ជាតិ
តំណាង​សហគមន៍​នេសាទ​បារម្ភ​ខ្លាំង​ចំពោះ​ការពង្រីក​ទំនប់​ក្នុង​ទន្លេមេគង្គ មុន​ជំនួប​កំពូល​គណៈកម្មការ​ទន្លេ​មេគ​ង្គ
03, Apr 2018 , 7:59 pm        
រូបភាព
រូបឯកសារ៖ ផ្ទះ​ទូក​របស់​គ្រួសារ​អ្នក​នេសាទ​ ចត​នៅ​ក្បែរ​សឺន លើ​ដង​ទន្លេ​មេគង្គ​ក្នុង​ភូមិ​ស្វាយ​ឃ្លាំង ឃុំ​ស្វាយ​ឃ្លាំង​ ស្រុក​ក្រូច​ឆ្មារ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​សៅរ៍ ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (សើ​ សាយ្យាណា/VOA)
រូបឯកសារ៖ ផ្ទះ​ទូក​របស់​គ្រួសារ​អ្នក​នេសាទ​ ចត​នៅ​ក្បែរ​សឺន លើ​ដង​ទន្លេ​មេគង្គ​ក្នុង​ភូមិ​ស្វាយ​ឃ្លាំង ឃុំ​ស្វាយ​ឃ្លាំង​ ស្រុក​ក្រូច​ឆ្មារ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​សៅរ៍ ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (សើ​ សាយ្យាណា/VOA)
ដោយ: VOA
​ភ្នំពេញ ៖ កិច្ចប្រជុំ​កំពូល​លើក​ទី​៣ នៃ​គណៈកម្មការ​ទន្លេមេគង្គ​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី​៤ និង​ថ្ងៃទី​៥ ខែមេសា នៅក្នុង​ខេត្តសៀមរាប ប្រទេស​កម្ពុជា​។ នៅមុន​ការមកដល់​នៃ​កិច្ចប្រជុំ​កំពូល តំណាង​សហគមន៍​រស់នៅ​ជុំវិញ​ទន្លេមេគង្គ និង​បឹង​ទន្លេសាប​បាន​ឲ្យ​ដឹង​ពី​ការប្រែប្រួល​នៃ​សកម្មភាព​នេសាទ និង​ការធ្លាក់ចុះ​គុណភាព​ត្រី ចាប់តាំងពី​មានការ​ពង្រីក​នៃ​ទំនប់​វា​រី​អគ្គិសនី​នៅលើ​តួ​មេ​ទន្លេមេគង្គ និង​ដៃទន្លេ​ដ៏​ធំ​មួយ​នេះ​។ តំណាង​សហគមន៍​នេសាទ ទទូច​សុំ​រដ្ឋាភិបាល​ដែលជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ ធ្វើការ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ អំពី​ផលប៉ះពាល់​នានា​ទៅលើ​ទន្លេមេគង្គ នៅមុន​ពេល​ផ្តល់​សេចក្តីយល់ព្រម ឲ្យ​មានការ​អភិវឌ្ឍន៍​ទំនប់​ថ្មី​បន្ថែមទៀត ទៅ​ថ្ងៃ​អនាគត​។​



​គ្រា​មិនទាន់មាន​ការពង្រីក​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី នៅលើ​តួ​មេ​នៃ​ទន្លេមេគង្គ ក៏ដូចជា​ផ្នែក​ខ្លះ​នៃ​ដៃទន្លេ​នេះ ប្រជា​នេសាទ​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប មាន​ពេល​សម្រាក​សម្រាប់​ការនេសាទ​ត្រី ដើម្បី​ធ្វើជា​អាហារ និង​ការលក់ដូរ​។ ក៏ប៉ុន្តែ ការអភិវឌ្ឍ​ទំនប់​វា​រី​អ​គិ្គ​ស​នី​ដែល​ចេះតែ​រីក​ធំ បាន​ផ្លាស់ប្តូរ របៀប​នេសាទ​ត្រី​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប​។​

