អន្តរជាតិ
ការបង្ក្រាប​លើ​ការនេសាទ​ខុសច្បាប់​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ឥណ្ឌូណេស៊ី​
04, Apr 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ការនេសាទ​ខុសច្បាប់​ត្រូវបាន​គេ​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។ ប្រទេស​នេះ​បាន​ហាមឃាត់​នាវា​នេសាទ​បរទេស​នៅក្នុង​ឆ្នាំ​២០១៤​។ ចាប់តាំងពី​ពេលនោះ​មក នាវា​ជាង​៣០០​ដែល​ត្រូវគេ​ចាប់បាន​ថា​បំពាន​លើ​បំរាម​នេះ ត្រូវបាន​គេ​ជម្លៀសចេញ​និង​បាញ់​ពន្លិច​។​



​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo និយាយថា នេះ​គឺ​សារ​យ៉ាងច្បាស់​មួយ​។ លោក​ពន្យល់ថា​៖

«​ការបាញ់​ពន្លិច​នាវា​នានា ជា​ទម្រង់​មួយ​នៃ​ការអនុវត្ត​ច្បាប់​ដែល​បង្ហាញថា ប្រទេស​ឥណ្ឌូណេស៊ី​មិនបាន​ព្រងើយកន្តើយ​នឹង​ការនេសាទ​ត្រី​ខុសច្បាប់ ឬ​ការ​លួច​ចាប់​ត្រី​នោះទេ​។ មិនមាន​ការលេង​សើច​ជាមួយ​ទេ​។ វា​ជា​រឿង​គួរ​ឲ្យ​ខ្លាច​បំផុត ហើយ​ការបាញ់​ពន្លិច​នាវា​នេះ ជា​ឥទ្ធិពល​បង្អាក់​មួយ​»​។​

​អ្នកស្រាវជ្រាវ​ចង់ដឹង​ថា តើ​ឥទ្ធិពល​បង្អាក់​នេះ​មាន​ប្រសិទ្ធភាព​កម្រិតណា​។ ពួកគេ​បានធ្វើ​ការសិក្សា​លើ​ការចុះបញ្ជី​របស់​រដ្ឋាភិបាល ទិន្នន័យ​តាមដាន​នាវា និង​រូបភាព​ពី​ផ្កាយរណប​លើ​ដែនទឹក​ឥណ្ឌូណេស៊ី​។ លោក Ren Cabral សហ​និពន្ធ​នៃ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ខាងលើ​នៅ​សាកលវិទ្យាល័យ California, Santa Barbara បាន​ឲ្យ​ដឹងថា ពួកគេ​បាន​រកឃើញថា ឥទ្ធិពល​បង្អាក់​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ពិត​ជាមាន​ប្រសិទ្ធ​ភាពខ្លាំង​។​

​លោក Cabral បាន​និយាយថា​៖ «​ការសិក្សា​របស់​យើង​បាន​បង្ហាញថា កង​នាវា​នេសាទ​បរទេស​បាន​ថយចុះ ហើយ​ពេលនេះ គឺ​ស្ទើរតែ​គ្មាន​តែម្តង​»​។​

​រយៈពេល​ដែល​នាវា​បរទេស​ចត​ក្នុង​ដែនទឹក​ឥណ្ឌូណេស៊ី បាន​ថយចុះ​ជាង​៩០​ភាគរយ ហើយ​សកម្មភាព​ផ្សេងៗ​នៃ​នាវា​ទាំងអស់នោះ ថយចុះ​យ៉ាងហោចណាស់​២៥​ភាគរយ​។​

​លោក Boris Worm បាន​និយាយថា​៖ «​អ្នកមាន​ផលប្រយោជន៍​យ៉ាង​ធំ​មួយ ប៉ុន្តែ​ការខាតបង់​សម្រាប់​ពលរដ្ឋ​ក្នុងស្រុក​គឺ​មិនមាន​នោះទេ​។ មានតែ​ផលប្រយោជន៍​ប៉ុណ្ណោះ​»​។​

