ជាតិ
សុខភាព
អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​លអាច​ការពារ​តម្រង់​នោម​នៃ​អ្នកមាន​ជំងឺគ្រុនចាញ់​ធ្ងន់ធ្ងរ
18, Apr 2018 , 7:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖  ​ក្រុម​អ្នកជំនាញ​ធ្វើ​កិច្ចការ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ បាន​រកឃើញ ដោយ​ភ្ញាក់ផ្អើល​ថា ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​សាមញ្ញ ជួយ​ការពារ​តម្រង់​នោម​នៃ​អ្នកមាន​ជំងឺគ្រុនចាញ់​ធ្ងន់ធ្ងរ​បាន​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​មួយ​ចេញផ្សាយ​ដោយ​អង្គភាព​ស្រាវជ្រាវ​ឱសថ​ក្នុង​តំបន់​ត្រូ​ពិ​ក​នៃ​សាកលវិទ្យាល័យ Mahidol Oxford (Mahidol Oxford Tropical Medicine Research Unit) ហៅ​កាត់  MORU ដែល​បានចេញ​ផ្សាយ​កាលពី​សបា្តហ៍​មុន​។​



​អ្នកសិក្សា​ស្រាវជ្រាវ​ជាច្រើន​នាក់​បាន​រកឃើញ​តាម​ការសិក្សា​ថ្មី​មួយ​ថា ការ​ឲ្យ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ដល់​អ្នកមាន​ជំងឺគ្រុនចាញ់​ធ្ងន់ធ្ងរ អាចធ្វើ​ឲ្យ​អ្នកជំងឺ​ទាំងនោះ ការពារ​ដល់​ការខូចខាត​តម្រង់​នោម​បាន​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​មួយ​ចេញផ្សាយ​ដោយ​អង្គភាព​ស្រាវជ្រាវ​ឱសថ​ក្នុង​តំបន់​ត្រូ​ពិ​ក​នៃ​សាកលវិទ្យាល័យ Mahidol Oxford (Mahidol Oxford Tropical Medicine Research Unit) ហៅ​កាត់  MORU កាលពី​សបា្តហ៍​មុន​។​

​លោក Arjen Dondorp សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Oxford និង​ជា​ប្រធាន​អង្គភាព​ស្រាវជ្រាវ​ឱសថ​ក្នុង​តំបន់​ត្រូ​ពិ​ក​នៃ​សាកលវិទ្យាល័យ Mahidol Oxford ត្រូវបាន​ស្រង់​ប្រសាសន៍​ក្នុង​សេចក្តីប្រកាស​នោះ តាមន័យ​ដើម​ថា​៖

«​នេះ​ជាការ​រកឃើញ​ដែលមាន​សារសំខាន់​មួយ ពីព្រោះ​ការ​ខូច​តម្រង់​នោម​ធ្ងន់ធ្ងរ គឺ​កើតមាន​ជាទូទៅ ពោល​គឺថា​ជារឿយៗ វា​មាន​ភាពស្មុគស្មាញ​នៅក្នុង​អ្នកជំងឺ​ដែលជា​មនុស្សពេញវ័យ និង​មាន​ជំងឺគ្រុនចាញ់​ធ្ងន់ធ្ងរ​»​។​

​លោក​បាន​បន្ថែមថា​៖

«​ជាការ​ភ្ញាក់ផ្អើល​មួយ ដែល​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​សាមញ្ញ និង​មាន​តម្លៃថោក អាច​ការពារ​តម្រង់​នោម​របស់​អ្នកមាន​ជំងឺគ្រុនចាញ់​ធ្ងន់ធ្ងរ​។ ហេតុដូចនេះ វា​មាន​សក្តានុពល​ក្នុងការ​បន្ថយ​ការស្លាប់​បង្កដោយ​ជំងឺគ្រុនចាញ់​»​។​

​ការសិក្សា​ស្រាវជ្រាវ​ធ្វើឡើង​កាលពីពេល​ថ្មីៗ​មួយ​នេះ បាន​រាយការណ៍​ឲ្យ​ដឹងថា ការផ្តល់​កម្រិត​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ទៀងទាត់​មួយ អាច​ការពារ​តម្រង់​នោម​របស់​អ្នកជំងឺ​ជា​មនុស្សពេញវ័យ ដែលមាន​ជំងឺគ្រុនចាញ់​មួយ​ប្រភេទ ជា​ប្រភេទ​ជំងឺគ្រុនចាញ់​ធ្ងន់ធ្ងរ​បំផុត​ឬ​ហៅថា falciparum malaria​។​

​ជា​រៀងរាល់ឆ្នាំ ជំងឺគ្រុនចាញ់​ធ្ងន់ធ្ងរ បាន​បង្ក​ឲ្យ​មនុស្ស​ជិត​កន្លះ​លាន​នាក់​ស្លាប់​នៅ​ទូទាំង​សាកលលោក​។ ការ​ខូច​តម្រង់​នោម​ខ្លាំង​បាន​បង្ក​ភាពស្មុគស្មាញ​កាន់តែខ្លាំង​ឡើង ដល់​អ្នកមាន​ជំងឺ​គ្រុន ចាញ់​ធ្ងន់ធ្ងរ ដែលជា​ហេតុផល​សំខាន់​មួយ​នៃ​ការស្លាប់​។​

​ការ​ខូច​តម្រង់​នោម​ខ្លាំង​នេះ បានកើត​ឡើង​៤០​ភាគរយ លើ​មនុស្សពេញវ័យ និង​យ៉ាងហោចណាស់​១០​ភាគរយ​ទៅលើ​កុមារ ដែលមាន​ជំងឺគ្រុនចាញ់​ធ្ងន់ធ្ងរ ដោយ​វា​បានសម្លាប់​៤០​ភាគរយ​នៃ​មនុស្សពេញវ័យ​ទាំងនេះ និង​ពី​១២ ទៅ​២៤​ភាគរយ​ទៀត​សម្រាប់​កុមារ​។​

​ការសិក្សា​ដែល​បាន​រកឃើញ​ពី​សារសំខាន់​នៃ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ដែល​អាច​ការពារ​តម្រង់​នោម​អ្នកមាន​ជំងឺគ្រុនចាញ់​ធ្ងន់ធ្ងរ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ប្រទេស បង់​ក្លា​ដេ​ស (Bangladesh)​។​

​លោក Arjen Dondorp សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Oxford ការរកឃើញ​ថ្មី​នេះ នឹងត្រូវ​យកទៅ​សាកល្បង​ទៅលើ​ក្មេងៗ​ជនជាតិ​អាហ្វ្រិក ដែលមាន​ជំងឺគ្រុនចាញ់​ធ្ងន់ធ្ងរ​នេះ​។​

VOA  មិនទាន់​អាច​សុំ​ការអធិប្បាយ​ពី លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កូ​ល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ​-​បាណក​សាស្ត្រ (National Center for Parasitology, Entomology and Malaria Control) ហៅ​កាត់​ថា CNM នៅ​ថ្ងៃ​អង្គារ​នេះ​បានទេ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com