អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បង្រួបបង្រួម​ម៉ោង៖​កូរ៉េខាងជើង​សន្យា​រំកិល​៣០​នាទី​ឲ្យ​ស្មើ​ម៉ោង​នៅ​កូរ៉េខាងត្បូង
29, Apr 2018 , 1:18 pm        
រូបភាព
​មន្ត្រី​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៩ ខែមេសា និយាយថា មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​សន្យា​លុបចោល​ល្វែង​ម៉ោង Pyongyang time ដែល​កូរ៉េខាងជើង​បង្កើត​ក្នុង​ឆ្នាំ​២០១៥ ។ តាមរយៈ​ល្វែង​ម៉ោង​នេះ ម៉ោង​កូរ៉េខាងជើង​ដើរ​យឺត​ជាង​ម៉ោង​នៅ​កូរ៉េខាងត្បូង​ចំនួន​៣០​នាទី​។ ការសន្យា​លុបចោល​ល្វែងម៉ោង​នេះ ជា​កាយវិការ​ផ្សះផ្សា​ការបែកបាក់​រវាង​កូរ៉េ​ទាំងពីរ​នៅក្រោយ​ជំនួប​ដែលមាន​ផ្លែផ្កា​រវាង​មេដឹកនាំ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២៧ ខែមេសា​។​

​នាពេល​កន្លងមក ឧបទ្វីប​កូរ៉េ​មិន​ត្រឹម​តែមាន​កូរ៉េ​ពីរ​ឡើយ សូម្បីតែ​ល្វែង​ម៉ោង​ក៏មាន​ពីរ​ដែរ​។ នេះ​ក៏​ព្រោះតែ​ក្នុង​ឆ្នាំ​២០១៥ កូរ៉េខាងជើង​បានប្រកាស​ប្ដូរ​ល្វែង​ម៉ោង​ភ្លាមៗ និង​ដើរ​ក្រោយ​ម៉ោង​នៅ​កូរ៉េខាងត្បូង​ចំនួន​៣០​នាទី​។ ល្វែង​នេះ គឺជា​ស្ដង់ដា​ម៉ោង​ចាស់​ដែល​ធ្លាប់ប្រើ​នៅ​ឧបទ្វីប​កូរ៉េ​មុន​ជប៉ុន​ដាក់​អាណាព្យាបាល​ចន្លោះ​ឆ្នាំ​១៩១០ ដល់​ឆ្នាំ​១៩៤៥ ។ ការប្ដូរ​ល្វែង​ម៉ោង​នេះ​ធ្វើឡើង​ចំ​ខួប​ទី​៧០​នៃ​ជ័យជម្នះ​លើ​ទាហាន​ជប៉ុន​។​
 
​យ៉ាងណាមិញ ក្នុងជំនួប​មេដឹកនាំ​កូរ៉េ​លើក​ទី​បី នៅ​ថ្ងៃទី​២៧ ខែមេសា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​សន្យា​ប្ដូរ​ស្តង់ដា​ម៉ោង​របស់ខ្លួន​វិញ​។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២៩ ខែមេសា លោក Yoon Young-chan អ្នកនាំពាក្យ​ប្រ​ធា​ធិបតី​កូរ៉េខាងត្បូង​និយាយថា លោក គីម ក្ដុកក្ដួល​ក្នុង​ចិត្ត ពេល​ឃើញ​នាឡិកា​ដែល​ព្យួរ​លើ​ជញ្ជាំង​ក្នុង​អាគារ​សន្តិភាព​បង្ហាញ​ម៉ោង​ខុសគ្នា​នៅ​ប្រទេសជិតខាង​ទាំងពីរ​។ 
 
«​ដោយសារ​យើង​ជា​អ្នក​ផ្លាស់ប្ដូរ​ម៉ោង​ពី​ម៉ោង​ស្ដង់ដា យើង​នឹង​ត្រឡប់​ទៅប្រើ​ម៉ោង​ចាស់​វិញ​។ កូរ៉េខាងត្បូង​អាច​ប្រកាស​រឿងនេះ​ជា​សាធារណៈ​បាន​»​។ នេះ​ជា​សម្រង់​សម្ដី​របស់​ប្រមុខ​ដឹកនាំ​របប​ក្រុង​ព្យុងយ៉ាង​ក្នុង​ង​ជំ​នូ​ប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ពី​សំណាក់​លោក Yoon Young-chan និង​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។  
 
​ការសន្យា​ទៅប្រើ​ប្រាស់​ម៉ោង​ចាស់​វិញ មានន័យថា​ម៉ោង​នៅ​កូរ៉េខាងជើង​គឺ​ដើរ​ទាន់​ម៉ោង​នៅ​កូរ៉េខាងត្បូង និង​ដើរ​៩​ម៉ោង​មុន​ម៉ោង Greenwich Mean ដែលជា​ល្វែង​ម៉ោង​គោល​របស់​អន្តរជាតិ​។ អ្នកនាំពាក្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ចាត់ទុក​ការសន្យា​របស់លោក គីម ជា​កាយវិការ​ជា​និមិត្ត​រូបនេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​ទំនាក់ទំនង​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​ព្យុងយ៉ាង​៕  
 

Tag:
 ​កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
  មូ​ន ចេ​អ៊ី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com