អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី៖ បើ​ស្ថាបនិក​អាស៊ាន​ទាំង​ប្រាំ មិនលះបង់​ខ្ពស់​ពីអតីតកាល​ទេ អាស៊ាន​ក៏​គ្មាន​ថ្ងៃ​នេះដែរ
28, Apr 2018 , 7:34 pm        
រូបភាព
នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង ថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣២ (រូបភាព AFP)
នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង ថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣២ (រូបភាព AFP)
ដោយ:
​លោកនាយក​រដ្ឋមន្ត្រី លី សៀង​ឡុង នៅ​ថ្ងៃ​បើក​ដំណើការ​ផ្លូវការ​នៃ​ភាពជា​ប្រធាន​អាស៊ាន​របស់​សិង្ហ​បុរី​កន្លងទៅ បាន​រម្លឹក​ពី​គុណសម្បត្តិ ភក្តីភាព និង​ការលះបង់​ខ្ពស់​របស់​ស្ថាបនិក​អាស៊ាន​ទាំង​ប្រាំ ដែល​រួមមាន​ទាំង​សិង្ហ​បុរី​ផង ។ លោក លី ដែល​ធ្វើជា​អ្នកកា​ច់ប​ង្កូ​ចនៃ​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ​២០១៨ បាន​អះអាងថា បើ​ពេលនោះ (​ឆ្នាំ​១៩៦៧) ស្ថាបនិក​ទាំង​ប្រាំ មិន​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ខ្លាំង​នោះ អាស៊ាន​ក៏​គ្មាន​វត្តមាន​ដែរ ។​

​តាមរយៈ​ប្រកា​សកម្ម​វី​ធី​ផ្លូវការ នៃ​សិង្ហ​បុរី​ជា​ប្រធាន​វិលជុំ​អាស៊ាន លោកនាយក​រដ្ឋមន្ត្រី លី សៀង​ឡុង បាន​រម្លឹក​ពី​ប្រវត្តិ​ស្ថានភាព​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មុនពេល​នៃ​ការកកើតឡើង​អាស៊ាន​ជា​អង្គការ​អន្តររដ្ឋាភិបាល​កាលពី​ជាង​៥០ ឆ្នាំមុន ។ ពោលគឺ មុន​ពេលដែល​អាស៊ាន​បង្កើត​ឡើងជា​ផ្លូវការ​នៅក្នុង​ឆ្នាំ ១៩៦៧ ដោយ​ស្ថាបនិក​ទាំង​ប្រាំ រួមមាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ថៃ ។ 

​លោកនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា តំបន់​អាស៊ាន​ពីមុន​គឺជា​តំបន់ ដែលមាន​ស្ថានភាព​យ៉ាប់យឺន​បំផុត ដោយពេល​នោះ សិង្ហ​បុរី ទើបតែ​ផ្តាច់ខ្លួន​ចេញពី​ម៉ាឡេស៊ី , ការប្រឈមមុខគ្នា​រវាង​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ផ្តើម​ផ្ទុះ​ចេញ​ខ្លាំង ខណៈ​សង្គ្រាម​វៀតណាម​បាន​កើន​កំដៅ​ខ្លាំង ហើយ​បាន​គំរាមកំហែង​សន្តិសុខ​ដល់​ប្រទេស​ក្នុង​តំបន់​ទៀតផង ។ 

«​តែ​យ៉ាងណាក្តី បើ​យើង​ត្រឡប់​ប់​ទៅកាន់​អតីតកាល​បន្តិច ! ប្រសិនបើ​មេដឹកនាំ​ស្ថាបនិក​អាស៊ាន​ទាំង​ប្រាំ មិនបាន​ប្រកាន់ខ្ជាប់​ជំហរ​ភក្តីភាព និង​បង្កើត​អាស៊ាន​នៅក្នុង​ឆ្នាំ​១៩៦៧​នោះទេ តំបន់​ទាំងមូល​ទំនងជា​មិនអាច​រួចផុត​ពី​ជម្លោះ​ឡើយ​។ ហើយ​សិង្ហ​បុរី ដែលជា​ប្រទេស​ដ៏​តូច និង​ទន់ខ្សោយ​នៅពេលនោះ ក៏​ប្រហែលជា​មិនអាច​ឆ្លង​ផុតពី​ផល​លំបាក​ដែល​បង្កឡើង​ដោយ​ប្រទេសជិតខាង​បានដែរ​» ។ នេះ គឺជា​លើកឡើង​របស់​លោកនាយ​ក​រដ្ឋមន្ត្រី លី ។ 

​តាមរយៈ​វេទិកា​ដដែល​នោះ លោក លី ក៏បាន​ទទួលស្គាល់​ពីស​មិទ្ធ​ផល​នៃ​ការកសាង​អាស៊ាន​ឲ្យ​កាន់​រឹងមាំ និង​រីកចម្រើន​ទៅមុខ តាមរយៈ​ការចូលរួម​រួមរស់​ពី​បណ្តា​ប្រទេស​សមាជិក​ក្រោយ​ទាំង​ប្រាំ​ដែល​រួមមាន ព្រុយ​ណេ វៀតណាម មី​យ៉ាន់​ម៉ា ឡាវ និង​កម្ពុជា​ផងដែរ ។ លោក សង្កត់ធ្ងន់ថា សព្វថ្ងៃនេះ អាស៊ាន​មិនមែន​ត្រឹមតែ​ជា «​យុថ្កា​សន្តិសុខសម្រាប់​តំបន់​»​ប៉ុណ្ណោះ​នោះទេ តែ​ក៏​ជា​សហគមន៍​ដែលមាន​កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច និង​បញ្ហា​សង្គម​ផងដែរ ។ 

​សម្រាប់​លោក លី ដែល​កំពុងតែ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០១៨ ក្រោម​មូលបទ « ភាព​អត់ធន់ និង​ច្នៃប្រឌិត​» ការចូល​រួមគ្នា​ផ្នែក​សេដ្ឋកិច្ច​ទាំង​ដប់​ប្រទេស​របស់​អាស៊ាន បានធ្វើ​ឲ្យ​អាស៊ាន​ក្លាយជា​ក្រុម​ដ៏​លេចធ្លោរ និង​មានការ​ទាក់ទាញ​មួយ  ៕ 
 

Tag:
 អាស៊ាន
  សិង្ហបុរី
  លី សៀនឡុង
© រក្សាសិទ្ធិដោយ thmeythmey.com