​លោក ឡុង សូ​ចែត តំណាង​នៃ​បណ្តាញ​សហគមន៍​នេសាទ បឹង​ទន្លេសាប ខេត្តពោធិ៍សាត់​ថ្លែងថា​៖

«​កាលពី​ត្រី​សម្បូរ​ណ៍​គេ​ទៅ​នេសាទ ក្នុង​មួយអាទិត្យ​ហ្នឹង គេ​ទៅ​នេសាទ តែ​ពីរ​ថ្ងៃ ឬ​បី​ថ្ងៃ​ទេ​។ ឧបមា​គេ​ចេញពីផ្ទះ​ទៅ គេៗ​អត់​មកវិញ​ទេ គេ​ទៅ​ពីរ​ថ្ងៃ បី​ថ្ងៃ​មកវិញ គេ​មក​សម្រាក​ពីរ​បី​ថ្ងៃ​អ៊ីចឹងទៅ បាន​គេ​ទៅទៀត​។ ប៉ុន្តែ​ដល់​ធនធាន​ថយចុះ គេ​អត់​ធ្វើ​អ៊ីចឹង​ទេ ទៅជា​ប្រចាំ បានសេចក្តីថា រក​ពេល​រក​វេលា បើកាលណា​អត់​ទៅ គាត់​មិនអាច​ដោះស្រាយ​ជីវភាព​បានទេ​»​។​

​លោក បាន​ថ្លែងបន្តថា ផលប៉ះពាល់​ដែល​ចេញពី​ទំនប់ មិន​ត្រឹម​តែមាន​ទៅលើ​រយៈពេល​នៃ​ការនេសាទ​នោះទេ តែ​គុណភាព​ត្រី​ក៏បាន​ធ្លាក់ចុះ ហើយ​ពលរដ្ឋ​ក៏ត្រូវ​បង្កើន​ការប្រើប្រាស់​ឧ​បរ​កណ៍​ដើម្បី​ការនេសាទ​ប្រចាំថ្ងៃ​។ ការបង្កើន​ឧបករណ៍​នេសាទ​នេះហើយ ដែល​បានធ្វើ​ឲ្យ​ប្រជា​នេសាទ​មួយចំនួន ធ្លាក់ខ្លួន​ក្លាយជា​កូនបំណុល​។​

«​ហើយ​បើ​ខ្ញុំ​ប្រៀបធៀប​ទៅវិញ មើលទៅ​ជីវភាព​ថា ប្រាក់ចំណូល​បាន​មិន​ខុសគ្នា​ប៉ុន្មាន​ទេ ប៉ុន្តែ​ប្រជា​នេសាទ ជំពាក់​បំណុល​គេ​ច្រើន​វិញ មកពី​អី​? បង្កើន​ឧបករណ៍​។ ពីមុនៗ ប្រើ​ឧបករណ៍​តិច​ទេ គេ​ចាប់​ត្រី​បាន អាច​ដោះស្រាយ​ជីវភាព​បាន ប៉ុន្តែ​ឥឡូវ​ដើម្បី​ដោះស្រាយ​ជីវភាព​បាន គេ​ត្រូវ​បង្កើន​ឧបករណ៍​។ ឧទាហរណ៍​ជាក់ស្តែង ពីមុន​រាយ​មង​ត្រឹម​ដប់​ដៃ ឥឡូវ​ឡើងដល់​២០ ៣០​ដៃ មាន​ខ្លះ​រហូត រាយ​មង​ប្រហែល​១​គីឡូ​ដី ចម្ងាយ​រាប់រយ​ដៃ ពីរ​បី​រយ​ដៃ ក៏មានដែរ មាន​អ្នក​ប្រភេទ​ខ្លះ​។ ពី​ដើម គេ​អុំទូក​រាយ​មង ប៉ុន្តែ​ឥឡូវ​គេ​បើកកាណូត​រាយ បញ្ឆេះ​ម៉ាស៊ីន បើក​រាយ យើង​ឃើញ​សកម្មភាព​ហ្នឹង​វា​ផ្លាស់ប្តូរ​ទេ​?»​។​

