ជាតិ
កងកម្លាំង​៨​ម៉ឺន​នាក់ ត្រៀម​ការពារ​សន្តិសុខ ក្នុង​ថ្ងៃ​បោះឆ្នោត
19, Apr 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​កងកម្លាំងប្រដាប់អាវុធ​ប្រមាណ​៨​ម៉ឺន​នាក់ នឹងត្រូវ​ដាក់ពង្រាយ​នៅ​ទូទាំងប្រទេស ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ ក្នុងអំឡុង​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ នេះ​ជាការ​អះអាង​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ស្តីពី ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត រួមទាំង​ក្រមសីលធម៌​សម្រាប់​ភ្នាក់ងារ​សន្តិសុខ​។



​ការបើក​វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ ដោយ​ផ្តោត​សំខាន់​លើ​សកម្មភាព​សន្តិសុខ​នៃ​ការបោះឆ្នោត​។ គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​ប្រសាសន៍​របស់លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ទៅ​ចុះផ្សាយ​យ៉ាង​ដូច្នេះ​ថា​៖«​សិក្ខាកាម ដែល​បានបញ្ចប់​វគ្គ​នេះ ត្រូវយក​ចំណេះដឹង និង​ជំនាញ​ទៅ​បង្ហាត់បង្រៀន​បន្ត ព្រោះថា​យើង​មាន​កម្លាំង ដែល​ត្រូវ​ចូលរួម​ការពារ​ក្នុងការ​បោះឆ្នោត រហូតដល់​ទៅ​៨​ម៉ឺន​នាក់ ក្នុងនោះ​មកពី​កងយោធពល​ខេមរភូមិន្ទ និង​កងរាជអាវុធហត្ថ និង​មាន​កម្លាំង​ប្រជា​ការពារ​ត្រៀម​ជួយ​នៅតាម​ឃុំ សង្កាត់ និង​ក្រុង ស្រុក ខណ្ឌ ជាង​២​ម៉ឺន​នាក់​ផងដែរ​»​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​សេចក្តីប្រកាស​ព័ត៌មាន​ថា ការចុះបញ្ជី​គណបក្ស ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៣០ ខែមេសា ហើយ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​។

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​. បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា គណបក្ស​ណា ដែល​មិនបាន​ចុះឈ្មោះ គឺ​ស្មើនឹង​មិនបាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​។  លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការចុះឈ្មោះ​គណបក្ស សម្រាប់​ចូលរួម​ប្រកួតប្រជែង នឹងធ្វើ​ទៅតាម​កាលកំណត់​។ យើង​អត់​ពន្យារពេល​ជាដាច់ខាត​»៕


Tag:
 បោះឆ្នោត​
  សន្តិសុខ​
  គៀត ច័ន្ទ​ថា​រិ​ទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com