អន្តរជាតិ
ត្រាំ ព្រមាន​ប្រទេស​ដែល​ប្រឆាំង​អាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក ធ្វើ​ម្ចាស់ផ្ទះ World Cup
27, Apr 2018 , 7:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៦ ខែមេសា បាន​ផ្ញើ​សារ​គាំទ្រ​បេក្ខភាព​ប្រទេស​តំបន់​អាមេរិក​ខាងជើង​ក្នុងការ​ដេញថ្លៃ​រៀបចំ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក World Cup 2026 ។ លោក ត្រាំ បាន​ព្រមាន​ពី​ផលវិបាក​ផ្នែក​នយោបាយ​ចំពោះ​ប្រទេស​ណា​ដែល​ចង់​ប្រជែង​ធ្វើជា​ម្ចាស់ផ្ទះ​កម្មវិធី​កីឡា​ដ៏​ធំ​នេះ​។ ក្រៅពី​ប្រទេស​អាមេរិក​ខាងជើង មានតែ​រដ្ឋ​អាហ្វ្រិក​ម៉ា​រ៉ុ​ក​មួយគត់​ដែល​ចង់​ទទួល​រៀបចំ​ព្រឹត្តិការណ៍ World Cup 2026 ។​



​អាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក បានដាក់​ពាក្យ​រួមគ្នា​ដើម្បី​ដេញថ្លៃ​ធ្វើ​ម្ចាស់​ព្រឹត្តិការណ៍​កីឡាបាល់ទាត់ World Cup នៅ​ឆ្នាំ​២០២៦ និង​ត្រូវ​ប្រជែង​ជាមួយ​ម៉ា​រ៉ុ​ក ជា​ប្រទេស​ទៅ​ពី​តំបន់​អាហ្វ្រិក​។ ការប្រកាស​លទ្ធផល​ផ្លូវការ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៣ ខែមិថុនា​ខាងមុខ​នៅ​ទឹកដី​រុស្ស៊ី ដែលជា​ម្ចាស់ផ្ទះ World Cup ឆ្នាំ​២០១៨ នេះ ខណៈ​ការប្រកួត​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៤ ខែមិថុនា​។​

​មុន​ការប្រកាស​លទ្ធផល​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម Twitter ដែល​បង្ហាញ​ការគាំទ្រ​ចំពោះ​ការដេញថ្លៃ​រួមគ្នា​របស់​អាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​។ លោក​ក៏បាន​ព្រមាន​ប្រទេស​ណា​ដែល​មិន​គាំទ្រ​ការដេញថ្លៃ​របស់​ប្រទេស​អាមេរិក​ខាងជើង​ទាំងបី​ផង​។ «​ជា​រឿង​គួរ​ឲ្យ​ខ្មាស់ បើ​ប្រទេស​ដែល​យើង​តែង​គាំទ្រ​ត្រូវបាន​បញ្ចុះបញ្ចូល​ឲ្យ​ប្រឆាំង​ការដេញថ្លៃ​របស់​យើង​។ ហេតុអ្វី​យើង​គាំទ្រ​ប្រទេស​ទាំងនេះ ពេល​គេ​មិន​គាំទ្រ​អាមេរិក​វិញ​។​» នេះ​ជា​សម្ដី​របស់លោក ត្រាំ ។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បារាំង​បានបង្ហាញ​ជំហរ​គាំទ្រ​បេក្ខភាព​របស់​ម៉ា​រ៉ុ​ក​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ដែល​ធ្វើឡើង​រៀងរាល់​បួន​ឆ្នាំ​ម្ដងនេះ​។ ប្រធាន​សមាគម​កីឡាបាល់ទាត់​បារាំង Noel Le Graet ធ្លាប់​និយាយថា តំបន់​អាហ្វ្រិក​ត្រូវបាន​គេបោះបង់​ជា​យូរ​មកហើយ​។ អាហ្វ្រិក​ខាងត្បូង គឺជា​ប្រទេស​តែមួយគត់​នៃ​ទ្វីប​នេះ​ដែល​ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ​ពានរង្វាន់ World Cup ឆ្នាំ​២០១០ ដែល​អេ​ស្ប៉ា​ញ​ជា​ជើងឯក​។​

​ចំណែកឯ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាហ្វ្រិក Ahmad Ahmad បានស្នើ​ឲ្យ​ប្រទេស​អឺរ៉ុប​ឯទៀត​គាំទ្រ​បេក្ខភាព​ម៉ា​រ៉ុ​ក​ដែរ​។ លោក Ahmad Ahmad បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត​មាន AFP ថា បើ​អឺរ៉ុប​គាំទ្រ​ប្រទេស​អាហ្វ្រិក ប្រទេស​អាហ្វ្រិក​នឺង​បោះឆ្នោត​គាំទ្រ​បេក្ខភាព​របស់​ប្រទេស​អឺរ៉ុប​នៅលើ​ក​ក្រោយ​វិញ​។

​សម្រាប់​ការដេញថ្លៃ​ធ្វើ​ម្ចាស់ World Cup ឆ្នាំ​២០២៦ ម៉ា​រ៉ុ​ក​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រទេស​អាហ្វ្រិក ប៉ុន្តែ​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន​បាន​គាំទ្រ​បេក្ខភាព​របស់​ប្រទេស​នៃ​តំបន់​អាមេរិក​ខាងជើង​។ ប្រទេស​ចំនួន​១០​ដែលជា​សមាជិក​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​តំបន់​អាមេរិក​ខាងត្បូង​បានចេញ​សេចក្ដីថ្លែងការណ៍​រួម​គាំទ្រ​ជា​ឯកច្ឆន្ទ​ការដេញថ្លៃ​របស់​អាមេរិក​ខាងជើង ខណៈ​ដែលមាន​ប្រទេស​ទាំងបី​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​៕
 

Tag:
 អាមេរិក​
  ម៉ា​រ៉ុ​ក​
  ដូ​ណា​ល់ ត្រាំ​
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com