​ការពណ៌នា​របស់លោក ឡុង សូ​ចេ​ត តំណាង​សហគមន៍​នៅតាម​បឹង​ទន្លេសាប បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ដែល​បាន​ប្រមូលផ្តុំ​តំណាង​សហគមន៍​ផ្សេងទៀត​មកពី​ខេត្ត​ដែល​ស្ថិត​ជាប់​ទន្លេមេគង្គ និង​បឹង​ទន្លេសាប​។ ក្រុម​តំណាង​សហគមន៍​នេសាទ បាន​សម្តែង​ក្តីបារម្ភ​កាន់តែខ្លាំង​ផងដែរ ចំពោះ​វឌ្ឍនភាព​នៃ​ទំនប់​វា​រី​អគ្គិសនី ក្នុងប្រទេស​ដែល​ពឹង​ផ្អែកលើ​ធនធានទឹក​របស់​ទន្លេ​មេគង្គ​។​



​ការសម្តែង​ក្តីបារម្ភ​របស់​ពួកគាត់ បាន​កើតមានឡើង​មុន​ប៉ុន្មាន​ថ្ងៃ​តែប៉ុណ្ណោះ​នៃ​កិច្ចប្រជុំ​កំពូល​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​ដែល​នឹងមាន​មេដឹកនាំ​ប្រទេស​ចំនួន​បួន​ចូលរួម​។​

​អ្នកស្រី ជិន សុគន្ធរ សមាជិក​សហគមន៍​នេសាទ ស្រុក​សំបូរ ខេត្តក្រចេះ មានរឿង​ផ្សេង​ពី​លោក ឡុង សូ​ចែត តែមាន​ក្តីបារម្ភ​ដូចគ្នា​ចំពោះ​ផលប៉ះពាល់​របស់​ទំនប់​វា​រី​អគ្គិសនី​មកលើ​ធនធានធម្មជាតិ​ក្នុង​ទន្លេមេគង្គ ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ប្រជាជន​រស់នៅ​ជុំវិញ​ទន្លេ​នេះ​។​

​គម្រោង​ទំនប់​វា​រី​អគ្គិសនី សំបូរ នៅ​ខេត្តក្រចេះ ជា​រឿង​ចាស់​សម្រាប់​រដ្ឋាភិបាល តែ​អាចជា​ការផ្លាស់ប្តូរ​ថ្មី​នៃ​ជីវិត​រស់នៅ​របស់​អ្នកស្រី ជិន សុគន្ធរ និង​ប្រជា​នេសាទ​ឯទៀត​។​

​អ្នកស្រី​និយាយថា ប្រសិនបើ​ទំនប់​ដែល​ត្រូវបាន​ចុះបញ្ជី​ក្នុង​ផែនការមេ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​តាំងពី​ទសវត្ស​រិ៍​ឆ្នាំ​១៩៩០​នេះ ត្រូវបាន​អនុវត្តន៍ ដោយ​មិនបាន​សិក្សា​ឲ្យ​បានច្បាស់លាស់​នោះទេ នោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាន់គ្នា​ក្នុង​តំបន់​គម្រោង​នេះ នឹងមាន​វាសនា​ដូច​ពលរដ្ឋ​នៅក្នុង​តំបន់​វិនិយោគ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ នៅ​ខេត្តស្ទឹងត្រែង​។​

​អ្នកស្រី​រៀបរាប់​ក្នុង​សន្និសីទ​ព័ត៌មាន ដែល​បាន​រៀបចំឡើង​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី ៣០ ខែមីនា ដោយ​អង្គការក្រៅរដ្ឋាភិបាល​មួយ​យ៉ាង​ដូច្នេះ​៖

