អន្តរជាតិ
ទៅ​ចិន​លើក​ទី​បី លោក ឌូ​ទើ​តេ នាំ​លុយ​ជិត​១០​ពាន់​លានដុល្លារ​ត្រឡប់​ចូល​ហ្វីលីពីន​វិញ​
11, Apr 2018 , 9:59 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង ក្នងជំនួបនៅកោះហៃណាន (រូបភាព Xinhua)
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង ក្នងជំនួបនៅកោះហៃណាន (រូបភាព Xinhua)
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នឹង​ត្រឡប់​ចូល​ស្រុក​វិញ​ជាមួយ​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់ បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ទឹកដី​ចិន​។ ក្នុង​ដំណើរ​លើក​នេះ ក្រុមហ៊ុន​ចិន​បាន​សន្យា​រកស៊ី​នៅ​ហ្វីលីពីន​លើ​វិស័យ​ជាច្រើន ហើយ​រដ្ឋាភិបាល​ចិន​ក៏​សន្យា​ជំនួយ​សេដ្ឋកិច្ច​ដែរ ដែល​ធ្វើ​ឲ្យ​ទំហំ​ទឹកប្រាក់​ដែល​ហ្វីលីពីន​អាច​ទទួលបាន​មាន​ជិត​១០​ពាន់​លាន​ដុល្លារ​។ លោក ឌូ​ទើ​តេ បាន​ទៅដល់​ចិន​នៅ​ថ្ងៃទី​៩ ខែមេសា ដើម្បី​ចូលរួម​វេទិកា Boao ស្ដីពី​អាស៊ី នៅ​កោះ​ហៃ​ណាន ដែលជា​ដំណើរ​លើក​ទី​បី​នៅ​ទឹកដី​ចិន​។



​ខ្ញុំ​ត្រូវការ​ចិន​ជាង​អ្នកណា​ទាំងអស់​នៅពេលនេះ​។ ទំនាក់ទំនង​ចិន និង​ហ្វីលីពីន​កំពុង​រីក​ស្គុះស្គាយ​ដូច​ផ្កា​។ នេះ​ជា​សម្ដី​របស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ មុន​ដំណើរ​ទស្សនកិច្ច​នៅ​ចិន​ដើម្បី​ចូលរួម​វេទិកា Boao ស្ដីពី​អាស៊ី នៅ​កោះ​ហៃ​ណាន​។ មិន​ធ្វើ​ឲ្យ​លោក ឌូ​ទើ​តេ ទាស់ចិត្ត​ឡើយ ទាំង​រដ្ឋាភិបាល​ចិន ទាំង​ក្រុមហ៊ុន​ឯកជន​របស់​ចិន បាន​សន្យា​ផ្ដល់​លុយរាប់​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​ហ្វីលីពីន ក្រោមរូបភាព​ជា​ជំនួយ​ផង និង​ការវិនិយោគ​ផង​។​

​លោក ឌូ​ទើ​តេ បាន​ឆ្លៀត​ជួប​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង និង​បាន​អរគុណ​ចំពោះ​ជំនួយ​របស់​ចិន​ក្នុង​យុទ្ធនា​ការរំដោះ​ទីក្រុង​ម៉ា​វ៉ា​វី​ពី​ដៃ​ក្រុម​ជ្រុលនិយម Maute ។ ក្រោយ​ជំនួប​ទ្វេភាគី​នៅ​ថ្ងៃទី​១០ ខែមេសា លោក Harry Roque អ្នកនាំពាក្យ​លោក ឌូ​ទើ​តេ និយាយថា រដ្ឋាភិបាល​ចិន​បាន​សន្យា​ផ្ដល់ជំនួយ​សេដ្ឋកិច្ច​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​៥០០​លាន​យ័ន ស្មើនឹង​ជិត​៨០​លាន​ដុល្លារ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ហ្វីលីពីន ABS-CBN ។

​ក្រោយ​ជំនួប​ទ្វេភាគី មេដឹកនាំ​ហ្វីលីពីន ក៏​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​មួយ​ដែល​ក្រុមហ៊ុន​ចិន​បានប្រកាស​ពី​បំណង​ក្នុង​ការរកស៊ី​នៅ​ហ្វីលីពីន​លើ​វិស័យ​ដូចជា​ថាមពល កសិកម្ម ថ្នាំពេទ្យ និង​សំណង់​ជាដើម​។ ការសន្យា​របស់​ក្រុមហ៊ុន​ចិន​អាចបង្កើត​ការងារ​ឲ្យ​ហ្វីលីពីន​ដល់​ទៅ​ជាង​មួយ​ម៉ឺន​ការងារ និង​មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​លើស​៩​ពាន់​លាន​ដុល្លារ​។ សរុប​ទាំង​ខាង​រដ្ឋាភិបាល ទាំង​ឯកជន ហ្វីលីពីន​អាច​ទទួល​ទឹកប្រាក់​ជិត​១០​ពាន់​លាន​ដុល្លារ​ឯណោះ​។

​ចំណែកឯ​លោក ឌូ​ទើ​តេ វិញ បាន​សន្យា​បង្កើត​បរិយាកាស​ល្អប្រសើរ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​របស់​វិ​និ​យោគី​នប​រទេស​។ ហ្វីលីពីន​ក៏​នឹង​ដោះស្រាយ​បញ្ហា​អំពើពុករលួយ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​ក្រៅប្រទេស ដោយ​លោក ឌូ​ទើ​តេ សង្កត់​ថា ហ្វីលីពីន​មិនអាច​អត់ឱន​ឲ្យ​អំពើពុករលួយ​ឡើយ​ក្នុង​អាណត្តិ​របស់លោក ហើយ​វា​ជាការ​ប្ដេជ្ញាចិត្ត​របស់លោក​។ 

​ជំនួយ និង​ការ​វិ​និ​យ​យោគ​របស់​ចិន គឺជា​ការ​ចំ​បាច់​សម្រាប់​រដ្ឋបាល​លោក ឌូ​ទើ​តេ ក្នុងការ​អនុវត្ត​ផែនការ​អភិវឌ្ឍ​ប្រទេស​។ លោក ឌូ​ទើ​តេ បាន​ដាក់ចេញ​នយោបាយ «​សាងសង់ សាងសង់ សាងសង់​» ដែលមាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ក្នុងស្រុក​។ មុន​ហោះ​ទៅកាន់​ចិន លោក ឌូ​ទើ​តេ បានបង្ហាញ​ពី​មនោសញ្ចេតនា​រវាង​លោក និង​លោក ស៊ី ជិន​ភីង ដោយ​អះអាងថា លោក ស៊ី យល់​ពី​បញ្ហា​របស់​ហ្វីលីពីន និង​ចង់​ជួយ​ហ្វីលីពីន​៕


Tag:
 ចិន​
  ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com