ្លួន​ជា​មេដឹកនាំ​មួយរូប ដែល​ចូលចិត្ត​ចរចា​បំផុត ដើម្បី​ដោះស្រាយ​វិបត្តិ និង​ជម្លោះ​ក្នុងប្រទេស​។


 
​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​ដូច​សព្វដង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២0១៨ មេដឹកនាំ​កម្ពុជា ដែល​កាន់អំណាច​រាប់​ទសវត្ស​រ៍​រូបនេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុង​ប្រវត្តិ​មេដឹកនាំ​លើ​ពិភពលោក អត់​មាន​អ្នកណា​ប្រើពេល​វេលា ដើម្បី​ចរចា​ច្រើនជាង​ពូ​ទេ​។ ពូ ជា​អ្នកចរចា​»​។ 
 
​ថ្វិ​ត​ករណី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រូវបាន​ភ្ជាប់​ទៅនឹង​ការ​ថ្លែង​សារ​ខាងលើ​ក្តី ប៉ុន្តែ​ការលើកឡើង​របស់​សម្តេច ហ៊ុន សែន ចំ​នឹង​បរិបទ ដែល​លោក សម រង្ស៊ី ព្យាយាម​ស្វែងរក​ផ្លូវ​ចរចា​។ បំណង​នៃ​ការចរចា​របស់លោក សម រង្ស៊ី មិន​ទទួលបាន​ចម្លើយ​វិជ្ជមាន​ពីស​ម្តេច ហ៊ុន សែន នោះទេ​។ 
 
​ការបដិសេធ​នេះ មិនមែន​ដោយសារតែ​សម្តេច ហ៊ុន សែន ជា​មេដឹកនាំ ដែល​មិន​ចូលចិត្ត​ចរចា​នោះទេ ក៏ប៉ុន្តែ ទំនងជា​ឥរិយាបថ​របស់លោក សម រង្ស៊ី នាពេលនេះ មិនទាន់​សមស្រប ដែល​អាច​ទាញ​ចិត្ត​សម្តេច ឲ្យ​ទៅ​ចរចា​ក៏​ថា​បាន​។ សម្តេច ហ៊ុន សែន ធ្លាប់​បកស្រាយ​ថា មូលហេតុ ដែល​ការចរចា មិនអាច​កើតឡើង គឺ​ដោយសារតែ​លោក សម រង្ស៊ី  និង​បក្សពួក​នៅក្រៅ​ប្រទេស បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ជ្រុល​ហួសហេតុ​។ 
 
​លោក សម រង្ស៊ី  ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មានការ​ចរចា​រវាង​អតីត​ក្រុមប្រឆាំង និង​បក្ស​កាន់អំណាច​។ លោក យល់ថា ការចរចា ឬក៏​ការប្រើប្រាស់​វប្បធម៌​សន្ទនា​សាជាថ្មី គឺជា​មធ្យោបាយ​ដ៏​ល្អ ដើម្បី​កែប្រែ​ស្ថានការណ៍​ឲ្យ​មាន​ភាពល្អប្រសើរ មុន​ការបោះឆ្នោត​ឈាន​មកដល់​។ 
 
​ប្រហែលជា​គ្មាន​រឿង​អ្វី​ផ្សេង​ក្រៅពី​ការទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ការបើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ឡើងវិញ​នោះទេ ប្រសិនបើ​មានការ​ចរចា​មែន​នោះ​។ នេះ​ជាការ​បង្ហើប​របស់លោក សម រង្ស៊ី តាមរយៈ​បណ្តាញ​សង្គម និង​សារព័ត៌មាន​នានា កន្លងមក​។ 
 
​សហគមន៍​អន្តរជាតិ​មួយចំនួន ដូចជា​សហភាព​អឺរ៉ុប​ជាដើម ក៏​ជំរុញ​ឲ្យ​មានការ​ចរចា​រវាង​អតីត​បក្សប្រឆាំង និង​បក្ស​កាន់អំណាច​ដែរ​។ យ៉ាងណាក៏ដោយ សម្រាប់​ស្ថានការណ៍​ពេលនេះ រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​បក្ស​កាន់អំណាច មិនទាន់​បង្ហាញ​ភ្លើង​ខៀវ ដល់​អតីតបក្ស​ប្រឆាំង នៅឡើយ​ទេ​៕ 

Tag:
 ហ៊ុន សែន
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com