«​យើង​ឃាត់ រាជរដ្ឋាភិបាល​ត្រូវធ្វើ​ហើយ តែ​ធ្វើយ៉ាងណា ធ្វើ​ឲ្យ កុំ​ឲ្យ​វា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទាំងស្រុង ទាំងស្រុង ឧទាហរណ៍​ថា ទន្លេ​នៅ ទន្លេមេគង្គ​ចឹ​ង វា​មាន​ទន្លេតូច ទន្លេធំ​ចឹ​ង ចឹ​ង​ធ្វើយ៉ាងណា​បិទ​ទៅ​ទន្លេ​តូចតាច​អី​កុំ​ឲ្យ​វា​លេចលង់​បាត់បង់​ដល់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ការលំបាក​។ អ៊ីចឹង ធ្វើយ៉ាងណា អា​ទន្លេ​តូចតាច ខាងកើតៗ​ហ្នឹង​ធ្វើទៅ កុំ​ឲ្យ​ធ្វើ​ទន្លេ​មេ ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រជាជន របស់​ប្រជាពលរដ្ឋ​ដល់​ត្រី ដែលៗ សម្រាប់​ចិញ្ចឹម ដល់​ប្រជាពលរដ្ឋ​ចឹ​ង បើសិនជា​ថា អ៊ីចឹង​ទេ​គឺ​ដូច​តែ​គ្នា​ហ្នឹង បើ​ផលប៉ះពាល់​ចឹ​ង គឺមាន​ថា​មាន​កង្វល់ ហើយ​មាន​ក្តី​ព្រួយបារម្ភ មានអី ដូច​តែ​គ្នា​អ៊ីចឹង​»​។​

​ការព្រួយបារម្ភ​របស់​តំណាង​សហគមន៍​នេសាទ​ទាំងពីរ ត្រូវបាន​លើក​មក​បញ្ចូល​ក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ ដែល​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​នៃ​តំបន់​ទន្លេមេគង្គ​ក្រោម និង​គណៈកម្មាធិការ​ទ​ន្លេ​មេគង្គ​ឲ្យ​គោរព និង​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដែល​ជីវភាព​រស់នៅ​របស់​ពូក​គាត់​បាន និង​រង​ការប៉ះពាល់​ដោយសារ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅតាម​ដង​ទន្លេមេគង្គ ព្រមទាំង​សូម​ឲ្យ​ការពារ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី៏​ទន្លេ​នេះ​ផងដែរ​។​

​សេចក្តីថ្លែងការណ៍​រួម ចុះ​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៨ ដែល​នឹង​ផ្ញើជូន​រដ្ឋាភិបាល​ប្រទេស​ចំនួន​បួន​ដែល​នឹងចូលរួម​កិច្ចប្រជុំ​កំ​ពូ​លើក​ទី​៣ នៃ​គណៈកម្មការ​ទន្លេមេគង្គ បានបញ្ជាក់​ពី​ការចង់បាន​នានា​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជុំវិញ​ការអភិវឌ្ឍន៍​ថាមពល​តាម​ទំនប់​វា​រី​អគ្គិសនី និង​គម្រោង​ធំ​មួយ​គឺ គម្រោង​ទំនប់​វា​រី​អគ្គិសនី​សំបូរ​។ សេចក្តីថ្លែងការណ៍​បាន​សរសេរ​ក្នុងន័យ​ដើម​ថា​៖

