អន្តរជាតិ
ឥណ្ឌូណេស៊ី ប្តេជ្ញា​ជួយ​ដោះ​ស្រា​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​ពេល​ជួប​ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា​លើកដំបូង
29, Apr 2018 , 9:59 pm        
រូបភាព
ដោយ:
​​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) បាន​ថ្លែង​ទៅកាន់​សមភា​គីមី​យ៉ាន់​ម៉ា​លោក Win Myint ពី​ការប្តេជ្ញាចិត្ត​របស់លោក​ក្នុង​ការជួយ​មី​យ៉ាន់​ម៉ា​ដើម្បី​ដោះស្រាយ និង​បញ្ចប់​វិបត្តិ​ជនភៀសខ្លួន​នៅ​រដ្ឋ Rakhine​។ លោក​ក៏បាន​បញ្ជាក់​ពី​ហេតុផល នៃ​ការខិតខំ​របស់​ឥណ្ឌូណេស៊ី​លើ​បញ្ហា​នេះ​ផងដែរ ។

 


​តាមរយៈ​ជំនួប​ទ្វេភាគី​លើកដំបូង នា​ក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ប្រមុខរដ្ឋ​ឥណ្ឌូណេស៊ី លោក ចូ​កូ នៅ​ថ្ងៃ​២៧ មេសា បាន​សម្តែង​ការព្រួយបារម្ភ​ខ្លាំង​របស់លោក​លើ​វិបត្តិ​នៅក្នុង​រដ្ឋ​រ៉ា​ខាន​របស់​មី​យ៉ាន់​ម៉ា នៅ​ចំពោះមុខ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ថ្មី​លោក Win Myint តែម្តង ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី The Jakarta Post ។

​បើតាម​ប្រភពព័ត៌មាន​ដដែល​នោះ តាមរយៈ​ជំនួប​នោះ ប្រមុខរដ្ឋ​ឥណ្ឌូណេស៊ី ក៏បាន​លើកឡើង​ពី​ផល​លំបាក​របស់​ជនភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា ដែល​បាន​ចាក​ចេញពី​ប្រទេស ហើយ​បន្តដំណើរ​យ៉ាង​រសាត់អណ្តែត ។ ជាក់ស្តែង​នោះ លោក ក៏បាន​លើកយក​រឿង ដែល​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា​តាមរយៈ​ទូក ហើយ​ត្រូវ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​សង្គ្រោះ​ជីវិត​នៅពេលដែល​ពួកគេ​ចូលក្នុង​ទឹកដី​ឥណ្ឌូណេស៊ី​កាលពី​សប្តាហ៍​មុន ។

​តែ​យ៉ាងណា ទន្ទឹមនឹង​ការលើកឡើង​ពី​បញ្ហា ប្រមុខ​ឥណ្ឌូណេស៊ី​ដដែល​នោះ ក៏បាន​បញ្ជាក់​ពី​ការត្រៀមខ្លួន​រួចជាស្រេច​របស់​ឥណ្ឌូណេស៊ី ក្នុងការ​ផ្តល់ជំនួយ​ចាំបាច់​សម្រាប់​មី​យ៉ាន់​ម៉ា​ក្នុងការ​សង្គ្រោះ និង​ធានា​ក្នុងការ​ដំណើរការ​នៃ​នាំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់សិប​ម៉ឺន​នាក់​ពី​បង់​ក្លា​ដែ​ស​ទៅ​មី​យ៉ាន់​ម៉ា​វិញ​ផងដែរ ។

​បន្ថែម​ពីនេះ លោក​ប្រធានាធិបតី​ចូ​កូ ក៏​សង្កត់ធ្ងន់​ពី​គោលបំណង​នៃ​ការផ្សារភ្ជាប់​ឥណ្ឌូណេស៊ី​យ៉ាងសកម្ម​ទៅនឹង​បញ្ហា​ក្នុងស្រុក​មី​យ៉ាន់​ម៉ា​យ៉ាង​ដូច្នេះ​ថា​៖«​ឥណ្ឌូណេស៊ី មាន​ផលប្រយោជន៍​តែមួយគត់​លើ​បញ្ហា​នេះ ដែល​នោះ​គឺ ការ​ចង់ឃើញ​ស្ថិរភាព និង​សន្តិភាព​នៅក្នុង​រដ្ឋ Rakhine​ប៉ុណ្ណោះ​» ៕



Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com