អន្តរជាតិ
កូរ៉េខាងត្បូង​ចង់​ធ្វើ​ស្ពាន​សម្រាប់​ជំនួប​មេដឹកនាំ​កូរ៉េខាងជើង និង​ជប៉ុន​
30, Apr 2018 , 9:51 am        
រូបភាព
រូបភាព Korean Times
រូបភាព Korean Times
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បានស្នើ​ធ្វើជា​តួអង្គ​សម្របសម្រួល​រៀបចំ​ជំនួប​មេដឹកនាំ​កូរ៉េខាងជើង និង​ជប៉ុន​។ ក្នុងការ​សន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នៅ​ថ្ងៃទី​២៩ ខែមេសា លោក មូ​ន បាន​ប្រា​ប់លោក អា​បេ ពី​ឆន្ទៈ​របស់​កូរ៉េខាងជើង​ដែល​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ជប៉ុន​។ កាលពី​ជំនួប​មេដឹកនាំ​កូរ៉េ លោក មូ​ន ក៏បាន​ប្រា​ប់លោក គីម ជុង​អ៊ុន ពី​ជំហរ​របស់​ក្រុង​តូ​ក្យូ​ដែល​ចង់​ស្ដារ​ចំណង​ការទូត​ជាមួយ​ក្រុង​ព្យុងយ៉ាង​ដែរ​។​



​បន្ទាប់​បញ្ចប់​ជំនួប​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២៧ ខែមេសា ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន កំពុង​មមាញឹក​ខ្លាំង​ក្នុងការ​ពន្យល់​ពី​លទ្ធផល​នៃ​ជំនួប​នេះ​ទៅកាន់​ប្រទេស​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ឧបទ្វីប​កូរ៉េ​នេះ​។ នៅ​ថ្ងៃទី​២៩ ខែមេសា ក្រៅពី​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន លោក មូ​ន បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ដែរ​។

​ជប៉ុន​ដែលមាន​ជំហរ​តឹងរ៉ឹង​ដាក់​កូរ៉េខាងជើង ត្រូវបាន​គេ​មើលឃើញថា ស្ថិតនៅ​ដាច់ដោយឡែក​ក្នុង​សកម្មភាព​ការទូត​ដែល​ពុះកញ្ជ្រោល​នៅ​ឧបទ្វីប​កូរ៉េ​។ លោក អា​បេ ដែល​ចង់​ជួប​លោក គីម ជុង​អ៊ុន ដើម្បី​ដោះស្រាយ​បញ្ហា​ជប៉ុន​ដែរនោះ បាន​ប្រាប់​កូរ៉េខាងត្បូង​ឲ្យ​ជួយ​នាំសារ​របស់ខ្លួន​ទៅ​ឲ្យ​កូរ៉េខាងជើង​ផង​។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២៩ ខែមេសា លោក Kim Eui-kyeom អ្នកនាំពាក្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​និយាយថា លោក មូ​ន បាន​នាំសារ​លោក អា​បេ ទៅ​ឲ្យ​លោក គីម ហើយ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​បាន​ប្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង​វិញ​ថា ខ្លួន​ត្រៀម​រួចស្រេច និង​មាន​ឆន្ទៈ​ដើម្បី​ជជែក​ជាមួយ​ជប៉ុន​គ្រប់ពេល​។ សម្រាប់​ការជជែក​តាម​ទូរ​សព្ទ​វិញ លោក អា​បេ និយាយថា ក្រុង​តូ​ក្យូ​នឹង​បង្កើត​ឱកាស​ដើម្បី​ការសន្ទនា​ជាមួយ​ក្រុង​ព្យុងយ៉ាង ហើយ​បើ​ចាំបាច់ កូរ៉េខាងត្បូង​អាច​ចេញមុខ​ជួយ​បាន​។ នេះ​បើតាម​ការប្រកាស​របស់​អ្នកនាំពាក្យ​ខាងលើ ដែល​បន្តថា លោក មូ​ន រីករាយ​ក្នុងការ​សាង​ស្ពាន​រវាង​ជប៉ុន និង​កូរ៉េខាងជើង​។​

​ក្រោយ​ជំនួប​មេដឹកនាំ​កូរ៉េ​ទាំងពីរ ជប៉ុន​ក៏​ប្រកាស​ស្វាគមន៍​ដែរ ប៉ុន្តែ​ចង់​ឲ្យ​មាន​សកម្មភាព​ជាក់ស្ដែង​ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​រំសាយ​នុយក្លេអ៊ែរ​។ កាលពីមុន​ជំនួប ក្រុង​តូ​ក្យូ​ក៏​ស្នើ​ឲ្យ​ក្រុង​សេ​អ៊ូ​ល​លើកយក​បញ្ហា​ជនជាតិ​ជប៉ុន​ដែល​ត្រូវ​របប​ក្រុង​ព្យុងយ៉ាង​ចាប់ជំរិត​។ ប៉ុន្តែ​អ្នកនាំពាក្យ​លោក មូ​ន មិនបាន​បញ្ជាក់ថា ជំនួប​មេដឹកនាំ​កូរ៉េ​បាន​ជជែក​ពី​បញ្ហា​នេះ​ឬ​អត់​ឡើយ​។​

​ក្រៅពី​រឿង​ប្រវត្តិសាស្ត្រ បញ្ហា​ចាប់ជំរិត​នេះ​ជា​ប្រធានបទ​ក្ដៅ​នៅ​ជប៉ុន និង​ជា​បញ្ហា​រាំងស្ទះ​នៃ​ទំនាក់ទំនង​កូរ៉េខាងជើង និង​ជប៉ុន​។ ជប៉ុន​បានទាមទារ​ឲ្យ​កូរ៉េខាងជើង​ផ្ដល់ព័ត៌មាន​ពី​ជនជាតិ​របស់ខ្លួន ដែល​ត្រូវគេ​ជឿថា ត្រូវបាន​ចាប់ជំរិត​ដើម្បី​បង្រៀន​ភាសា​ជប៉ុន​ឲ្យ​ភ្នាក់ងារ​ចារកម្ម​កូរ៉េខាងជើង​។ គេ​មិនដឹង​ពី​ចំនួន​ជនជាតិ​ជប៉ុន​ដែល​ត្រូវបាន​កូរ៉េខាងជើង​ចាប់ខ្លួន​ឡើយ ដោយ​ប្រទេស​ទាំងពីរ​ផ្ដល់ព័ត៌មាន​ខុសៗ​គ្នា​៕


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  ជប៉ុន​
  មូ​ន ចេ​អ៊ី​ន​
  ស៊ិន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com