អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​គីម ជុង​អ៊ុន​៖ បើ​អាមេរិក​ឈប់​រករឿង គ្មាន​ហេតុផល​កូរ៉េខាងជើង​ត្រូវ​រស់នៅ​ជាមួយ​នុយក្លេអ៊ែរ​ឡើយ​
29, Apr 2018 , 8:41 pm        
រូបភាព
​ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​សន្យា​កម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ដ៏​ធំ​មួយ​នៅក្នុង​ខែឧសភា​ខាងមុខ​។ ការកម្ទេច​នឹងធ្វើ​ឡើង​ដោយ​ចំហ និង​មាន​តម្លាភាព ដោយ​កូរ៉េខាងជើង​នឹងមិន​កម្ទេច​កន្លែង​ធ្វើតេស្ត​នុយក្លេអ៊ែរ​នេះ​តែម្នាក់ឯង​ឡើយ​។ លោក គីម ជុង​អ៊ុន បាន​ប្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថា កូរ៉េខាងជើង​នឹង​បោះបង់​នុយក្លេអ៊ែរ បើ​សុវត្ថិភាព​របស់​របប​ដឹកនាំ​ព្យុងយ៉ាង​ត្រូវបាន​អាមេរិក​ធានា​នោះ​។​

​កូរ៉េខាងជើង​នឹង​អញ្ជើញ​អ្នកជំនាញ​អាមេរិក កូរ៉េខាងត្បូង និង​អ្នកសារព័ត៌មាន​ឲ្យ​ធ្វើជា​សាក្សី​នៃ​ការកម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ Punggye-ri នៅ​ខែឧសភា​ខាងមុខ​។ នេះ​ជា​សម្ដី​របស់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២៧ ខែមេសា​។ លោក គីម សន្យាថា ការកម្ទេច​ទីតាំង​សាកល្បង​នេះ គឺធ្វើឡើង​ដោយ​តម្លាភាព​ដើម្បី​បង្ហាញ​ពិភពលោក​ឲ្យ​ឃើញ​ពី​ជំហរ​របស់​កូរ៉េខាងជើង​។ 
 
​ការសន្យា​ខាងលើនេះ​ត្រូវបាន​ប្រកាស​ដោយ​លោក Yoon Young-chan ជា​អ្នកនាំពាក្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៩ ខែមេសា​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Yoon បាន​ស្រង់​សម្ដី​លោក គីម ទៀតថា​៖ «​នៅពេល​ជួបចរចា​គ្នា អាមេរិក​ដែល​ប្រកាន់​ជំហរ​បង្ក​អរិភាព​ដាក់​កូរ៉េខាងជើង​រហូត នឹង​ដឹងថា ខ្ញុំ​មិនមែនជា​ប្រភេទ​មនុស្ស​ដែល​ប្រើ​នុយក្លេអ៊ែរ​ដាក់​កូរ៉េខាងត្បូង ឬក៏​អាមេរិក​ឡើយ​»​។ 
 
​ក្នុងជំនួប​ជាមួយ​លោក មូ​ន នៅ​តំបន់​គ្មាន​កងទ័ព​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ មេដឹកនាំ​កូរ៉េខាងជើង​ក៏បាន​អះអាង​ពី​ការមិន​ចាំបាច់​សម្រាប់​កូរ៉េខាងជើង​ត្រូវមាន​នុយក្លេអ៊ែរ​ដែរ​។ ពោលគឺ​បើ​កូរ៉េខាងជើង និង​អាមេរិក​ជួបគ្នា​ញឹកញាប់ បង្កើត​ការជឿទុកចិត្ត​ទៅវិញទៅមក បញ្ចប់សង្គ្រាម ហើយ​អាមេរិក​មិន​ឈ្លានពាន​កូរ៉េខាងជើង​នោះ កូរ៉េខាងជើង​ក៏​គ្មាន​មូលហេតុ​ត្រូវមាន​នុយក្លេអ៊ែរ ហើយ​ត្រូវ​រស់នៅ​លំបាក​ដូច​សព្វថ្ងៃ​ឡើយ​។​
 
​ជុំវិញ​ការកម្ទេច​ទីតាំង​សាកល្បង Punggye-ri វិញ អ្នកជំនាញ​ជាច្រើន​ជឿថា ការណ៍​ដែល​កូរ៉េ​ខាង​សម្រេចចិត្ត​កម្ទេច​ទីតាំង​នេះ ព្រោះ​ទីតាំង​នេះ​សាកល្បង​ក្រោម​នេះ​បាន​ដួលរលំ​ទៅហើយ និង​មិនអាច​សាកល្បង​បាន​ទៀត​ទេ​។ ប៉ុន្តែ​លោក គីម បញ្ជាក់ថា ទីតាំង Punggye-ri នៅមាន​រូង​ក្រោម​ដី​ពីរ​ទៀត​ដែល​នៅ​ល្អ​នៅឡើយ​។ 
 
​ការប្រកាស​របស់​មេដឹកនាំ​កូរ៉េខាងជើង គឺជា​សញ្ញា​វិជ្ជមាន​សំខាន់​ថែមទៀត​នៅមុន​ជំនួប​រវាង​លោក និង​ប្រ​ធា​ធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ លោក ត្រាំ ប្រកាសថា ជំនួប​លើកដំបូង​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង អាច​នឹង​រៀបចំ​នៅ​រយៈពេល​បី​ទៅ​បួន​សប្ដាហ៍​ទៀត ខណៈ​ទីតាំង​ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ធ្លាក់​នៅសល់​ត្រឹម​ពីរ​កន្លែង​ប៉ុណ្ណោះ​។ សម្រាប់​ការចរចា​នេះ លោក ត្រាំ ចង់​ឲ្យ​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ​ទាំងស្រុង​តែម្ដង​៕
 
 
 
 
​ 

Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  គីម ជុង​អ៊ុន​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com