អន្តរជាតិ
មី «Pyongyang naengmyeon» ដែល​មេដឹកនាំ​កូរ៉េ​ទាំងពីរ​ពិសា លក់ដាច់​យ៉ាងខ្លាំង​នៅ​សេ​អ៊ូ​ល​
29, Apr 2018 , 4:59 pm        
រូបភាព
ដោយ: ធីតា
​នា​អាហារ​ពេលល្ងាច​នៃ​ជំនួប​រវាង​លោក គីម ជុង​អ៊ុន និង​លោក មូ​ន ចេ​អ៊ី​ន នៅ Panumjom មី​មួយ​ប្រភេទ​របស់​កូរ៉េខាងជើង ក្លាយជា​អាហារ​ដ៏​សំខាន់​សម្រាប់​មេដឹកនាំ​ទាំងពីរ​។ បន្ទាប់ពី​ពេលនោះ​មក ហាង​ជាច្រើន​នៅ​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ទទួលបាន​ភ្ញៀវ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​បរិភោគ​មី​ត្រជាក់ «Pyongyang naengmyeon»​។​



​នៅ​ហាង Nampo Myeonok ក្នុង​ក្រុង​សេ​អ៊ូ​ល ម្ចាស់​ហាង​មិនអាច​ឆ្លើយ​តាម​តម្រូវការ​ភ្ញៀវ​បាន​នោះឡើយ ពីព្រោះ​ពួកគាត់​សុទ្ធ​កុម្ម៉ង់​ទិញ​មី​ត្រជាក់ «Pyongyang naengmyeon» ដែលជា​អាហារ​នៃ​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​បងប្អូន​កូរ៉េ​ទាំងពីរ​។​

​យោងតាម​ការផ្សាយ​រប​ស់ AFP ភ្ញៀវ​បាន​រង់ចាំ​យ៉ាងហោច​ប្រមាណ​៤០​នាទី ទើប​អាច​បាន​ញ៉ាំ​មី ដោយសារ​មនុស្ស​រង់ចាំ​ច្រើនសន្ធឹក​សន្ធាប់​។ «Pyongyang naengmyeon» ជា​ប្រភេទ​មី​ត្រជាក់ ដែល​លាយ​ដោយ​បន្លែ និង​សាច់ ហើយ​មាន​រសជាតិ​ឆ្ងាញ់​។​



 នា​ជំនួប​រវាង​ជាមួយ​លោក គីម ជុង​អ៊ុន​កាលពី​ថ្ងៃ​សុក្រ លោក មូ​ន ចេ​អ៊ី​ន បាន​បរិភោគ​មី​ពិសេស​របស់​កូរ៉េខាងជើង​នេះ ដោយ​ទឹកមុខ​រីករាយ និង​ពេញចិត្ត​យ៉ាងខ្លាំង​។ ការពិភាក្សាគ្នា មិន​ត្រូវបាន​ផ្សព្វផ្សាយ​ឡើយ​នាពេលនោះ ប៉ុន្តែ​គេ​វាយតម្លៃថា មេដឹកនាំ​​និយាយបាន​នូវ​លទ្ធផល​ផ្លែផ្កា​ជាច្រើន​។

​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េខាងជើង បាន​បញ្ជាក់ថា លោក គីម ជុង​អ៊ុន ទ​ទូល​បាន​នូវ​ការណែនាំ​ឲ្យ​ប្រើប្រាស់​មី​ការទូត «Pyongyang naengmyeon» ពី​សំណាក់​មេ​ចុងភៅ​នៃ​ភោជនីយដ្ឋាន Okryu-gwan ដ៏​ល្បីឈ្មោះ​នៅ​ក្រុង​ព្យុងយ៉ាង​។​



​ពលរដ្ឋ​កូរ៉េ​ជាច្រើន ជាពិសេស​កូរ៉េខាងត្បូង បាន​បង្ហោះ​រូបថត​ផ្សេង​ទាក់ទង​នឹង​ម្ហូប​នេះ​នៅតាម​បណ្តាញ​សង្គម ដោយ​សរសេរ Hashtags ថា #summit និង #peacenaengmyeon ។ លោក Kim Tae-hun ដែល​បម្រើការ​នៅ​ហាង Nampo Myeonok ក្នុង​ក្រុង​សេ​អ៊ូ​ល បាន​លើកឡើងថា មី​ត្រជាក់​នេះ ជា​អាហារ​ផ្សារភ្ជាប់​នៃ​កូរ៉េ​ទាំងពីរ ក្រោយ​ការបែកបាក់​តាំងពី​ឆ្នាំ​១៩៥៣​មក​៕


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com