កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ថា​មិនបាន​លក់ Salah ឲ្យ Roma ទេ តែ Chelsea ជា​អ្នកសម្រេច​
28, Apr 2018 , 9:19 am        
រូបភាព
Mourinho និង Salah កាលជាគ្រូនិងសិស្សនៅ Chelsea
Mourinho និង Salah កាលជាគ្រូនិងសិស្សនៅ Chelsea
​លោក Jose Mourinho អ្នកចាត់ការ​ទូទៅ Manchester United មិនមាន​ការភ្ញាក់ផ្អើល​ចំពោះ​ការ​លេចធ្លោ​ខ្លាំង​របស់​ខ្សែប្រយុទ្ធ Mohamed Salah នៅ Liverpool បច្ចុប្បន្ន​ឡើយ​។ លើសពីនេះទៅទៀត​អតីត​អ្នកចាត់ការ Chelsea  បាន​និយាយថា លោក​មិនមែនជា​អ្នកលក់​ខ្សែប្រយុទ្ធ​អេ​ហ្ស៊ី​ប​រូបនេះ​ឲ្យ​ទៅ Roma កាលពី​ឆ្នាំ​២០១៦ ទេ តែ​គឺ​ក្លិប​ជា​អ្នកសម្រេច​។



Salah បាន​ទៅ​ចូលរួម​ជាមួយ Chelsea កាល​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​អ្នក​ចាត់​រហស្សនាម The Special One ក្នុង​ឆ្នាំ ២០១៤ ប៉ុន្តែ​រូបគេ​ត្រូវ​បរាជ័យ​ក្នុងការ​បង្ហាញខ្លួន​នៅឯ​កីឡដ្ឋាន Stamford Bridge ដែល​ត្រូវបាន​ឲ្យ Fiorentina ខ្ចី​ជើង​មួយ​រដូវ​កាល​។ មួយឆ្នាំ​ក្រោយ​អតីត​កីឡាករ FC Basel រូបនេះ ក៏ត្រូវ​បន្ត​ឲ្យ Roma ខ្ចី​មួយឆ្នាំ​ទៀត មុនពេល​ទិញ​ដាច់​នៅ​ឆ្នាំ​២០១៦​។​



​ខ្សែប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​រូបនេះ បាន​វិលត្រឡប់​មកកាន់​ក្របខណ្ឌ Premier League វិញ​ដោយ​ចូលរួម​ជាមួយ​ក្រុម​រហ​ស្សនាម​ហង្ស​ក្រហម​ក្រោម​ការដឹកនាំ​របស់លោក Jürgen Klopp  រដូវ​កាល​នេះ​។​

​សម្រាប់​រដូវ​កាល​ដំបូង​ដ៏​អស្ចារ្យ Salah អា​ចរក​គ្រាប់​បាល់​បាន​រហូតដល់ ៣១​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៣៣​ប្រកួត​ក្នុង​លី​ក ហើយ​បានឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ ២០១៨​របស់​សមាគម​កីឡាបាល់ទាត់​អង់គ្លេស Player of the Year Award ទៀតផង​។​

​លោក Mourinho ដែល​បច្ចុប្បន្នកំពុង​ដឹកនាំ Manchester United បាន​និយាយប្រាប់ ESPN ថា​៖«​មាន​គេ​និយាយថា​ខ្ញុំ​គឺជា​អ្នកលក់ Salah ប៉ុន្តែ​វា​រឿង​ផ្ទុយស្រឡះ​។ ខ្ញុំ​ជា​អ្នកទិញ Salah ហើយ​ខ្ញុំ​ក៏​ជា​អ្នក​ប្រាប់​ឲ្យ Chelsea ទិញ Salah ដែរ ... ប៉ុន្តែ​កាលនោះ​គាត់ (Salah) នៅ​ក្មេង​មិនទាន់បាន​ត្រៀមខ្លួន​ពេញលេញ ហើយ​អ្វីៗ​ទាំងអស់ គឺជា​ការលំបាក​សម្រាប់​គាត់​។ ការសម្រេចចិត្ត​បញ្ជូន Salah ឲ្យ​ក្រុម​ផ្សេង​ខ្ចី​ជើង គឺ​យើង​បានធ្វើ​រួមគ្នា ប៉ុន្តែ​ក្រោយមក​ការសម្រេចចិត្ត​លក់​គាត់​ដើម្បី​យកលុយ​ទៅ​ទិញ​កីឡាករ​ម្នាក់ទៀត​នោះ​គឺ​មិនមែនជា​ខ្ញុំ​ទេ​»​។



Salah អា​ចរក​គ្រាប់​បាល់​បញ្ចូល​ទី​ពី​គ្រប់​ការប្រកួត​ទាំងអស់​ចំនួន ៤៣​គ្រាប់ ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​អាចជួយ Liverpool លើក​ពាន Champions League ជា​លើក​ទី​៦ និង​មាន​ភាគរយ​ខ្ពស់​ដើម្បី​ឈ្នះ​ស្បែកជើង​មាស (Golden Boot) ពី​ក្របខណ្ឌ​លី​ក​កំពូល​អង់គ្លេស​រដូវ​កាល​នេះ​ផងដែរ​៕


Tag:
 បាល់ទាត់​
  Jose Mourinho
  Mohamed Salah
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com