​លោក Boris Worm គឺជា​អ្នកជំនាញ​ក្នុង​វិស័យ​នេសាទ​នៅ​សាកលវិទ្យាល័យ Dalhousie​។ លោក​មិនបាន​ចូលរួម​ក្នុងការ​ស្រាវជ្រាវ​នេះ​ទេ​។​

​លោក Worm និយាយថា ការដាក់ចេញ​គោលការណ៍​កាត់បន្ថយ​ការនេសាទ​ហួស​កម្រិត គឺ​ដូច​ជាការ​រឹតត្បិត​ដែល​គេ​មិន​ពេញចិត្ត ដល់​អ្នកនេសាទ​ក្នុងស្រុក​។ ប៉ុន្តែ​ប្រទេស​ឥណ្ឌូណេស៊ី ទទួលបាន​លទ្ធផល​ច្រើន​ទៅហើយ ដោយ​គ្រាន់តែ​បង្ក្រាប​ការនេសាទ​ខុសច្បាប់​។​

«​ខ្ញុំ​គិតថា ការស្រាវជ្រាវ​នេះ​លើកឡើង​យ៉ាង​សម​ហេតុផល ដែលថា​នេះ​ជា​ចំណាត់ការ​ដំបូង ដែល​អ្នក​គួរ​ធ្វើ​ប្រសិនបើ​អ្នក​ចង់​ដោះស្រាយ​បញ្ហា​នៃ​ការនេសាទ​នៅក្នុង​ប្រទេស​របស់​អ្នក​។ ដំបូង ត្រូវ​បណ្ដេញ​អ្នកនេសាទ​ណា​ដែល​មិនមាន​សិទ្ធិ​នេសាទ​នៅ​ទីនោះ​»​។​

​លោក Cabral បាន​និយាយថា នៅពេលដែល​ទូក​នេសាទ​បរទេស​ត្រូវបាន​គេ​បណ្ដេញចេញ អ្នកនេសាទ​ក្នុងស្រុក​នឹង​អាច​បង្កើន​ការនេសាទ​របស់គេ​។ យ៉ាងណាក៏ដោយ ប្រសិនបើ​មិន​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ អ្នកនេសាទ​ក្នុងស្រុក​អាច​នឹងធ្វើ​ឲ្យ​ផលប្រយោជន៍​ពី​ការកាត់បន្ថយ​ការនេសាទ​បរទេស​ខុសច្បាប់ ក្លាយជា​អសារ​បង់​។​

«​ជំហាន​បន្ទាប់​គឺជា​ការគ្រប់គ្រង​របស់​ប្រទេស​ឥណ្ឌូណេស៊ី ទៅលើ​ការនេសាទ​ក្នុងស្រុក​របស់​ពួកគេ ហើយ​ប្រសិនបើ​ពួកគេ​ធ្វើ​ដូច្នេះ ពួកគេ​ពិតជា​អាច​ទទួលបាន​ផលប្រយោជន៍​ពី​គោលនយោបាយ​ដែល​ពួកគេ​រៀបចំ​»​។​

​ការសិក្សា​ស្រាវជ្រាវ​នេះ​បង្ហាញថា អ្នកនេសាទ​ឥណ្ឌូណេស៊ី​អាច​រកប្រាក់​ចំណេញ​ច្រើនជាង​មុន ១២​ភាគរយ​នៅត្រឹម​ឆ្នាំ​២០៣៥ ប្រសិនបើ​ពួកគេ​អាច​គ្រប់គ្រង​ការនេសាទ​ក្នុងស្រុក​ឲ្យ​មាន​ចីរភាព​។ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​មិនអាច​គ្រប់គ្រង​បានទេ ផលប្រយោជន៍​អាច​នឹង​ធ្លាក់ចុះ​ពាក់កណ្ដាល​វិញ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com