ជាតិ
លោក ឡាយ វណ្ណៈ និង​លោក ឡាយ ណា​រិ​ទ្ធ ត្រូវបាន​ចោទ​ពីបទ «​ឃាតកម្ម​»
03, Apr 2018 , 4:11 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ
រូបពីហ្វេសប៊ុកលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ
ដោយ: ថ្មីៗ
​ទីបំផុត មរណភាព​របស់លោក​ស្រី ចេ​វ សុ​វ​ឌ្ឍនា ត្រូវបាន​ព្រះរាជអាជ្ញា រកឃើញថា មិនមែនជា​ការធ្វើអត្តឃាត​ដោយ​ចងក​នោះទេ ប៉ុន្តែ​ជា​អំពើ​ឃាតកម្ម​។ លោក លី សុ​ផា​ណា អ្នកនាំពាក្យ​នៃអយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកកាសែត​ថា លោក ឡាយ វណ្ណៈ (​ប្អូន​) ជា​អតីត​អភិបាល​ខេត្តតាកែវ និង​លោក ឡាយ ណា​រិ​ទ្ធ (​បង​) ស្នងការរង​ខេត្ត​តាកែវ ត្រូវបាន​ចោទ​ពីបទ ឃាតកម្ម ក្នុង​សំណុំ​​រឿង​នេះ​។



​លោក លី សុ​ផា​ណា បន្តថា មនុស្ស​ពាក់ព័ន្ធ​ពីរ​នាក់​ផ្សេងទៀត បាន​រង​បទ​ចោទ «​លាក់បាំង​តម្រុយ​»  ក្នុង​សំណុំ​រឿង​ឃាតកម្ម​មួយ​នេះ​។ អ្នកនាំពាក្យ​ខាងលើ បាន​សរសេរ​សារ​ទៅកាន់​អ្នកកាសែត​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​រសៀល​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២0១៨​នេះ យ៉ាង​ដូច្នេះ​ថា​៖«​បុគ្គល​ទាំង​៤​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​»​។​

មាត្រា​១៩៩​ នៃ​ក្រមព្រហ្មទណ្ឌ បាន​កំណត់ថា អំពើ​ឃាតកម្ម ត្រូវ​ផ្តន្ទាទោស​ពី​១0ឆ្នាំ ​ទៅ​ ១៥​ឆ្នាំ​។ ចំណែក​មាត្រា៥៣២ ​នៃ​ក្រមព្រហ្មទណ្ឌ បាន​កំណត់ថា អំពើ​លាក់បាំង​តម្រុយដែលធ្វើឲ្យមានឧបសគ្គក្នុងការស្វែងរកការពិត ត្រូវ​ផ្តន្ទាទោស​ពី​១​ឆ្នាំ ទៅ ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ​ទៅ ​៦​លាន​រៀល​។

​លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​អ្នកចោទ​ប្រកាន់ជនត្រូវចោទទាំង៤។ ការចោទប្រកាន់​នេះ គឺធ្វើឡើង​បន្ទាប់ពី​បញ្ចប់​ការសាកសួរ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​។ 

គួររម្លឹកថា លោកស្រី ចេវ សុវឌ្ឍនា ដែលជាស្រីកំណាន់របស់លោក ឡាយ វណ្ណៈ ត្រូវបានគេប្រទះឃើញស្លាប់ ដោយស្ថានភាពចងក ក្នុងផ្ទះ ស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ កាលពីអំឡុងខែមករា ឆ្នាំ២0១៨។ ប៉ុន្តែ សមត្ថកិច្ច និងសាធារណជនខ្លះ សង្ស័យថា មរណភាពរបស់លោកស្រី មិនមែនជាការធ្វើអត្តឃាតនោះទេ តែទំនងជាអំពើឃាតកម្ម៕


Tag:
 ​ឡាយ វណ្ណៈ
© រក្សាសិទ្ធិដោយ thmeythmey.com