«​ការរៀបចំ​ផែនការអភិវឌ្ឍន៍​ថាមពល​ជាតិ គួរតែ​តម្រូវ​ឲ្យ​មានការ​ចូលរួម​ជា​សាធារណៈ ទាំង​បុរស និង​ស្ត្រី គ្រប់​វ័យ ជាពិសេស​សហគមន៍រ​ង​គ្រោះ នៅក្នុង​ដំណើរការ​ពិគ្រោះ​យោបល់​ប្រកបដោយ​អត្ថន័យ ដើម្បី​ធានាថា​ផែនការ​នោះ ពុំ​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ណាមួយ​មកលើ​បរិស្ថាន ធនធានធម្មជាតិ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ យើង​ទទួលស្គាល់​ពី​តម្រូវការ​អគ្គិសនី សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​យើង និង​ក្នុង​តំបន់​នេះ ទោះជា​យ៉ាងណាក៏ដោយ ផែនការ​ទាំងនោះ គួរ​ចាត់ជា​អាទិភាព​នូវ​ការបំពេញ​តម្រូវការ​ថា​ម​ពល​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន មិនមែន​ការផលិត​អតិរេក​អគ្គិសនី​សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​ឡើយ​។ ផែនការ​ទាំងនោះ គួរតែ​រៀបចំឡើង​សម្រាប់​ការបញ្ចូល​ទៅតាម​ដំណាក់កាល នូវ​ថាមពល​កកើត​ឡើងវិញ (​ថាមពលព្រះអាទិត្យ និង​ថាមពលខ្យល់​) និង​វិធានការ​គ្រប់គ្រង​ប្រសិទ្ធភាព​ថាមពល​»​។​

​សេចក្តីថ្លែងការណ៍​ដដែល​បាន​សរសេរ​បន្តថា​៖

«​រាជរដ្ឋាភិបាល​កម្ពុជា គួរ​បើកចំហរ​ព័ត៌មាន​ពាក់ព័ន្ធ និង​ឯកសារ​ពាក់ព័ន្ធ​ដែល​ទាក់ទង​នឹង​សំណើ​គម្រោង​ទំនប់​នៅ​សំបូរ​ក្នុង​ខេត្តក្រចេះ​។ រដ្ឋាភិបាល​គួរ​ធានាថា សមាជិក​សហគមន៍រ​ង​គ្រោះ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត អាច​ចូលរួម​ប្រកបដោយ​ប្រសិទ្ធភាព និង​ពេញលេញ នៅក្នុង​ការពិគ្រោះ​យោបល់ និង​ដំណើរ​ការធ្វើ​សេចក្តីសម្រេច​»​។​

​លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល ហៅ​កាត់​ថា NGO Forum ថ្លែងថា ប្រទេស​ផ្សេងទៀត ក៏​នឹង​ផ្តល់យោបល់ ទាក់ទិន​ស្ថានភាព​ប្រែប្រួល​នៃ​ធាតុ​ដើម​របស់​ទន្លេមេគង្គ ក៏ដូចជា​អាង​ទន្លេមេគង្គ នៅមុន​ការចាប់ផ្តើម​នៃ​កិច្ចប្រជុំ​កំពូល​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​នៅ​ខេត្តសៀមរាប​។ លោក​មានប្រសាសន៍ថា​៖

«​ដោយឡែក ទាក់ទង​អង្គការ​សង្គម​ស៊ីវិល​មួយៗ នៅក្នុង​ប្រទេសមួយៗ គាត់​ក៏មាន​ទាក់ទង ការ​សំណូមពរ​ផ្សេងៗ​គ្នា ទៅកាន់​កិច្ចប្រជុំ​កំពូល​ហ្នឹង​ដែរ ជុំវិញ​ទាក់ទង​ការគ្រប់គ្រង​ធនធានទឹក ការធានា​និរន្តរភាព ទាក់ទង​បរិស្ថាន អេកូឡូស៊ី ជីវភាព​រស់នៅ ហើយ​និង​ប្រព័ន្ធ​កសិកម្ម រួម​នឹង​ទាក់ទង​លំហូរ​នៃ​ទន្លេ ដែលជា​ផ្នែក​មួយ​នៃ​ការធានា​នូវ​និរន្តរភាព ជីវភាព​រស់នៅ ជីវិត​ប្រជាជន ៦៥​លាន នាក់ ដែល​ពឹង អាស្រ័យ​ផល​ផ្ទាល់​ពី​ទន្លេមេគង្គ ហើយ​៣០០​លាន​នាក់ ដែល​ពឹងផ្អែក ទាក់ទង​ប្រយោជន៍​ពី​ធនធាន​អាង​ទន្លេ​ង​មេគង្គ​»​។​

