ជាតិ
ភ្លៀង​កក់ខែ នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​ទូទាំងប្រទេស រហូតដល់​ថ្ងៃទី​២១ ខែមេសា
18, Apr 2018 , 4:59 pm        
រូបភាព
ដោយ:
​តាម​ការ​ព្យាករ​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ភ្លៀង​កក់ខែ នៅ​បន្ត​ធ្លាក់​រាយប៉ាយ​ស្ទើរ​ទូទាំងប្រទេស ដល់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ ហើយ​ខ្យល់​កន្ត្រាក់ ដែល​បាន​បោកបក់​បណ្ដាល​ឲ្យ​ខូចខាត​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន បាន​ចុះថយ​បន្តិច​ចាប់ពី​ថ្ងៃ​១៨​នេះ​។ បើតាម លោក ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក សីតុណ្ហភាព នឹង​ធ្លាក់​ចុះមក​នៅ​អតិបរមា​ក្នុង​រង្វង់​ចាប់ពី ២៥-២៦​អង្សា​សេ រហូតដល់​ចុងខែ​មេសា​។



​លោក ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កាលពី​ថ្ងៃទី​១៧ ខែមេសា ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ មាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយ​បាយ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស ហើយ​ភ្លៀង​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ នៅ​ខេត្តព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និង​ប៉ៃលិន​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្យល់​កន្ត្រាក់​នេះ មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​ឡើយ​»​។

​នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​រូបនេះ បាន​បន្ថែមថា សីតុណ្ហភាព​កន្លងមក​ក្នុង​រង្វង់​អតិបរមា ៣៣​អង្សា​សេ ប៉ុន្តែ​ចាប់ពី​យប់​ថ្ងៃទី​១៨ ខែមេសា​នេះ សីតុណ្ហភាព​នឹង​ធ្លាក់​ចុះមក​ក្នុង​រង្វង់​អតិបរមា​ចាប់ពី​២៥ ទៅ ២៦​អង្សា ដល់​ដំណាច់ខែ​នេះ​។

​លោក ចាន់ យុ​ត្ថា បានលើកឡើង​ទៀតថា ភ្លៀង​កក់ខែ​ដែល​ធ្លាក់​រាយប៉ាយ​នេះ ស្ទើរតែ​គ្រប់​រាជធានី​-​ខេត្ត ពី​តិច​ទៅ​បង្គួរ តែ​មិនទាន់បាន​គ្រប់​ស្រុក​នៅ​ឡើង​ទេ ប៉ុន្តែ​កាលពី​ថ្ងៃទី​១៧ ខេត្ត​ប៉ៃលិន ព្រៃវែង ស្វាយរៀង និង​កំពង់ស្ពឺ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​ទឹក​ឡើង​ជន់ និង​មាន​ខ្យល់​កន្ត្រាក់ បានធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​ដួលរលំ​៕


Tag:
 ភ្លៀង​កក់ខែ​
 ​ចាន់ យុ​ត្ថា​
© រក្សាសិទ្ធិដោយ thmeythmey.com