អន្តរជាតិ
ណា​ជីប រ៉ា​ហ្សា​ក់​៖ អ្នកនយោបាយ​ចាស់វស្សា មហា​ធៀ គួរតែ​ទទួលបាន​ពានរង្វាន់​តួ​សម្តែង​ល្អ​បំផុត
30, Apr 2018 , 8:39 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
​ខណៈ​ការបោះឆ្នោតជាតិ​ម៉ាឡេស៊ី កាន់តែ​ខិតជិត​មកដល់ លោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ កាន់តែ​លេងសម្តី​ផ្លែផ្កា​ឲ្យ​អតីត​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនយោបាយ​ចាស់វស្សា​ម៉ាឡេស៊ី លោក មហាម៉ាត់ មហា​ធៀ​។ លោក ណា​ជីប បាន​ព្រលយ​ថា សកម្មភាព​នយោបាយរ​ប​ស់លោក មហា​ធៀ ធ្វើ​ឲ្យ​លោក​សម​នឹង​ទទួលបាន​ពាន​សម្តែង​ល្អ​កម្រិត​ពិភពលោក ។



​លោកនាយក​រដ្ឋមន្ត្រី ណា​ជីប បានបង្ហាញ​ការហួសចិត្ត ចំពោះ​ការផ្លាស់ប្តូរ​ឥរិយាបថ​ស្ទើរតែ ៣៦០​ដឺ​ក្រេ របស់​គូប្រជែង​ដ៏​មាន​ឥទ្ធិពល​របស់ខ្លួន គឺ​លោក មហា​ធៀ ពាក់ព័ន្ធ​នឹង​ការរួម​ជីវភាព​នយោបាយ​ជាមួយ​មេបក្ស​ប្រឆាំង​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម​។ លោកនាយក​រដ្ឋមន្ត្រី បាន​មើលឃើញ​ឥរិយាបថ​របស់លោក មហា​ធៀ ថា​ជាការ​ធ្វើ​នយោបាយ គ្មាន​គោលជំហរ​ច្បាស់លាស់ ។

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Nation របស់​ថៃ នៅ​ថ្ងៃ​២៥ មេសា លោក ណា​ជីប បាន​និយាយ​ផ្លែផ្កា​ទៅកាន់​លោក​មហា​ធៀ​យ៉ាង​ដូច្នេះ​ថា​៖«​គាត់ (​មហា​ធៀ​) គឺជា​តួ​សម្តែង​ដ៏​ល្អ​បំផុត ។ ពីមុន លោក​បាន​ហៅ លោក អាន់​វ៉ា​ថា ជា​បុគ្គល​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​»​។

​លោក​បន្តថា​ថា​៖«​មហា​ធា ថែមទាំង​ធ្លាប់​ប្រើពាក្យ​ធ្ងន់ៗ ដែល​ខ្ញុំ មិន​ហ៊ាន​សូម្បីតែ​និយាយ​តាម​ឡើងវិញ ផង​។ ក៏ប៉ុន្តែ​ចុងក្រោយ គាត់​បែរជា​ទៅ​ស្កាត់​ជួប​លោក អាន់​វ៉ា ដល់​កន្លែង​ជំនុំ​ជម្រះក្តី​នៅ​តុលាការ និង​ថែមទាំង​ចាប់ដៃគ្នា​នៅ​ទីនោះ​ទៀតផង​» ។

​លោកនាយក​រដ្ឋមន្ត្រី ដែលជា​ប្រមុខ​បក្ស​កាន់អំណាច​ម៉ាឡេស៊ី​(UMNO) បច្ចុប្បន្ន បាន​បន្តទៀតថា លោក​មិន​អាចធ្វើ​រឿង​ដូច ដែល​លោក មហា​ធៀ កំពុង​ធ្វើ​ឡើយ​។ សម្រាប់​លោក បុគ្គល​ម្នាក់ៗ ត្រូវតែមាន​គោលជំហរ​សម្រាប់​ខ្លួន ឲ្យ​បាន​រឹងមាំ​ក្នុង​ជីវិត​នយោបាយ​។

​គួរ​ជម្រាប​ផងដែរ​ថា នៅ​សប្តាហ៍​មុន គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ម៉ាឡេស៊ី បានប្រកាសថា ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ម៉ាឡេស៊ី នឹងត្រូវ​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី ៩​ខែឧសភា​ខាងមុខ​នេះហើយ​។ គេ​មើលឃើញថា ការបោះឆ្នោត​នេះ​នឹងមាន​ការប្រកួតប្រជែង​ខ្លាំង រវាង​បក្ស​កាន់អំណាច ជាមួយនឹង​បក្ស​ថ្មី​ដែល​ត្រូវបាន​បង្កើតឡើង​រួមគ្នា​រវាង​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ ជាមួយនឹង​មេបក្ស​ប្រឆាំង​ម៉ាឡេស៊ី អាន់​វ៉ា ដែល​កំពុង​ស្ថិតក្នុង​ពន្ធនាគារ​នោះ ។

​សូម​ជម្រាប​បន្តិច​ថា ដោយសារតែ​ការមិន​ពេញចិត្ត​លើ​ការដឹកនាំ​របស់លោក​ណា​ជីប លោក មហា​ធៀ ជាមួយនឹង​គូសត្រូវ​នយោបាយ​ចាស់​របស់លោក​គឺ លោក អាន់​វ៉ា ដោយ​រក្សាទុក​គំនុំ​ចាស់​មួយ​ឡែក​។ អ្នក​ទាំងពីរ​រំពឹងថា ពួកគេ​អាច​ចាប់ដៃគ្នា​ផ្តួល​លោក ណា​ជីប ដែល​កំពុងតែ​ដឹកនាំ​បក្ស​កាន់អំណាច ដែល​បាន​ដឹកនាំ​ម៉ាឡេស៊ី​តាំងពី​ប្រទេសមួយ​នេះ​ទទួលបាន​ឯករាជ្យ​មកម្ល៉េះ​នោះ​។ ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០១៣ បក្ស​កាន់អំណាច​បានឈ្នះ​ឆ្នោត​ទាំង​ប្រផិតប្រផើយ​ប៉ុណ្ណោះ​៕


Tag:
 ម៉ាឡេស៊ី
  ណា​ជីប រ៉ា​ហ្សា​ក់​
  បោះឆ្នោត​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com