​លោក តែ ណា​វុ​ធ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ បាន​ថ្លែងប្រាប់ VOA កាលពីពេល​ថ្មីៗ​នេះ​ថា កិច្ចប្រជុំ​កំពូល នៃ​គណៈកម្មការ​ទន្លេមេគង្គ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ មាន​គោលបំណង​បី​ធំៗ គឺ​ទីមួយ ដើម្បី​រំឭក​ឡើងវិញ​នូវ​ការប្តេជ្ញា​នៃ​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ (MRC) លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​គ្នា​នឹង​គ្នា ស្របតាម​កិច្ចព្រមព្រៀង​ទន្លេមេគង្គ​ឆ្នាំ​១៩៩៥  ទី​ពីរ​ពិនិត្យមើល​សមិទ្ធផល​ដែល​គណៈកម្មការ​ទន្លេមេគង្គ​បានធ្វើ​កាលពី​៤​ឆ្នាំ​កន្លងទៅ និង​ទី​បី​គឺ​ការអនុម័ត​ផែនការ​៤​ឆ្នាំ​បន្ទាប់​ទៀត​។​

​លោក​បន្តថា កន្លងទៅ​មានការ​ព្រួយបារម្ភ​អំពី​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ជា​បន្តបន្ទាប់​នៅលើ​ទន្លេមេគង្គ ជាពិសេស​ការសាងសង់​ទំនប់​របស់​ប្រទេស​ឡាវ​។​

​លោក តែ ណា​វុ​ធ​អះអាង​បន្ថែមថា មុន​នឹងមាន​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កំពូល​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៥​ខែមេសា​នោះ នឹងមាន​សន្និសីទ​អន្តរជាតិ​នៅ​ថ្ងៃទី​២ និង​ទី​៣ ខែមេសា ដែល​អនុញ្ញាត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពិភាក្សា បញ្ចេញយោបល់ និង​បង្ហាញ​ការព្រួយបារម្ភ​នានា​អំពី​ទន្លេមេគង្គ ហើយ​បន្ទាប់មក​នឹងមាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ថ្ងៃទី​៤ ខែមេសា​។​

​អ្នកស្រី លុយ រស្មី នាយិកា​ប្រតិបត្តិ សមាគម​ថែរក្សា​បរិស្ថាន និង​វប្បធម៌ បាន​ថ្លែង​នៅក្នុង​សន្និសីទ​ព័ត៌មាន​របស់​ក្រុម​តំណាង​ពលរដ្ឋ​រស់នៅ​សហគមន៍​ជាប់​នឹង​ទន្លេមេគង្គ កាលពី​សប្តាហ៍​ថា ការធ្វើ​សេចក្តីសម្រេច​អំពី​គម្រោង​ថាមពល​វា​រី​អគ្គិសនី មិនគួរ​ធ្វើឡើង ដាច់ដោយឡែក​ទៅតាម​ករណី​គម្រោង​នីមួយៗ​ដាច់ពីគ្នា ដោយ​មិន​គិត​អំពី​ផលប៉ះពាល់​រួម និង​នៅ​ទូទាំង​អាង​ទន្លេ​នោះឡើយ​។ អ្នកស្រី​បាន​បន្តថា រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ គួរ​មាន​ជំហរ​រូ​ម​មួយ ក្នុងការ​ប្រើប្រាស់​អភិក្រម​ប្រព័ន្ធ​អេកូឡូស៊ី​។ អ្នកស្រី​ថ្លែង​យ៉ាង​ដូច្នេះ​៖

«​ចំណុច​សំខាន់​មួយទៀត​នោះ​គឺ រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ​ហ្នឹង គួរតែ​អនុម័ត​ច្បាប់ និង​ការប្តេជ្ញា ប្រើប្រាស់​អភិក្រម​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ការគ្រប់គ្រង​ជលផល ដើម្បី​ថែរក្សា​ធនធានធម្មជាតិ ឲ្យ​មាន​និរន្តរភាព និង​ការពារ​ទីជម្រក និង​កន្លែង​ពង​កូន​សំខាន់ៗ​ផងដែរ​»​។​

​អ្នកស្រី​ថ្លែង​បន្ថែមថា រដ្ឋាភិបាល​គួរ​ពិចារណា​វិធានការ​គ្រប់គ្រង​លើ​តម្រូវការ និង​ប្រសិទ្ធភាព​ថាមពល នៅក្នុង​ផែនការអភិវឌ្ឍន៍​ថាមពល​របស់ខ្លួន​។​

​យោងតាម​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ពលរដ្ឋ​រស់ក្នុង​សហគមន៍​ជាប់​ទន្លេមេគង្គ និង​បឹង​ទន្លេសាប ចុះ​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៨ បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ព័ត៌មាន​អំពី​គម្រោង​ទំនប់​ថាមពល​វា​រី​អគ្គិសនី ដែល​រួមទាំង ជា​ភាសាជាតិ គួរតែ​បាន​ចាត់ចែង​ឲ្យ​មាន នៅក្នុង​មជ្ឈដ្ឋាន​សាធារណៈ ឬ​ក្នុង​គេហទំព័រ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ ដើម្បី​ធានាថា សាធារណជន​អាច​ទទួលបាន​ព័ត៌មាន​នេះ​។​

​សេចក្តីថ្លែងការណ៍​បាន​បន្តទៀតថា លំហ​សម្រាប់​សហគមន៍​រងគ្រោះ និង​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​ការពិគ្រោះ​យោបល់ គួរ​ត្រូវបាន​ពង្រីក​ជាពិសេស​សម្រាប់​អ្នក​ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​សហគមន៍​រងគ្រោះ​ដោយសារ​ទំនប់ និង​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ពួកគាត់ ដើម្បី​ធ្វើ​កិច្ចការ​នេះ និង​ផ្តល់យោបល់​លើ​សំណើ​គម្រោង​ទាំងនោះ​។​

​ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​ដែល​អាច​នឹង​បង្កឡើង​ដោយ​ទំនប់​វា​រី​អគ្គិសនី​សំបូរ​នោះ សេចក្តីថ្លែងការណ៍​រួម​ដដែល​បាន លើកឡើងថា សំណើ​ទំនប់​សំបូរ​នឹង​បង្ក​ការប៉ះពាល់​ដោយផ្ទាល់​ដល់​ប្រជាជន​ចំនួន ១៩ ០៣៤​នាក់​។ ប្រជាពលរដ្ឋ​ទាំងនេះ នឹងត្រូវ​ផ្លាស់​ទីលំនៅ ទៅ​កន្លែង​ផ្សេង ដោយសារ​ទីលំនៅ​បច្ចុប្បន្ន​របស់​ពួកគេ និង​ធនធានធម្មជាតិ នឹងត្រូវ​លិចលង់​ជា​អចិន្ត្រៃយ៍​នៅក្នុង​អាង​ដែល​កើតឡើង​ដោយសារ​ទំនប់​នេះ​។ ការសិក្សា​វិទ្យាសាស្ត្រ​មួយ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​នេសាទ​ទឹកសាប នៅ​ឆ្នាំ​២០១២ បាន​ប៉ាន់ប្រមាណ​ថា ទិន្នផល​ត្រី និង​វា​រី​សត្វ​នានា​ដទៃទៀត នឹង​ថយចុះ​១៦​ភាគរយ – ៣០​ភាគរយ ឬ ៩៨.០០០ – ១៨២.០០០ តោន​ប្រសិនបើ​សំណើ​ទំនប់​ត្រូវ​សាងសង់​មែន​នោះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com